អ្នកជំងឺ​អាយុ​ជាង ១០០ ឆ្នាំ​ជាសះស្បើយ​ពី​កូ​រ៉ូ​ណា ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

155
ចែករម្លែក

វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​លោកយាយ​វ័យ ១០១ ឆ្នាំ​នៅក្នុង​ប្រទេស​ហូ​ឡង់ បានជា​សះ ស្បើយ​ពី​វីរុស​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ ដែល​មន្ទីរពេទ្យ​និយាយថា វា​ជា “​ពន្លឺ​នៃ​ក្ដីសង្ឃឹម​”​។​
​ ​
​លោកយាយ​អ្នកជំងឺ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ខាងលើនេះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ IJsselland Hospital ដែល​ស្ថិតនៅ​ជិត​ក្រុង​រ៉​ត​ធើ​ដាម (Rotterdam) ប្រទេស​ហូ​ឡង់ កាលពី​ជាង មួយ​សប្ដាហ៍​មុន​ដោយមាន​អា​ការៈពិបាក​ដកដង្ហើម និង​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​។​
​ ​
​លោកយាយ​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ ប៉ុន្តែ​ពេលនេះ​បានជា​សះស្បើយ​ដែល អាច​ចេញពី​មន្ទីរពេទ្យ​វិញ​បាន​ហើយ​។
​ ​
​មន្ទីរពេទ្យ​ខាងលើ​បានលើកឡើង​តាម​គេហទំព័រ​របស់ខ្លួន​ថា​លោកយាយ​នឹងត្រូវ​សម្រាក​ក្នុង​បន្ទប់ ថែទាំ​បន្តទៀត​សិន មុននឹង​អាច​ត្រលប់​ទៅផ្ទះ​វិញ​បាន​។ វេជ្ជបណ្ឌិត ស៊ូ​នី​ល រ៉ា​ម​ឡា​ល (Sunil Ramlal) និយាយ​ពី​លោកយាយ​ថា “​គាត់​ជា​ស្ត្រី​ដ៏​រឹងមាំ ហើយ​វា​ពិតជា​ប្រសើរ​ណាស់​ដែល​ឃើញ គាត់​ស្ដាប់​ការណែនាំ​របស់​គ្រូពេទ្យ ដូចជា​យក​កែងដៃ​ខ្ទប់មាត់​ពេល​កណ្ដាស់​ជាដើម​ហើយ​គាត់ ថែមទាំង​ប្រាប់​ឱ្យ​ខ្ញុំ​រក្សា​គម្លាត​ពីគ្នា​ឱ្យបាន​ត្រឹមត្រូវ​ទៀតផង​”៕ ប្រែ​សម្រួលៈ​ខុម​