អ៊ីតាលីមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងចិន

180
ចែករម្លែក

កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ មីនា អ៊ីតាលីបានវ៉ាដាច់ចិនខាងចំនួនសរុបនៃអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និង កំពុងត្រៀមបន្លាយពេលបិទប្រទេសយូរថែមទៀត ដែលនឹងអាចឃើញសេដ្ឋកិច្ចអ៊ីតាលីរងគ្រោះធ្ងន់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

ចំនួនអ្នកស្លាប់នៅប្រទេសតំបន់សមុទ្រមែឌីទែរ៉ាណេមួយនេះបានកើនឡើងដល់ ៣.៤០៥ នាក់ ក្រោយអ៊ីតាលីកត់ត្រាចំនួនអ្នកស្លាប់ថ្មី ៤២៧ នាក់កាលពីថ្ងៃពុធ។

ចិនបានរាយការណ៍ចំនួនអ្នកស្លាប់ផ្លូវការ ៣.២៤៥ នាក់ចាប់តាំងពីបានកត់ត្រាករណីទីមួយកាលពីចុងឆ្នាំមុន។

កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារការពារជនស៊ីវិលអ៊ីតាលីបាននិយាយនៅសន្និសីទសារព័ត៌មានមួយថា ចំនួនករណីឆ្លងសរុបនៅអ៊ីតាលីបានកើនឡើង ៤១.០៣៥ នាក់ ដែលរួមបញ្ចូលទាំងករណីថ្មី ៥.៣២២ នាក់។

ចំនួនករណីថ្មីនៃជំងឺកូវីដ១៩នៅមិនទាន់ស្រកចុះទេ ត្បិតរដ្ឋាភិបាលអ៊ីតាលីខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ។

រថយន្តយោធាបានដឹកមឈូសថ្មីៗជាច្រើនកាលពីថ្ងៃព្រហស្បតិ៍ទៅកន្លែងបូជានៅទីក្រុងបឺហ្គាម៉ូនៅអ៊ីតាលីភាគខាងជើង ដែលភ្លាមៗបានក្លាយជាចំណុចស្នូលនៃគ្រោះមហន្តរាយសុខភាពលើពិភពលោក។

ការបូជាធ្វើឡើងរាល់ ៣០ នាទីម្តង ដើម្បីបញ្ចៀសកុំឱ្យជំងឺឆ្លងទៅមហាជន។

ទីភ្នាក់ងារសារព័ត៌មាន ANSA របស់អ៊ីតាលីនិយាយថា វេជ្ជបណ្ឌិតពីរនាក់ទៀតបានស្លាប់នៅទីក្រុងកូម៉ូនៅភាគខាងលិចទីក្រុងបឺហ្គាម៉ូកាលពីថ្ងៃព្រហស្បតិ៍ ដោយនាំឱ្យចំនួនវេជ្ជបណ្ឌិតស្លាប់ដោយសារជំងឺកូរ៉ូណាកើនឡើងដល់ ១៣នាក់។

លោកនាយករដ្ឋមន្ត្រី ជ្យូសសេបប៉េ កុងតេ បានប្រាប់ប្រជាជនអ៊ីតាលីថា “ប្រើសតិសម្បជញ្ញៈរបស់អ្នក និង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ យើងមិនបានមើលស្រាលលើអ្វីទាំងអស់ និង តែងធ្វើចំណាត់ការផ្អែកលើករណីសេណារីយ៉ូដ៏អាក្រក់បំផុត”៕ ដោយ៖ កញ្ញាដាលីស