អាហ្វ្រិក​ខាងត្បូង​បាញ់​គ្រាប់កាំភ្លើង​ជ័រ​ដាក់​អ្នកទិញ​ទំនិញ​បញ្ជៀ​ត​គ្នា​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងកូវី​ត​១៩

185
ចែករម្លែក

​ប៉ូលិស​អាហ្វ្រិក​ខាងត្បូង​បាន​ប្រើ​គ្រាប់កាំភ្លើងជ័​រលើ​អ្នកទិញ​ទំនិញ​រាប់​រយ​នាក់​ដែល​តំរៀបជួរ​បញ្ជៀ​ត​គ្នា​នៅក្រៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​ចូ​ហានេ​ស្បឺក នៅពេល​អាជ្ញាធរ​ខិតខំ​រក្សា​ប្រជាជន​អោយ​នៅ​ផ្ទះ​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា​។​

​ដោយ​មនុស្ស​១.១៨៧​នាក់​ត្រូវ​បាន​បញ្ជាក់ថា​ឆ្លង​ជម្ងឺ​កូវី​ត​១៩​នេះ និង​ម្នាក់​បាន​ស្លាប់ អាហ្វ្រិក​ខាងត្បូង​មាន​អ្នក​ឆ្លង​ជម្ងឺ​នេះ​ច្រើនជាងគេ​នៅ​ទ្វីបអាហ្វ្រិក​។​

​ប្រធានាធិបតី ស៊ី​រី​ល រ៉ា​ម៉ា​ផូសា បាន​ចេញ​បញ្ជា​អោយ​បិទ​ប្រទេស​២១​ថ្ងៃ​ដោយ​បាន​ដាក់ពង្រាយ​កម្លាំង​ប៉ូលិស​និង​ទាហាន​ដើម្បី​ចាប់បង្ខំ​អនុវត្ត​ការ​រឹតត្បិត​។​​តែ​នៅ​ថ្ងៃទី​២​នៃ​ការអនុវត្ត​បទបញ្ជា រដ្ឋាភិបាល​ជួប​ការលំបាក​ក្នុងការ​ធ្វើ​អោយ​ប្រជាជន​គោរព​ការ​រឹតត្បិត​ការធ្វើដំណើរ ដោយ​មនុស្ស​ជាច្រើន​នៅ​សង្កាត់​កម្ម​​ករ​និយោជិត ប្រថុយ​ចេញមកក្រៅ​ដើម្បី​ទិញ​ស្បៀង ដោយ​ឈរ​ជិតៗ​គ្នា​ជា​ជួរ​នៅ​ក្រៅ​ផ្សារ​។​

​មនុស្ស​ប្រមាណ​២០០​ទៅ​៣០០​នាក់​តំរង់​ជួរ​ចាំ​ទិញ​ទំនិញ​នៅ​ហាង​លក់​គ្រឿងទេស​មួយ​នៅ​សង្កាត់​យែ​វលី​ឡេ កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ក្រុង​ចូ​ហានេ​ស្បឺក​។​ដើម្បី​បាន​ដល់​​វេន​ចូល​ទិញ អ្នកខ្លះ​មិន​បាន​គោរព​បទបញ្ជា​អោយ​នៅ​ឆ្ងាយ​ពីគ្នា​ទេ​។​

​ប៉ូលិស​បាន​មកដល់​១០​ឡាន និង​បាញ់​គ្រាប់​ជ័រ​សំដៅ​ពួកគេ បណ្តាល​អោយ​អ្នក​ទិញ​ដួល​លើ​គ្នា​និង​ស្ត្រី​ម្នាក់​ដែល​ស្ពាយ​កូនតូច​ម្នាក់​បាន​ដួល​ទៅ​នឹង​ដី​។​

​សូមបញ្ជាក់​ថា ការឆ្លង​នៅ​ទ្វីបអាហ្វ្រិក​បាន​កើន​ដល់​៤.០០០​នាក់​កាលពី​ថ្ងៃ​សៅរ៍ និង​យ៉ាងតិច​១១៧​នាក់​បាន​ស្លាប់ នៅពេល​រដ្ឋាភិបាល​នានា​ខិតខំ​ទប់ស្កាត់​​ការឆ្លង​រាលដាល​។​

​ហ្ស៊ី​មបាប​វ៉េ នឹង​ចាប់ផ្តើម​បិទ​ប្រទេស​បី​សប្តាហ៍​នៅ​ថ្ងៃ​ចន្ទ​ទី​៣០​មីនា ហើយ​ក្នុង​ថ្ងៃ​ដដែល​ឡេ​សូ​ថូ ក៏​នឹង​បិទ​ប្រទេស​២៥​ថ្ងៃ​ផងដែរ​។​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​ទ្វីប​​អាហ្វ្រិក ហ្កា​ណា​បាន​ប្រកាស​បិទ​តំប​ន់​ធំ​ពីរ​របស់​ប្រទេស​រយៈពេល​២​សប្តាហ៍​៕​ប្រែ​សម្រួល​៖​វាសនា​

មនុស្ស​ប្រមាណ​២០០​ទៅ​៣០០​នាក់​តំរង់​ជួរ​ចាំ​ទិញ​ទំនិញ​នៅ​ហាង​លក់​គ្រឿងទេស​មួយ​នៅ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ក្រុង​ចូ​ហានេ​ស្បឺក​។​ប៉ូលិស​ប្រើ​កម្លាំង​ដើម្បី​បង្ខំ​អោយ​ប្រជាជន​គោរព​បញ្ជា​នៅ​ឃ្លាត​ពីគ្នា​