អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ស្នើ​យុវជន​គួរ​ងាក​សិក្សា​ជំនាញ​ផ្នែក​បច្ចេកទេស​ឲ្យ​បាន​ច្រើនជាង​ជំនាញ​ទូទៅ​

1722
ចែករម្លែក
  • 48
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: ដើម្បី​ឆ្លើយតប​នឹង​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​ដើម្បី​បំពេញតម្រូវការ​ការងា​រ​ទីផ្សារ​ពេលខាងមុខ​។ អ្នកវិភាគ​សេដ្ឋកិច្ច​បានលើកឡើង​ថា យុវជន​ខ្មែរ​គួរ​ផ្លាស់ប្តូរ​គំនិត និង​គិត​ឡើងវិញ​នូវ​ការចាប់យក​មុខវិជ្ជា​សិក្សា ខណៈ​បច្ចុប្បន្ន​ការសិក្សា​ជំនាញ​ផ្នែក​ទូទៅ (​ធនាគារ​, គណនេយ្យ​,​ទីផ្សារ​…)​មាន​កំណើន​ជាង​ជំនាញ​ផ្នែក​បច្ចេកទេស (​សំណង់​,​អគ្គិសនី​,​ម្ហូបអាហារ​,​វិស្វករ​….)​។​

​លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Emerging Market Consulting និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច មួយរូប​ផងដែរ​នៅ​កម្ពុជា បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ​ថា ជារួម​យុវជន​ខ្មែរ​មិនសូវ​ឲ្យ​តម្លៃ​រៀន​ជំនាញ​ផ្នែក​បច្ចេកទេស​នោះទេ ដោយ​គាត់​យល់ថា​ជា​ការងារ​នឿយហត់ មិន​ស្អាត និង​ជាការ​ងារ​ប្រើ​កម្លាំង​ជាដើម​។ លោក​បាន​បន្តថា មកទល់ពេលនេះ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ភាគច្រើន​គឺ​វិស័យ​កាត់ដេរ ប៉ុន្តែ​ចាប់ផ្តើម​មានការ​ប្រែប្រួល​ឬ​និន្នាការ​ដែល​ហៅថា​ឧស្សាហកម្ម​ធន​ស្រាល​ហើយ​និង​ការកែច្នៃ​ម្ហូបអាហារ​ជាដើម​។

​លោក​លើកឡើងថា “​ទន្ទឹមនេះ​យើង​ក៏​ខ្វះ​អ្នកជំនាញ ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ​ដើម្បី​ផ្គត់ផ្គង់​ទៅនឹង​វិស័យ​នេះដែរ ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​មួយចំនួន​មានការ​អល់អែក​នៅក្នុង​ការបង្កើត ឬ​ចង់​វិនិយោគ ហើយ​នេះ​គឺជា​អ្វីដែល​ជាក់ស្តែង ហើយ​អ្នកវិនិយោគ​ជាច្រើន​បាន​ចោទ​ជា​សំណួរ​ថា តើ​យើង​អាច​ផលិត​ធនធានមនុស្ស​ទៅតាម​គេ​ចង់បាន​ដែរ​ទេ​? ដល់​ថ្នាក់​មាន​ក្រុមហ៊ុន​មួយចំនួន​សុខចិត្ត​សហការ​ជាមួយ​គ្រឹះស្ថាន​បណ្តុះបណ្តាល​របស់​រដ្ឋ​ឬ​ឯកជន ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​តាម​សេចក្តីត្រូវការ​របស់​ពួកគាត់​”​។​

​លោក ង៉ែត ជូ ឲ្យ​ដឹង​ទៀតថា ទាក់ទង​ផែនការ​ទាក់ទង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដែល​បានចេញ​កន្លងមក​កត់​សម្គាល់​ឃើញថា​ធ្វើ​ល្អ​ច្រើន ប៉ុន្តែ​ទន្ទឹមនេះ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក៏​ខ្វះចន្លោះ​ច្រើន​ដែរ ជាពិសេស​ការបណ្តុះបណ្តាល​ធនធានមនុស្ស​ដើម្បី​ឆ្លើយតប​ទៅតាម​សេចក្តីត្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ លើសពីនេះ​ទៀតសោត គឺ​ភាពលំបាក​ក្នុងការ​ស្វែងរក​ធនធាន​មនុស្ស​ដែលមាន​ជំនាញ​ហើយនឹង​សមត្ថភាព ពិតប្រាកដ ត្រឹមត្រូវ​ទៅតាម​សេចក្តីត្រូវការ​របស់​អ្នកវិនិយោគ​។​

​លោក​បណ្ឌិត ជេ​ត ជាលី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​ធនធានមនុស្ស​យើង​មិនមែន​បោះបង់ចោល​ឬ​មិន​អើពើ​ទេ គ្រាន់តែ​យើង​ពុំទាន់​មានឱកាស មាន​សន្តិភាព​ពេញលេញ ញ្ចឹ​ង​យើង​មិនអាច​មានឱកាស​អភិវឌ្ឍ​ធនធាន​បាន​ពេញដៃពេញជើង​។ ប៉ុន្តែ​ពេលនេះ ស្របតាម​ដំណាក់កាល​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​ផែនការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​ជ្រុង​ដ៏​សំខាន់​មួយ គឺ​ធនធានមនុស្ស វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដំណាក់​នេះ​គឺមាន​សារៈសំខាន់​ជាន់​ដំណាក់កាល​មុនៗ​ទៀត​។​

​កាលពីពេល​កន្លងទៅ លោក​ឧកញ៉ា វ៉ាន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា ភាគី​និយោជក​ជាច្រើន​នាក់ ដែល​ចូលមក​វិនិយោគ​ផ្នែក​ឧស្សាហកម្ម​ក្នុងប្រទេស​កម្ពុជា បានបង្ហាញ​ក្តីកង្វល់​អំពី​ធនធានមនុស្ស​ខាង​ផ្នែក​ជំនាញ​បច្ចេកទេស ដោយ​ចាំបាច់​ពឹងពាក់​កម្លាំង​ពលកម្ម​បរទេស​ច្រើនជាង​ជនជាតិខ្មែរ​៕ ល