អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​៖ ករណី​វាយប្រហារ​គ្រាប់បែក​មុខ​អតីត​រដ្ឋសភា មិនទាន់​បិទ​សំណុំរឿង​នៅឡើយ​ទេ​

1166
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ឆ្លើយតប​ចំពោះ​ការលើកឡើង​របស់​មេដឹកនាំ​គណបក្ស​ភ្លើងទៀន ដែល​យក​ព្រឹត្តិការណ៍​វាយប្រហារ​គ្រាប់បែក នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ ដើម្បី​កេងចំណេញ​នយោបាយ​។ ចំពោះ​ករណី​វាយប្រហារ​គ្រាប់បែក​នេះ ក្រសួងមហាផ្ទៃ​នៅ​មិនទាន់បាន​បិទ​សំណុំរឿង​នៅឡើយ​ទេ គឺ​នៅតែ​បន្ត​ការស៊ើបអង្កេត​។

​ការឆ្លើយតប​ខា​លើ គឺ​បន្ទាប់ពី​លោក ទាវ វ​ណ្ណុល ប្រធាន​គណបក្ស​ភ្លើងទៀន បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ស្វែ​ករក​ឃាតក​ដែល​គប់​គ្រាប់បែក​យកមក​ផ្តន្ទាទោស កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ នេះ ក្នុង​ពិធី​រម្លឹក​ខួប​២១​ឆ្នាំ នៃ​ការ​គប់​គ្រាប់បែក​នៅមុខ​អតីត​រដ្ឋសភា​ចាស់​។​

​លោកនាយ​ឧ​ត្ត​ម​សេនី ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា ជារឿយៗ​ឲ្យ​តែ​ដល់​ថ្ងៃទី​៣០​មីនា គណបក្សប្រឆាំង​តែងតែ​យក​ថ្ងៃ​នឹង​ដើម្បី​ធ្វើការ​ឃោសនា វា​មិនមែន​ទៅជា​រឿង​ឃាតកម្ម ឬក៏​ការស្វែងរក​បទល្មើស​អី​ទេ វា​ទៅជា​រឿង​ឃោសនា​នយោបាយ​បណ្តុះបង្អាប់​ទៅវិញ ហើយ​ជា​ច​រិ​ក​របស់​គណបក្សប្រឆាំង ចាប់តាំងពី​ករណីនេះ​កើតឡើង​មកម្ល៉េះ​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា “​ចំពោះ​បទល្មើស​នេះ ចាប់តាំងពី​ដើម​រៀងមក សមត្ថកិច្ច​យើង​បាន​ខិតខំ​ណាស់ រហូតដល់​អញ្ជើញ FBI មក​សហការគ្នា​ទៀត ដោយសារ​មាន​ជនជាតិ​អាមេរិក​ម្នាក់​របួស រហូត​ទៅដល់​គូសវាស​បាន​រូបភាព​មួយ​ដែល​ហៅថា អា​ប្រេ​ស៊ី​ល ចាប់បាន​អា​ប្រេ​ស៊ី​ល​នឹង​ទៅ ប៉ុន្តែ​នៅពេលដែល​សមត្ថកិច្ច​តាម​ចាប់​អា​ប្រេ​ស៊ី​ល យើង​ក៏មាន​ព្រឹត្តិការណ៍ ៥-៦ កក្កដា ប៉ុន្តែ​វា​បានរ​ត់ទៅ​ពួន​នៅ​បន្ទាយ​សុវត្ថិភាព​មួយ បន្ទាប់មក​ពេលដែល​មាន​ព្រឹត្តិការណ៍​កើតឡើង​បាត់ដាន​អា​ប្រេ​ស៊ី​ល​”​។ លោក​បាន​សង្កត់ធ្ងន់ថា ចំពោះ​ករណីនេះ ក្រសួងមហាផ្ទៃ​មិនទាន់​បិទ​សំណុំរឿង​ទេ ប៉ុន្តែ​បើ​មាន​អ្វី​ឲ្យ​ច្បាស់​ជាក់លាក់ សូម​ឲ្យ​បង្ហាញ​មក​។​

​សូម​ជ​ម្រា​ថា នៅ​ព្រឹក​ថ្ងៃទី​៣០ មីនា ឆ្នាំ​២០១៨​នេះ គណបក្ស​ភ្លើងទៀន បាន​ប្រារព្ធ​ខួប​២១​ឆ្នាំ នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​លើ​ហ្វូង​បាតុករ​អហិង្សា​នៅមុខ​អតីត​រដ្ឋសភា​ចាស់ កាលពី​ថ្ងៃទី​៣០ មីនា ១៩៩៧ បាន​បណ្តាល​ឲ្យ​បាតុករ​ប្រមា​ណណ​ជាង ១០​នាក់​ស្លាប់ និង​មួយចំនួនទៀត​រងរបួស​។

​លោក ទាវ វ​ណ្ណុល ប្រធាន​គណបក្ស​ភ្លើងទៀន បាន​ថ្លែងថា នៅ​ថ្ងៃទី​៣០ មីនា ១៩៩៧ គឺមាន​ជនឧក្រិដ្ឋ​បាន​គប់​គ្រាប់បែក​ចំនួន​៤​គ្រាប់ បាន​បណ្តាល​ឲ្យ​បាតុករ​១៧​នាក់​ស្លាប់​។ នៅ​ថ្ងៃទី​៣០ មីនា នេះ គឺជា​ខួប​២១​ឆ្នាំ ព្រឹត្តិការណ៍​គប់​គ្រាប់បែក​លើ​ហ្វូង​បាតុករ​អហិង្សា នៅមុខ​អតីត​រដ្ឋសភា​ចាស់​។ ហើយ​២១​ឆ្នាំនេះ បាន​បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​កាន់តែ​រួម​តូចៗ សូម​ឲ្យ​រដ្ឋាភិបាល​រក​ឃាតក​ដែល​គប់​គ្រាប់បែក និង​សូម​អំពាវនាវ​ទៅដល់​រដ្ឋាភិបាល គិតពី​ផលប្រយោជន៍​ជាតិ និង​ជាពិសេស​បន្ធូ​បន្ថយកំដៅ​នយោបាយ​៕L​