អេ​ស្ប៉ាញ​ក្លាយជា​ប្រទេស​ទី​៤​ក្នុង​លោក​ដែល​មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩​លើ​១.០០០​នាក់​

163
ចែករម្លែក

​ប្រធាន​គ្រោះអាសន្ន​សុខភាព​អេ​ស្ប៉ា​ញ លោក ហ្វែរ​ណង់​ដូ ស៊ី​ម៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​មីនា​ថា​មនុស្ស​៣៣៥​នាក់​ទៀត​បាន​ស្លាប់​ដោយ​វីរុស​កូរ៉ូ​ណាក្នុង​​រយៈពេល​តែ​២៤​ម៉ោង​កន្លងមក​។​មា​ន័យ​ថា កាលពី​ថ្ងៃ​សុក្រ​ការស្លាប់​បាន​កើន​ឡើង​ខ្លាំង ពី​ចំនួន​៧៦៧​នាក់​មក​ដល់​១.០០២​នាក់​។​

​អេ​ស្ប៉ាញ​ឥឡូវ​ក្លាយជា​ប្រទេស​ទី​៤​លើ​លោក​ដែល​មាន​អ្នកស្លាប់​ដោយ​វីរុស​កូវី​ដ​១៩​លើ​១​ពាន់​នាក់ បន្ទាប់​ពី​អ៊ីតាលី ចិន និង​អ៊ីរ៉ង់​។​

​ចំនួន​អ្នក​ឆ្លង​ក៏​កើន​ឡើង​ជាង​៣.០០០​នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​២០​មីនា រហូតដល់​ជិត​២០.០០០​នាក់​។​ចំនួន​អ្នក​ឆ្លង​បាន​កើន​ពី​១៧.១៤៧​នាក់​កាលពី​ថ្ងៃ​១៩​មីនា​មក​ដល់​១៩.៩៨០​នាក់​កាលពី​ថ្ងៃ​សុក្រ​។​

​រដ្ឋ​មន្ត្រី​សុខាភិបា​លអេ​ស្ប៉ាញ​បាន​និយាយថា​«​ពេល​លេវា​លំបាក​បំផុត​នៅ​មិន​ទាន់​ចូល​មក​ដល់​នៅឡើយ​ទេ​ពេលដែល​យើង​នឹង​ឃើញ​ការឆ្លង​កាន់តែ​កើនឡើង​»​។​

​ទាហាន​រាប់ពាន់នាក់​ត្រូវបាន​បញ្ជូន​ចេញ​ទៅ​កាន់​ទីក្រុង​នានា​ដើម្បី​ជួយ​ការងារ​ទប់ស្កាត់​និង​គ្រប់គ្រង​វីរុស​។​ទាហាន​ទាំង​កងៗ​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​កាតា​​ឡូ​ញ៉ា​ដើម្បី​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​អាកាសយានដ្ឋាន​និង​កំពង់ផែ​ក្រុង​បា​សេ​ឡូ​ណា​។​

​អេ​ស្ប៉ាញ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​នាយករដ្ឋមន្ត្រី ប៉េ​ដ្រូ សាន់​ឆេស បាន​បញ្ជា​អោយ​បិទ​សណ្ឋាគារ រង្គសាល ហាង​ទំនិញ​និង​ភោជ្ជ​នី​យដ្ឋា​ន​ទាំងអស់​ព្រមទាំង​បាន​សន្យា​ដាក់ចេញ​វិធានការ​ពិ​​សេស​។​ប្រជាជន​ក៏​ត្រូវ​បញ្ជា​អោយ​នៅ​ក្នុងផ្ទះ បើសិនជា​ពួកគេ​មិន​ត្រូវ​ចេញ​ក្រៅ​ដើម្បី​ទិញ​ស្បៀង​ឬ​ថ្នាំពេទ្យ ឬ​ទៅ​ធ្វើការ​ឬ​ទៅ​ពេទ្យ​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​