អ្នកជំនាញ​ថៃ​៖ ការ​សម្រុក​ចេញ​របស់​មនុស្ស​ពី​បណ្តា​ក្រុង អាច​បង្ក​ឱ្យ​ចំនួន​ករណី​ឆ្លង​វីរុស​កើនឡើង​ខ្ពស់​យ៉ាង​ឆាប់

168
ចែករម្លែក

​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ម្នាក់​បាន​ព្យាករណ៍​ថា​ប្រទេស​ថៃ​អាច​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូវី​ត​១៩ ចំនួន​២.០០០ ករណី​ក្នុង​រយៈពេល​២​ឬ​៣​សប្តាហ៍​​ខាងមុខនេះ ដោយ​បណ្តាល​មកពី​ប្រជាជន​សម្រុក​ចាកចេញ​ពី​ទីក្រុង​បាងកក​ទៅកាន់​ខេត្ត​កំណើត​របស់​ពួកគេ​បន្ទាប់ពី​មាន​ការបិទ​ទីក្រុង​និង​ការ​​ប្រកាស​ប្រើ​ច្បាប់​ប្រទេស​ក្នុង​គ្រាអាសន្ន​។​

​វេជ្ជបណ្ឌិត​ប្រា​ស៊ីត វ៉ា​តា​ណា​ផា បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​មីនា​ថា​ការឆ្លង​ថ្មី​អាច​នឹង​កើនឡើង​ក្នុង​រយៈពេល​២ សប្តាហ៍​ទៀត ដោយសារតែ​ការ​​សម្រុក​ចាកចេញ​នេះ​។

​វេជ្ជបណ្ឌិត​នេះ បាន​និយាយថា​ទោះបី​ពាក់​ម៉ាស់​មុខ​ក៏​ដោយ​ក៏​ពួកគេ​នៅ តែ​ប្រឈម​នឹង​ហានិភ័យ​នៃ​វីរុស​ដែល​កំពុង​ឆ្លង​រាលដាល​នេះហើយ​ពួកគេ​នឹង​​ឆ្លង​វីរុស​នេះ​នៅ​ពេល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ចំណតរថយន្ត​ក្រុង​ហើយ​អង្គុយ​ចូល​គ្នា​នៅ​ជិតៗ​គ្នា​នៅ​លើ​រថយន្តក្រុង អស់​រយៈពេល​ជាច្រើន​ម៉ោង​។​

​លោក​បាន​បន្តថា ” នៅពេលនោះ ប្រទេស​ថៃ​ប្រហែលជា​មិន​មាន​បុគ្គលិក​ពេទ្យ​គ្រប់គ្រាន់​ទេ​។​បច្ចុប្បន្ន​នេះ​សមាមាត្រ​នៃ​វេជ្ជបណ្ឌិត​នៅ​ទីក្រុង​បាងកក​គឺ វេជ្ជបណ្ឌិត​ម្នាក់ អាច​ត្រូវ​មើល​ព្យាបាល​អ្នកជំងឺ​៨០០​នាក់​។ ប៉ុន្តែ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត គឺ​វេជ្ជបណ្ឌិត​ម្នាក់ អាច​ត្រូវ​មើល​ព្យាប​អ្នក​ជំងឺរហូត​​ដល់​៣.០០០​នាក់ ហើយ​នេះ​មិន​ទាន់​និយាយ​អំពី​ការខ្វះខាត​គឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ផង​។ បន្ទាប់​មក​អត្រា​នៃ​ការស្លាប់​និង​ចំនួន​អ្នកជំងឺ​អាច​កើន​​ឡើង​យ៉ាង​ខ្លាំង​”​។​

​ជាមួយគ្នា​នេះ​ក្រសួង​មហាផ្ទៃ​ថៃ​បាន​ស្នើ​ឱ្យមាន​វិធានការ​តឹងរឹង​ជាង​មុន​ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​ជម្ងឺ​កូវី​ត​១៩​នៅ​ទីក្រុង​បាងកក​និង​បណ្តា​ខេត្ត​នានា ដែល​មាន​អត្រា​ឆ្លង​ខ្ពស់ ដោយ​រួមទាំង​ខេត្ត​៣​នៅ​តំបន់​ខាងត្បូង​នៃ​ប្រទេស​នេះ​។​

​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ទី​២៧​ខែ​មីនា ប្រទេស​ថៃ​មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​កើនឡើង​ដល់​ចំនួន​៥​នាក់ និង​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​៩១​ករណី​នៅ​​ខេត្ត​ចំនួន​៥២ ដែលនាំឱ្យ​មាន​ចំនួន​ករណី​ឆ្លង​សរុប​គឺ​ចំនួន​១.១៣៦​នាក់​ប៉ុន្តែ​៩៧​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​ទាំងអស់នេះ បាន​ជា​សះស្បើយ​ហើយ​​ត្រូវបាន​អនុញ្ញា​ចេញ​ពី​មន្ទីរពេទ្យ​៕​ប្រែ​សម្រួល​៖​សុខា​/SN

​អ្នកដំណើរ​រង់ចាំ​ឡើង​ជិះ​រថយន្ត​ក្រុង​នៅ​ចំណតរ​ថយ​ក្រុង​មួយ​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​អង្គារ​ទី​២៤​ខែ​មីនា​