អ្នកកាសែត​អា​ហ្វ​ហ្គា​នី​ស្ថាន​ពីរ​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​លើ​ស្ថានីយ​វិទ្យុ​

525
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៦​កុម្ភៈ​ថា អ្នកកាសែត​ពីរ​នាក់​ត្រូវបាន​បាញ់សម្លាប់​នៅពេល​ពួក​ខ្មាន់កាំភ្លើង​វាយលុក​ស្ថានីយ​វិទ្យុ​របស់​ពួកគេ​នៅ​ភាគ​ឦសាន​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​គូសបញ្ជាក់​ពី​គ្រោះថ្នាក់​ដែល​អ្នកកាសែត​កំពុង​ប្រឈម​នៅក្នុង​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​។​

​បុរស​ទាំងពីរ​នាក់ ដែលមាន​អាយុ​ខ្ទង់ ២០ ឆ្នាំ​ត្រូវបាន​បាញ់សម្លាប់​នៅ​ខាងក្នុង​ស្ទូ​ឌី​យ៉ូ​វិទ្យុ Hamsada ដែលជា​វិទ្យុ​ផ្សាយ​ឯកជន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តា​លូ​កាន នៃ​ខេត្ត​តា​ខា​។​

​អ្នកនាំពាក្យ​ខេត្ត​លោក​ចា​វ៉ាដ ចេ​តរី បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា គ្មាន​នរណាម្នាក់​ទទួល​ខុសត្រូវ​ចំពោះ​ការវាយប្រហារ​នោះទេ ហើយ​ការស៊ើបអង្កេត​កំពុង​ប្រព្រឹត្តទៅ​។​

​លោក​បាន​និយាយថា “​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​ពីរ​នាក់​បាន​ចូល​ស្ថានីយ​វិទ្យុ​នៅ​ម៉ោង​ប្រហែល ៦ ល្ងាច​កាលពី​ថ្ងៃ​អង្គា​រហើយ​ពួកគេ​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​អ្នកយកព័ត៌មាន​ពីរ​នាក់​ដែល​កំពុងនិយាយ​លើ​ក្បាល​ម៉ា​យ​ក្រូ​ហ្វូ​ន​អំឡុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​។ អ្នកកាសែត​ទាំងពីរ​នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​”​។​

​ការវាយប្រហារ​នេះ​គឺជា​លើក​ទី​២​នៅ​ឆ្នាំនេះ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​ផ្តោត​គោលដៅ​មកលើ​អ្នកកាសែត ហើយ​បានកើត​ឡើងខណៈ​កិច្ចប្រឹងប្រែង​ការទូត​ដើម្បី​បញ្ចប់សង្គ្រាម ១៧ ឆ្នាំ​កាន់តែ​ក្តៅគគុក​។​

​កាលពី​ខែ​មុន​អ្នកកាសែត​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​ចា​វីដ នូ​រី ត្រូវបាន​គេ​ចាប់យក​ពី​ឡាន​របស់គាត់​ហើយ​សម្លាប់ចោល​ដោយ​ពួក​តា​លី​បង់​នៅ​ខេត្ត​ហ្វា​រ៉ា ភាគ​ខាងលិច​ប្រទេស​។​

​យោងតាម​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​បានឱ្យដឹងថា ឆ្នាំ ២០១៨​គឺជា​ឆ្នាំ​ស្លាប់​ច្រើន​បំផុត​សម្រាប់​អ្នកសារព័ត៌មាន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន គឺ ៦០ នាក់​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ឈរ​ការពារ​នៅ​ច្រក​មួយ​នៅ​ខេត្ត​ហ្គា​ន​ហ្ស៊ី​កាលពី​ខែតុលា​ឆ្នាំ​២០១៨