អ្នកនាំពាក្យៈ ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​សុខភាព​ល្អប្រសើរ​ឡើងវិញ​

.​ក្រុមមន្ត្រី​ជាន់ខ្ពស់​ហ្វុ​ន​ស៊ីន​ប៉ិច​គ្រោង​ទៅ​គាល់​សម្តេចក្រុមព្រះ​នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​បាងកក​

1114
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​សុខភាព​ល្​អ​ប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​ទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​ពេទ្យ​បាងកក ប្រទេស​ថៃ អស់​រយៈពេល​ជាង ១​ខែ បន្ទាប់​ព្រីះ​អង្គ​បាន​ជួប​គ្រោះថ្នាក់​ចរាចរនៅ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនាកន្លងទៅ។​

​លោក​ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា នេះ​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ព្រះរាជសុខភាព​ល្អប្រសើរ​ឡើងវិញ​ហើយ ដោយ​ក្រុមគ្រូពេទ្យ​ថៃ បាន​អនុញ្ញាតអោយ​ព្រះអង្គ​យាង​ចេញពី​បន្ទប់សង្គ្រោះបន្ទាន់ មក​សម្រាក​នៅ​បន្ទប់​ធម្មតា​ហើយ​។​​លោក​​បញ្ជាក់​ថា ក្រុមមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ទៅ​គាល់​សម្តេចក្រុមព្រះ នៅ​មន្ទីរពេទ្យ នាទី​ក្រុង​បាងកក ក្នុង​ពេល​ឆាប់ៗ​នេះ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ នៃ​ការ​ទៅ​គាល់​សម្តេចក្រុមព្រះ​នោះទេ​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ​។ នៅក្នុង​គ្រោះថ្នាក់​​នេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស​។ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព​។​

​ទាក់ទង​ករណី​គ្រោះថ្នាក់​ចរាចរនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី​២១ ខែមិថុនា ថា ករណី​គ្រោះថ្នាក់​ចរាចរ​លើ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា កាលពី​ថ្ងៃទី​១៧ ខែមិថុនា គឺជា​ករណី​គ្រោះថ្នាក់​ចរាចរ​សុទ្ធសាធ និង​មិនមែន​ជា​ករណី​អ្វី​ផ្សេង​ក្រៅពីនេះ​ទេ​។

​ជាមួយគ្នានេះ អគ្គស្នងការ​នគរបាល​ជាតិ បាន​បដិសេធ​ចំពោះ​ព័​ត៌​មាន​ទាំងឡាយណា​ដែល​លើកឡើង​មិន​ត្រឹម​ត្រូវ​។ ពីព្រោះ​ផ្អែក​តាម​ការស្រាវជ្រាវ​ករ​ណី​គ្រោះថ្នាក់​ចរាចរ​នេះ បង្កឡើង​ដោយ​ឈ្មោះ ម៉ិ​ល សារ៉េត បណ្តាល​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា មរណភាព និង​មនុស្ស​របួស​ជាច្រើន​នាក់​។ លោក​បាន​បញ្ជាក់ទៀតថា រថយន្ត​តាក់ស៊ី បាន​បើកបរ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង ទៅបុក​ព្រះទីនាំង​រថយន្តសម្តេចក្រុមព្រះធិ​។​អ្នកបើក​បរបាន​សារភាព​ពិតជា​បាន​បើកបរ​ក្នុង​ល្បឿន​លើស​កំណត់ វ៉ា​ជែង ក្នុង​ល្បឿន​១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ រថយន្ត​តាក់ស៊ី​ដែល​បុក​ព្រះទីនាំង​សម្តេចក្រុមព្រះ គឺ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក មាត្រា​៨៣ និង​មាត្រា​៨៥ និង​ផ្ទុក​មនុស្ស​លើស​កំណត់ (​សរុប​មនុស្ស​ក្នុង​រថយន្ត​តាក់ស៊ី​៧​នាក់ រួមទាំង​អ្នកបើកបរ​)៕ ល​/សរន