អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ អ្នកដំណើរជាង៧០នាក់ ដែលធ្វើដំណើរតាមយន្តហោះជាមួយជន​ជាតិចិនម្នាក់ ដែលរកឃើញថាមានជំងឺផ្លូវដង្ហើមកូរ៉ូណា មិនទាន់រកឃើញរោគសញ្ញាអ្វីទេ

223
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ឆ្លើយតបចំពោះការព្រួយបារម្ភដែលថាអ្នកដំណើរតាមយន្​តហោះ៧០នាក់ជាមួយជនជាតិចិនម្នាក់ ដែលត្រូវបានរកឃើញថាមានជំងឺផ្លូវដង្ហើមកូរ៉ូណាវីរុស អាចឆ្លងជំងឺCoronavirus ដែរនោះ   នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២០ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បា្រប់សារពត៌មានរស្មីកម្ពុជា​ថា អ្នកដំណើរសរុបជាង៧០នាក់(ភាគច្រើនជាជនជាតិចិន) ដែលជិះយន្តហោះជាមួយជន​ជាតិចិនម្នាក់ រកឃើញមានជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» មកកាន់ប្រទេស​កម្ពុជា ត្រូវបានរកឃើញអស់ហើយ និងបានស្គាល់ពីទីតាំងរបស់ពួកគេ ព្រមទាំងបានទាក់ទងសួរជាប្រចាំពីសុខភាពរបស់ពួកគេជាប្រចាំ។

លោកបានបញ្ជាក់បន្ថែមថា៖ ទាំងអ្នកប៉ះពាល់នៅសណ្ឋាគារ និងអ្នកជិះយន្តហោះជាមួយនោះ មិនទាន់មានចេញរោគសញ្ញាជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» នៅឡើយនោះទេ គិតត្រឹមម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៨ខែមករានេះ។មន្ត្រីជំនាញកំពុងបន្តតាមដានស្ថានភាពរបស់ពួកគាត់ជាប្រចាំ។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ក៏បានបញ្ជាក់ដែរថា គ្រូពេទ្យថែទាំអ្នកជំងឺ ក៏គ្មានចេញរោគសញ្ញាអ្វីនោះដែរ ហើយគ្រប់គ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យក្រុងព្រះ​សីហនុ កំពុងបម្រើការងារក្នុងមន្ទីរពេទ្យជាធម្មតា ។

លោក លី សុវណ្ណ បានឱ្យដឹងផងដែរថា រហូតមកដល់រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ ពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតនោះទេ ខណៈជនជាតិចិនមានជំងឺវីរុសកូរ៉ូណា ដែលកំពុងសម្រាកព្យាបាលនៅពេទ្យខេត្តព្រះសីហនុ មានស្ថានភាពសុខភាពល្អ  ផ្លូវដង្ហើមល្អ មិនមានចេញសញ្ញាធ្ងន់ធ្ងរណាមួយ ដែលទាមទារឱ្យមានការព្យា​បាលពិសេសនោះទេ។ក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ និងផ្គត់ផ្គង់អាហារល្អៗជូនគាត់។

សូមរម្លឹកថា នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានប្រកាសឱ្យដឹងពីការរកឃើញបុរសជនជាតិចិនម្នាក់ មកពីទីក្រុងអ៊ូហាន កើតមានជំងឺផ្លូងដង្ហើម «កូរ៉ូណាវីរុស»។ជនជាតិចិនដែលរកឃើញកើតជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» នេះ មានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ ៣នាក់ទៀត។ ជនជាតិចិនដែលផ្ទុកមេរោគកូរ៉ូណានេះ និងក្រុមគ្រួសារ បានចេញដំណើរពីទីក្រុងវូហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០​២០ ហើយមានចេញរោគសញ្ញា នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ៕B/