អ្នកនាំពាក្យអះអាង​ថា ការធ្វើច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន គឺដើម្បី​នីត្យា​នុកូលភាពនៃអំណាចនីតិរដ្ឋ

191
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា ការធ្វើច្បាប់​គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺដើម្បីនីត្យានុកូលភាពនៃអំណាចនីតិរដ្ឋ ខណៈភាពអាសន្ន​នៃការរីក​រាលដាលកូវីដ១៩ អាចនឹងកើតមានក្នុងពេលណាមួយ ដោយមិនអាចព្យាករណ៍បាន។ មិនមែនដើម្បីរឹតត្បិតសិទ្ធិរបស់បុគ្គលណាមួយនោះទេ។

ការលើកឡើងរបស់មន្រ្ដីនាំពាក្យរូបនេះ បានធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាន​ ដែលរៀបចំ​ឡើង​ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២ ខែមេសា​នេះ។

លោក ផៃ ស៊ីផាន បញ្ជាក់ថា “…ពេលដែលយើងអត់មានច្បាប់ រាជរដ្ឋាភិបាល មានវិធាន​ការឆ្លើយតបនឹងសុវត្ថិភាព និងសន្ដិសុខជាតិ គេថាយើងធ្វើខុសច្បាប់។ ដូច្នេះការបង្កើត​ច្បាប់ហ្នឹង គឺជានីត្យានុកូលភាពរបស់នីតិរដ្ឋ…។ច្បាប់នេះ មានសារសំខាន់ពីរ។យើងមើលអត់ដឹង ថាតើការផ្ទុះ​រាយសាយនៃមេរោគកូវីដ១៩ ហើយមិនតែប៉ុណ្ណឹង ក៏អាចមានរឿងដទៃទៀត​ជាយថាហេតុ​…ពីព្រោះ​នៅក្នុងលទ្ធិប្រជាធិបតេ្យ បើយើងអត់មានច្បាប់ ហើយយើងអនុវត្ត​យើងខុសច្បាប់ ហើយ​រាជរដ្ឋាភិបាលជានីតិប្រតិបត្តិ គឺត្រូវតែអនុវត្តទៅតាមច្បាប់ដែលមាន។ ការធ្វើច្បាប់ហ្នឹង គឺមិនមាននិន្នាការអ្វីផ្សេងនោះទេ គ្រាន់តែជាលិខិតូបករណ៍មួយ សម្រាប់​ការអនុវត្តរបស់​រាជរដ្ឋាភិបាល ដែលជាអង្គនីតិប្រតិបត្តិ”។

លោកបានបន្ថែមថា ច្បាប់នេះមិនមែនមានតែកម្ពុជាមួយទេ គឺប្រទេសធំៗក្នុងពិភព​លោក ដូចជាសហរដ្ឋាអាម៉េរិក បារាំង អង់គ្លេសក៏មានដែរ។ ដោយឡែក បច្ចុប្បន្នប្រទេសមួយចំនួន ក្នុងអាស៊ានក៏បានដាក់អនុវត្តហើយដែរ ដើម្បីដោះស្រាយបញ្ហារីករាលដាលវីរុសកូវីដ១៩។ យ៉ាង​ណាមិញចំពោះកម្ពុជា ដែលមិនអាចដាក់ប្រទេសក្នុងភាពអាសន្នបាន ដោយសារពុំទាន់​មានច្បាប់ ហេតុនេះ ទើបរាជរដ្ឋាភិបាល  បានធ្វើច្បាប់នេះឡើង ត្រៀមឆ្លើយតបនឹង​វិបត្តិណា​មួយ ដែលអាចនឹងកើតឡើងជាយថាហេតុ៕/B