អ្នកតំណាង​ពិសេស​របស់​អាមេរិក​ប្រចាំ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ស្នើឱ្យ​លោក​ម៉ា​ឌូ​រ៉ូ​ភៀសខ្លួន​ទៅ​គុយបា​ឬ​រុស្ស៊ី​

531
ចែករម្លែក

​តាំងពី​ពេល​ចាប់ផ្តើម​នៃ​វិបត្តិ​នយោបាយ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា សហរដ្ឋអាមេរិក​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា​ខ្លួន​គាំទ្រ​ប្រធានរដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្សប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ ដែល​បានប្រកាស​ខ្លួន​គាត់​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ​។ ចាប់តាំងពី​ពេលនោះ​មក រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានដាក់​សម្ពាធ​ឱ្យ​ប្រធានាធិបតី​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ លាលែង​ពី​តំណែង​។​

​អ្នកតំណាង​ពិសេស​របស់​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា លោក​អែ​លលៀត អា​ប្រាំ (Elliott Abrams) បាន​ស្នើឱ្យ​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​លោ​កនី​កូ​ឡាស ម៉ា​ឌូ​រ៉ូ គួរតែ​ចាក​ចេញពី​ប្រទេស ហើយ “​មិត្តភក្តិ​” ដូចជា​ប្រទេស​គុយបា​ឬ​រុស្ស៊ី នឹង​ទទួលយក​គាត់​ដោយ​អំណរ​។​

​គាត់​បាន​និយាយថា “​ខ្ញុំ​គិតថា​វា​ល្អ​សម្រាប់​ការផ្លាស់ប្តូរ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា ដោយ​គាត់​ត្រូវ​ទៅ​នៅក្រៅ​ប្រទេស​។ ហើយ​មាន​ប្រទេសមួយ​ចំនួន​ដែល​ខ្ញុំ​គិតថា​នឹង​យល់ព្រម​ទទួលយក​គាត់​។ គាត់​មាន​មិត្តភក្តិ​នៅនឹងកន្លែង​ស្រាប់​ដូចជា​គុយបា​និង​រុស្ស៊ី​។ បណ្តា​ប្រទេស​ផ្សេងទៀត​បានមក​រក​យើង​ជា​លក្ខណៈ​ឯកជន​ហើយ​និយាយថា​ពួកគេ​មាន​ឆន្ទៈ​ក្នុងការ​ទទួលយក​សមា​ជិ​ក​នៃ​របប​ខុសច្បាប់​បច្ចុប្បន្ន ប្រសិនបើ​វា​នឹង​ជួយ​ដល់​ការផ្លាស់ប្តូរ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​”​។ ប៉ុន្តែ​លោក​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ទាំង​នោះទេ​។​

​លោក​អា​ប្រាំ​បាន​រំលឹក​ឡើងវិញ​ពី​ទស្សនៈ​របស់​រដ្ឋបាល​ត្រាំ ដោយ​ទទូច​ឱ្យ​លោក​ម៉ា​ឌូ​រ៉ូ​គួរតែ​ចុះ​ចេញពី​តំណែង​ដើម្បី​គាំទ្រ​ដល់​ប្រធានាធិបតី​បណ្តោះអាសន្ន​និង​ជា​មេដឹកនាំ​ប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ​។​

​អា​ប្រាំ​និយាយថា “​ល្បែង​ចុងក្រោយ​សម្រាប់​គាត់​គឺ​គួរ​ចាក​ចេញពី​អំណាច ហើយ​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ ព្រោះ​ស្ថានភាព​របស់គាត់​នឹង​កាន់តែ​ចុះ​ដុនដាប បើកាលណា​គាត់​ក្រាញ​នឹង​អំណាច​កាន់តែ​យូរ និង​ការឈឺចាប់​កាន់​តែមាន​ច្រើន​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ