អំពាវនាវ​ឲ្យ​សាសនិក​សាសនា​រក្សា​វប្បធម៌​សាមគ្គីភាព​និង​រួមគ្នា​ជាម​ហា​គ្រួសារ​ខ្មែរ​តែមួយ​

1061
ចែករម្លែក

ដោយ​ : គង់​ហេង​/​កំពង់ចាម ​: អាជ្ញាធរខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​សាសនិក​សាសនា​ចំនួន​បួន ឲ្យ​បន្ត​ថែរក្សា​បាន​នូវ​វប្បធម៌​សាមគ្គីភាព​រវាង​គ្នា និង​គ្នា​បើទោះជា​ជំនឿ​សាសនា​ខុសគ្នា​ក៏ដោយ​។ ពិសេស​បំផុត​សូម​ឲ្យ​ប្រកាន់យក​នូវ​វប្បធម៌ រួមគ្នា​ជាម​ហា​គ្រួសារ​តែមួយ​។​

នៅក្នុង​ជំនួប​កិច្ចពិភាក្សា​អន្តរ​ជំនឿ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាមួយ​តំណាង​សាសនិក​សាសនា​ចំនួន ១៥០ អង្គ និង​នាក់ នៅក្នុង​សណ្ឋាគារ​ភ្នំ​ប្រុស លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី ១២ កញ្ញា​នេះ​ថា សូម​ឲ្យ​កិច្ចពិភាក្សា​ដែល​រៀបចំ និង​ធ្វើ​បទ​បង្ហាញ ដោយ​អង្គការ​ក្រុមការងារ​ដោះស្រាយ​ទំនាស់ លើ​ប្រធានបទ​ដ៏​មាន​សារសំខាន់​ខាងលើនេះ​ប្រព្រឹត្តទៅ​រយ​:​ពេល​មួយ​ថ្ងៃនេះ សួរ​ដេញ​ដោយ​គ្នា ប្រកបដោយ ផ្លែផ្កា​។

លោក គួច ចំរើន បាន​ថ្លែងថា វត្តមាន​សាសនិក​គ្រប់​អង្គ និង​នាក់​នា​ឳ​កាស​នេះ គឺ​បានបង្ហាញ និង​បញ្ជាក់បន្ថែម​ពី​ការចូលរួម​អភិវឌ្ឍន៍​សហគមន៍ នៃ​សាសនា​។ ដោយ​មិន​ថា យើង​និយម និង​រាប់អាន​សាសនា​ណាមួយ​ឡើយ​។ ដូច្នេះ​សូម​ឲ្យ​តំណាង នៃ​សាសនិក​សាសនា​គ្រប់​អង្គ និង​នាក់​ក្នុង​កិច្ចពិភាក្សា​នេះ គឺ​សូម​បន្ត​ថែរក្សា​ឲ្យ​បាន​នូវ​វប្បធម៌​សាមគ្គីភាព​រវាង​គ្នា និង​គ្នា បើទោះជា​យើង​មាន​ជំនឿ​សាសនា​ខុសៗ គ្នា​ក៏ដោយ​។​

លោក​អភិបាលខេត្ត​បាន​ថ្លែង​អះអាង​បន្ថែមថា ពិសេស​បំផុត​នោះ គឺ​សូម​ឲ្យ​ប្រកាន់យក និង​ថែរក្សា​នូវ​ពាក្យ​ថា ​« រួមគ្នា​ជាម​ហា​គ្រួសារ​ខ្មែរ​តែមួយ » ទុក​ក្នុង​ប្រអប់​បេះដូង​យើង​គ្រប់ៗ​គ្នា​។ ដោយសារ​ពាក្យ​មួយ​ឃ្លា​នេះ​នឹង​ជួយ​ឲ្យ​យើង​អាច​ធ្វើការ​ជុំគ្នា និយាយ​គ្នា យោគយល់​គ្នា និង​គោរព​គ្នា​ទៅវិញទៅមក ដោយ​គ្រួសារ​របស់​យើង​ជាក់​ជាមិនខាន​ឡើយ​។​

លោក​បាន​បន្តថា នៅ​ពិភពលោក​នេះ​មិន​ថា ប្រទេស​ណា ឬ​ជនជាតិ​ណា និង​សាសនា​ណា​នោះទេ តែងតែ​ប្រាថ្នា​ចង់បាន​នូវ​ការរស់នៅ​ប្រកបដោយ សុខសន្តិភាព សេរីភាព ការអភិវឌ្ឍ និង​នីតិរដ្ឋ​ជា​បំណង​ដ៏​សំខាន់​។ ដោយ​ស្អប់ខ្ពើម​នូវ​ជម្លោះ​បែប​សាសនា និង​នយោបាយ ដ៏​ចម្រូងចម្រាស បណ្តាលមកពី​មហិច្ឆតា​អ្នកដឹកនាំ​ទាំងនោះ​ស្រេកឃ្លាន​អំណាច​។​

លោក ស្រី សុភ័ក្ត្រ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា នៅលើ​ពិភពលោក​យើង​នេះ នៅ​ផ្នែក​មួយចំនួន​កំពុងមាន​សន្តិភាព​។ ប៉ុន្តែ​ក៏​នៅមាន​ផ្នែក​មួយចំនួន​ផ្សេងទៀត កំពុងមាន​បញ្ហា​ប្រឈម​ជាច្រើន បាន​កើតឡើង​ដោយសារ​ជំនឿ​ខុសៗ គ្នា​នេះ​។ ដោយបាន​បង្ក​ជាស​ង្ក្រា​ម​ក៏​ដែរ គឺ​ព្រោះតែ​គ្មាន​ការ​គ្របគ្រង ពុំមាន​ការគោរព​គ្នា និង​ពុំមាន​ការយោគយល់​គ្នា​ជាដើម​។

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ប៉ែ​ន្តែ​ប្រទេស​កម្ពុជា​យើង​និយាយ​ជារួម និង​និយាយ​ដោយឡែក​សម្រាប់​ខេត្តកំពង់ចាម​យើង បើទោះជា​ប្រជាជនមាន​ជំនឿ​ខុសៗ​គ្នា លើ​សាសនា​ចំនួន បួន មាន​: ព្រះពុទ្ធសាសនា ឥស្លាម​សាសនា គ្រី​ស្ទ​សាសនា និង​ព្រះពុទ្ធសាសនា​មហាយាន ដែលមាន​តំណាង​វត្តមាន​នា​ឳ​កាស​នេះ គឺ​យើង​ពុំមាន​ជម្លោះ​បង្កដោយ​ជំនឿ​ផ្សេងៗ​នោះឡើយ​៕​B