អឺដូហ្គាននិយាយថាទាហានតួកគីចាប់ផ្តើមបញ្ជូនទៅលីប៊ី

189
ចែករម្លែក

ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន កាលពីថ្ងៃអាទិត្យទី៥មករាបាននិយាយថា ទាហានតួកគីបានចាប់ផ្តើមបញ្ជូនទៅកាន់ប្រទេសលីប៊ី បន្ទាប់ពីសភាបានអនុម័តនូវចំណាត់ការបញ្ជូនទ័ពកាលពីសប្តាហ៍មុន។

លោកបានប្រាប់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN Turk ថា “កាតព្វកិច្ចទាហានរបស់យើងនៅទីនោះ គឺ សម្របសម្រួល។ ពួកគេនឹងអភិវឌ្ឍមជ្ឈមណ្ឌលប្រតិបត្តិការនៅទីនោះ។ ទាហានរបស់យើងនឹងចាប់ផ្តើមចេញដំណើរបន្តិចម្តងៗ”។

សភាតួកគីបានអនុម័តច្បាប់មួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាលបញ្ជូនកងទ័ពទៅកាន់ប្រទេសលីប៊ីក្នុងគោលបំណងដើម្បីគាំទ្រដល់រដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅទីក្រុងទ្រីប៉ូលី។

រដ្ឋាភិបាលក្រុងទ្រីប៉ូលីបានរងការវាយប្រហារជាប់លាប់ ចាប់តាំងពីបុរសខ្លាំងយោធា ខាលីហ្វា ហាហ្វថា បានបើកការវាយលុកកាលពីខែមេសា។

លោកហាហ្វថាត្រូវបានគាំទ្រដោយគូប្រជែងក្នុងតំបន់របស់តួកគីគឺអារ៉ាប់រួមអេមីរ៉ាតនិងអេហ្ស៊ីប ខណៈរដ្ឋាភិបាល ដែលគាំទ្រដោយអង្គការសហប្រជាជាតិ មានការគាំទ្រពីទីក្រុងអង់ការ៉ានិងសម្ព័ន្ធមិត្តរបស់ខ្លួនគឺកាតា។

លោកអឺដូហ្គានបាននិយាយថា គោលបំណងរបស់តួកគីគឺ “មិនមែនដើម្បីប្រយុទ្ធ” ទេប៉ុន្តែ “ដើម្បីគាំទ្ររដ្ឋាភិបាលស្របច្បាប់និងបញ្ចៀសសោកនាដកម្មមនុស្សធម៌”។

លោកបានបន្ថែមថា តួកគីនឹងមិនដាក់ពង្រាយកងកម្លាំងប្រយុទ្ធរបស់ខ្លួនឡើយ។ លោកបាននិយាយដោយមិនផ្តល់ព័ត៌មានលម្អិតអំពីថាតើអ្នកប្រយុទ្ធនឹងជានរណានិងមកពីណា យ៉ាងដូច្នេះថា “ឥឡូវនេះ យើងនឹងមានអង្គភាពផ្សេងបម្រើការជាកងកម្លាំងប្រយុទ្ធ”។

លោកអឺដូហ្គានបានបកស្រាយថា មន្ត្រីយោធាជាន់ខ្ពស់តួកគីនឹងសម្របសម្រួលដល់ “កងកម្លាំងប្រយុទ្ធ” ដោយចែករំលែកបទពិសោធនិងព័ត៌មានដើម្បីគាំទ្រដល់រដ្ឋាភិបាលក្រុងទ្រីប៉ូលី។

ចំណាត់ការរបស់តួកគីកើតឡើងបន្ទាប់ពីរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ (GNA) ដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី បានធ្វើសំណើជាផ្លូវការសម្រាប់ការគាំទ្រផ្នែកយោធា។

លីប៊ីនិងតួកគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខនិងសមុទ្រកាលពីខែវិច្ឆិកាឆ្នាំមុន ដែលបណ្តាលឱ្យខឹងសម្បារដល់ប្រទេសនៅសមុទ្រមេឌីទែរ៉ាណេរួមមានក្រិកនិងស៊ីព ដែលស្វែងរកការកេងចំណេញលើធនធានថាមពលនៅក្នុងតំបន់ដែរ៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន ប្រកាសបញ្ជូនទ័ពទៅលីប៊ីកាលពីថ្ងៃអាទិត្យ