អ្នកជំនាញខាងជំងឺឆ្លងកំពូលម្នាក់របស់អាម៉េរិកព្រមានថា ពលរដ្ឋអាម៉េរិក ២០ ម៉ឺននាក់អាចនឹងស្លាប់ដោយសារកូវីដ១៩

225
ចែករម្លែក

ខណៈសមាជិកគ្រួសារជាច្រើនពិពណ៌នាអំពីការលាគ្នាតាមបង្អួចមន្ទីរពេទ្យជាមួយមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅ អ្នកជំនាញខាងជំងឺឆ្លងកំពូលម្នាក់របស់រដ្ឋាភិបាលអាម៉េរិកបានព្រមានកាលពីថ្ងៃអាទិត្យទី២៩មីនាថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណាអាចនឹងសម្លាប់ពលរដ្ឋអាម៉េរិក ១០០.០០០ ទៅ ២០០.០០០ នាក់។

ប្រឈមមុខនឹងការព្យាករណ៍ដ៏សែនអាក្រក់បែបនេះនិងលទ្ធភាពនៃអ្នកស្លាប់កាន់តែច្រើនឡើងនៅសហរដ្ឋអាម៉េរិកបើគ្មានវិធានការរក្សាគម្លាតរវាងប្រជាជនឱ្យនៅឆ្ងាយពីគ្នានោះ ប្រធានាធិបតីដូណាល់ ត្រាំបានពង្រីកបន្ថែមគោលការណ៍ណែនាំសហព័ន្ធឱ្យប្រជាជនស្នាក់នៅផ្ទះរយៈពេល ៣០ ថ្ងៃទៀតរហូតដល់ចុងខែមេសាដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩។

ការពង្រីកបន្ថែមពីលើគោលការណ៍ណែនាំ ១៥ ថ្ងៃគ្រាមុនរបស់លោកត្រាំគឺជាចំណាត់ការផ្ទុយស្រឡះពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីលោកត្រាំនិយាយថាលោកសង្ឃឹមថាសេដ្ឋកិច្ចអាចនឹងចាប់ផ្តើមឡើងវិញក្នុងរយៈពេលប្រហែល ២ សប្តាហ៍ និង បានកើតឡើង បន្ទាប់ពីលោកវេជ្ជបណ្ឌិត អានថូនី ហ្វូស៊ី នាយកវិទ្យាស្ថានជាតិអាឡែរស៊ីនិងជំងឺឆ្លងបានធ្វើការព្យាករណ៍គួរឱ្យខ្លាចបែបនេះ ដោយលើកឡើងថា មនុស្សរាប់លាននាក់នៅអាម៉េរិកអាចឆ្លងជំងឺនេះ។

ទាក់ទងនឹងការបន្លាយពេលគោលការណ៍ណែនាំរបស់សហព័ន្ធ លោកហ្វូស៊ីនិយាយថា “យើងចង់ធ្វើឱ្យប្រាកដថា យើងមិនគិតឆាប់ពេកថា យើងធ្វើបានល្អរួចទៅហើយ”។

គិតត្រឹមយប់ថ្ងៃអាទិត្យទី២៩មីនា សហរដ្ឋអាម៉េរិកមានអ្នកឆ្លងកូវីដ១៩ជាង ១៤០.០០០ នាក់និងអ្នកស្លាប់ជាង ២.៤០០ នាក់នេះយោងតាមការកត់ត្រាសរុបរបស់សាកលវិទ្យាល័យចនហប់ឃីន ទោះបីជាចំនួនពិតប្រាកដនៃករណីឆ្លងត្រូវគេគិតថាខ្ពស់ជាងនេះក៏ដោយ សារតែការកង្វះខាតការធ្វើតេស្តនិងអ្នកជំងឺស្រាល ដែលមិនបានរាយការណ៍។

នៅទូទាំងពិភពលោកមានការរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ១៩ជាង ៧២០.០០០ នាក់ និងអ្នកស្លាប់បានកើនឡើងលើស ៣៣.០០០ នាក់ ក្នុងនោះអ្នកស្លាប់ចំនួនពាក់កណ្តាលគឺនៅក្នុងប្រទេសអ៊ីតាលីនិងអេស្ប៉ាញ កន្លែងដែលប្រព័ន្ធសុខាភិបាលកំពុងរកកល់ដួលរលំ៕ ដោយ៖ កញ្ញាដាលីស

ពលរដ្ឋអាម៉េរិក ១០ ទៅ ២០ ម៉ឺននាក់អាចនឹងស្លាប់ដោយសារកូវីដ១៩