អ្នកជំនាញនៅសាកលវិទ្យាល័យ SA កំពុងផលិតដ្រូនដើម្បីស្វែងរកជំងឺកូវីដ១៩

271
ចែករម្លែក

ដ្រូនសម្រាប់ស្វែងរកជំងឺរាតត្បាត ដែលស្ទង់កម្តៅក្នុងខ្លួន វាស់ចង្វាក់បេះដូងនិងដង្ហើម កំពុងត្រូវបានបង្កើតឡើងដើម្បីតាមរកឱ្យឃើញនូវវីរុសកូរ៉ូណា។

បំពាក់ជាមួយឧបករណ៍ចាប់សញ្ញាឯកទេសនិងប្រព័ន្ធចក្ខុវិស័យកុំព្យួទ័រ ដ្រូននេះក៏អាចរកឃើញមនុស្សកណ្តាស់ឬក្អកនៅក្នុងចំណោមហ្វូងមហាជនឬទីកន្លែងបាំងជិតដែលមានមនុស្សជួបជុំគ្នា ដូចជា ការិយាល័យ អាកាសយានដ្ឋាន ឬ កប៉ាល់កម្សាន្តផងដែរ។

វាជាការងាររបស់ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យអូស្រ្តាលីខាងត្បូង (SA) ដែលដឹកនាំដោយប្រធានផ្នែកប្រព័ន្ធឧបករណ៍ចាប់សញ្ញារបស់ក្រសួងការពារជាតិគឺសាស្ត្រាចារ្យ ចាវ៉ាអាន ខាល់ ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិជ្ជាដ្រូនរបស់កាណាដា Draganfly។

លោកសាស្រ្តាចារ្យខាល់បាននិយាយថា បច្ចេកវិជ្ជានេះដំបូងឡើយត្រូវបានបង្កើតឡើងតែសម្រាប់តំបន់មានសង្គ្រាម គ្រោះមហន្តរាយធម្មជាតិ និង តាមដានចង្វាក់បេះដូងរបស់ទារកមិនគ្រប់ខែពីចម្ងាយនៅក្នុងកែវចិញ្ចឹមប៉ុណ្ណោះ។

លោកនិយាយថា “ឥឡូវនេះយើងមើលឃើញពីតម្រូវការដើម្បីប្រើប្រាស់វាជាបន្ទាន់ដើម្បីជួយសង្គ្រោះជីវិតនៅក្នុងគ្រោះមហន្តរាយសុខភាពដ៏ធំបំផុត ដែលពិភពលោកធ្លាប់បានជួបប្រទះកាលពី ១០០ ឆ្នាំមុន។ វាប្រហែលជាមិនអាចរកឃើញគ្រប់ករណីទាំងអស់នោះទេប៉ុន្តែវាអាចជាឧបករណ៍គួរឱ្យជឿទុកចិត្តបានក្នុងការរកឃើញវត្តមាននៃជំងឺនេះនៅទីកន្លែងប្រជុំជនឬក្រុមមនុស្ស”។

កន្លងមកលោកសាស្ត្រាចារ្យខាល់បានជួយអភិវឌ្ឍបច្ចេកវិជ្ជាកែច្នៃរូបភាពដើម្បីតាមដានចង្វាក់បេះដូងរបស់មនុស្សពីវីដេអូដ្រូន និង បង្កើតរូបមន្តថ្មីៗដើម្បីបកស្រាយពីសកម្មភាពរបស់មនុស្សដូចជាកណ្តាស់និងក្អក។

លោក ខេមរ៉ូន ឆែល ប្រធានក្រុមហ៊ុន Draganfly បាននិយាយថា បច្ចេកវិជ្ជានេះនឹងមានសម្រាប់អតិថិជននៅខាងរដ្ឋាភិបាល វេជ្ជសាស្ត្រ និង ពាណិជ្ជកម្ម។

លោកឆែលនិយាយថា “ការត្រួតពិនិត្យសុខភាពនិងផ្លូវដង្ហើមនឹងមានសារៈសំខាន់មិនត្រឹមតែសម្រាប់ការរកមេរោគប៉ុណ្ណោះទេប៉ុន្តែថែមទាំងស្វែងយល់ពីនិន្នាការសុខភាពផងដែរ”៕ ដោយ៖ កញ្ញាដាលីស

ដ្រូនផលិតដោយអ្នកជំនាញនៅសាកលវិទ្យាល័យ SA នឹងប្រើដើម្បីស្វែងរកជំងឺកូវីដ១៩