អឺ​ដូ​ហ្គា​ន​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជូន​ពូ​ទីន​និង​រូ​ហា​នី​សម្រាប់​កិច្ចប្រជុំ​កំពូល​ស្តីពី​ស៊ី​រី​

329
ចែករម្លែក

ប្រធានាធិបតី​តួ​ក​គី​លោ​ករី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន នឹង​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជូន​សម​ភាគី​រុស្ស៊ី​និង​អ៊ីរ៉ង់​របស់លោក​នៅ​ថ្ងៃ​ចន្ទ​ទី​១៦​កញ្ញា​នេះ​សម្រាប់​កិច្ចប្រជុំ​កំពូល​ចុងក្រោយ​បំផុត​របស់​ពួកគេ​ស្តីពី​ប្រទេស​ស៊ី​រី ជាមួយ​ការផ្តោត​សំខាន់​លើ​ការ​សម្រុក​ទៅមុខ​របស់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ឆ្ពោះទៅ​តំបន់​រឹងមាំ​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ចុងក្រោយ​នៅ​ខេត្ត​អ៊ី​ដ​លី​ប​។​

​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទីន​និង​លោកហាស​សាន់ រូ​ហា​នី នឹងចូលរួម​ជាមួយ​លោក​អឺ​ដូ​ហ្គា​ន​នៅ​រដ្ឋធានី​អង់កា​រ៉ា​របស់​តួ​ក​គី​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី ៥ របស់​ពួកគេ​ស្តីពី​ជម្លោះ​ស៊ី​រី ចាប់តាំងពី​ឆ្នាំ ២០១៧​។​

​អ៊ីរ៉ង់​និង​រុស្ស៊ី​ជា​អ្នកគាំទ្រ​ដ៏​ប្តូរផ្តាច់​របស់​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ រីឯ​តួ​ក​គី​បាន​អំពាវនាវ​ឱ្យ​បណ្តេញ​លោក​អាសាដ​និង​គាំទ្រ​អ្នក​ប្រយុទ្ធ​របស់​ក្រុមប្រឆាំង​។​

​ប៉ុន្តែ​ជាមួយ​ស្ថានភាព​របស់លោក​អាសាដ​មើលទៅ​កាន់​តែមាន​សុវត្ថិភាព​ខ្លាំង​ឡើង​នោះ អាទិភាព​របស់​តួ​ក​គី​ឥឡូវ​គឺ​បង្វែរ​មក​ទប់ស្កាត់​ការហូរចូល​ជនភៀសខ្លួន​ពី​ខេត្ត​អ៊ី​ដ​លី​ប នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​។​

​តួ​ក​គី​មានការ​ព្រួយបារម្ភ​អំពី​ការ​រុលទៅមុខ​ឥតឈប់ឈរ​របស់​កង​កម្លាំង​ស៊ី​រី​ចូលទៅក្នុង​តំបន់​ដែល​គាំទ្រ​ដោយ​កម្លាំង​ទ័ពអាកាស​រុស្ស៊ី ទោះបី​ជាមាន​បទ​ឈប់​បាញ់​ជា​បន្តបន្ទាប់​ក៏ដោយ​។​

​តួ​ក​គី​មាន​ប៉ុស្តិ៍​ឃ្លាំមើល​ចំនួន ១២ នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​តំបន់ទ្រនាប់​សុវត្ថិភាព ដែល​បាន​ធ្វើឡើង​កាល​ពីមួយ​ឆ្នាំមុន​ជាមួយ​រុស្ស៊ី​ដើម្បី​ទប់ស្កាត់​ការវាយលុក​ពេញទំហឹង​ពី​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​។​

​ប៉ុន្តែ​ប៉ុស្តិ៍​ឃ្លាំមើល​ទាំងនោះ​មើលទៅ​កាន់តែ​រង​ការគំរាមកំហែង​ខ្លាំង​ឡើង ខណៈ​ប៉ុស្តិ៍​មួយ​ក្នុងចំណោម​នោះ​ត្រូវបាន​កាត់ផ្តាច់​ពី​ខេត្ត​អ៊ី​ដ​លី​ប នៅពេលដែល​កងកម្លាំង​ស៊ី​រី​រុលចូល​មកដល់​កាលពី​ខែ​មុន​។​

​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​បាន​បន្ត​កើតមាន​នៅក្នុង​តំបន់ ទោះបី​មាន​បទ​ឈប់​បាញ់​គ្នា​ចុងក្រោយ​រវាង​ទីក្រុង​អង់កា​រ៉ា​និង​មូ​ស្គូ​កាលពី​ថ្ងៃទី ៣១ ខែសីហា​ក៏ដោយ​។​

​ទីប្រឹក្សា​របស់​វិមាន​ក្រឹម​ឡាំង​លោក​យូ​រី យូ​សា​កូវ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា “​ភេរវ​ករ​មួយចំនួនធំ​នៅតែមាន​វត្តមាន​ក្នុង​តំបន់​នេះ​…​ហើយ​ពួក​អ្នក​ប្រយុទ្ធ​នៅតែ​បន្ត​បាញ់ស្រោច​ទៅលើ​ទីតាំង​របស់​កងកម្លាំង​រដ្ឋាភិបាល​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​តួ​ក​គី​លោ​ករី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន នឹង​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជូន​លោកពូ​ទីន​និង​លោក​រូ​ហា​នី​នៅ​ថ្ងៃ​ចន្ទ​នេះ​សម្រាប់​កិច្ចប្រជុំ​កំពូល​ចុងក្រោយ​បំផុត​របស់​ពួកគេ​ស្តីពី​ប្រទេស​ស៊ី​រី