អ្នកឆ្លងកូវីដ១៩នៅជប៉ុនកើនឡើងដល់ ៥.០០០ នាក់ ខណៈស្ថានភាពគ្រាអាសន្នមិនអាចឃាត់ប្រជាជនឱ្យនៅក្នុងផ្ទះបាន

156
ចែករម្លែក

ទូរទស្សន៍ NHK បាននិយាយថា ចំនួនជនជាតិជប៉ុនឆ្លងកូវីដ១៩សរុបបានកើនឡើង ៥.០០២ នាក់នៅថ្ងៃព្រហស្បតិ៍ទី៩មេសានេះ។

ការកើនឡើងខ្ពស់នេះកើតឡើងខណៈដែលធនាគារកណ្តាលបានព្រមានថាកូវីដ១៩បានបង្កឱ្យមានកម្រិតនៃ “ភាពមិនប្រាកដប្រជាខ្ពស់” សម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុតទីបីរបស់ពិភពលោក ស្របពេលបណ្តាសេដ្ឋកិច្ចក្នុងតំបន់កំពុងប្រឈមនឹងស្ថានភាពអាក្រក់បំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីមួយទសវត្សរ៍មុន។

អាជ្ញាធរជប៉ុនសង្ឃឹមថាអាចទប់ទល់នឹងមេរោគនេះបានដោយមិនចាំបាច់បិទប្រទេសជាចាំបាច់ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ដែលកំពុងជួបការលំបាកស្រាប់ក្នុងការទប់ទល់នឹងជំងឺរាតត្បាតនេះ។

ល្គឹកណាប្រកាសដោយរដ្ឋាភិបាលកណ្តាល ស្ថានភាពអាសន្នផ្តល់សិទ្ធិអំណាចខ្លាំងជាងមុនដល់អភិបាលខេត្តនានាដើម្បីជំរុញឱ្យប្រជាជននៅក្នុងផ្ទះនិងបង្ខំអាជីវកម្មនានាបិទទ្វារ។

ផ្ទុយពីការបិទប្រទេសតឹងរ៉ឹងនៅក្នុងបណ្តាប្រទេសមួយចំនួនដែលតម្រូវឱ្យមានការពិន័យនិងការចាប់ខ្លួនចំពោះអ្នកមិនគោរពច្បាប់ ការអនុវត្តគ្រាអាសន្ននៅជប៉ុនគឺត្រូវពឹងផ្អែកខ្លាំងទៅលើសម្ពាធពីគ្នីគ្នានិងប្រពៃណីគោរពយ៉ាងជ្រាលជ្រៅរបស់ជនជាតិជប៉ុនចំពោះអាជ្ញាធរ។

តំបន់កម្សាន្តពេលរាត្រីនៅទីក្រុងតូក្យូដូចជាតំបន់ស៊ីប៊ូយ៉ា តំបន់អាកាសាកា និងតំបន់ជីនហ្សាមានសភាពស្ងប់ស្ងាត់ជាងធម្មតានៅពេលយប់ ខណៈស្ថានភាពគ្រាអាសន្នបានចូលជាធរមាន ប៉ុន្តែកន្លែងផ្សេងទៀតនៅថ្ងៃព្រហស្បតិ៍នេះហាក់មមាញឹកដូចសព្វមួយដង។

ចំនួនអ្នកឆ្លងថ្មីបានកើនឡើងយ៉ាងហោចណាស់ ២៩ នាក់នៅថ្ងៃព្រហស្បតិ៍នេះគឺកើនឡើងសរុប ៥.០០២ នាក់ ខណៈចំនួនអ្នកស្លាប់កើនឡើងម្នាក់ គឹសរុបមានចំនួន ១០៥ នាក់។

លោក ហីដេអាគី អូមូរ៉ា អភិបាលខេត្តអៃឈីនៅកណ្តាលប្រទេសជប៉ុននិយាយថា លោកនឹងប្រកាសភាពអាសន្ននៅថ្ងៃសុក្រទោះបីជារដ្ឋាភិបាលកណ្តាលមិនបានបញ្ចូលខេត្តនេះទៅក្នុងបញ្ជីជាតិនៃតំបន់មានគ្រោះអាសន្នក៏ដោយ។

ខេត្តអៃឈីក៏មានទីក្រុងណាហ្គូយ៉ានិងមានក្រុមហ៊ុន Toyota Motor Corp ផងដែរ។

លោកបាននិយាយថា “ប្រសិនបើយើងមើលអ្វីដែលបានកើតឡើងសប្តាហ៍មុន វាមើលទៅមិនល្អទេ ហើយដូច្នេះយើងកំពុងត្រៀមខ្លួន”៕ ដោយ៖ កញ្ញាដាលីស

ប្រជាជនជប៉ុននៅតែចេញដើរដូចគ្មានរឿងអីកើតឡើង ទោះរដ្ឋាភិបាលប្រកាសដាក់ទីក្រុងតូក្យូនិងខេត្ត៦ទៀតក្នុងស្ថានភាពអាសន្ន