អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៖ «​គ្មាន​ការលើក​ពេល​ពិន័យ​ឡាន ម៉ូតូ ដែល​គ្មាន​បណ្ណ​បើកបរ​ទេ​»

136
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចេញមុខ​បញ្ជាក់​ច្បាស់ៗ​ថា «​គ្មាន​ការលើក​ពេល​ពិន័យ​ឡាន ម៉ូតូ ដែល​គ្មាន​បណ្ណ​បើកបរ​» ដូច​ការផ្សព្វផ្សាយ នាពេល​ថ្មីៗ​នេះ​ទេ ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ថ្លែងថា ចាប់តាំងពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ រហូតមកទល់​ពេលនេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ពុំបាន​ប្រកាស​ឬ​ដាក់ចេញ​នូវ​គោលការណ៍​ពន្យារ ឬ​លើក​ពេល​ក្នុងការ​ត្រួតពិនិត្យ និង​ពិន័យ​ចំពោះ​ករណី​គ្មាន​បណ្ណ​បើកបរ​នោះទេ ហើយ​កិច្ចការ​នេះ ត្រូវ​បាននិងកំពុង​បន្ត​ចាត់តាំង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្លែង​ទៀតថា ខ្លឹមសារ​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Youtube នោះ គឺ ជា​ខ្លឹមសារ​នៃ​បទ​អន្តរា​គន៍​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាត់ទុកថា ការផ្សព្វផ្សាយ​នេះ គឺ មាន​ចេតនា​បង្ក​ការរាំងស្ទះ​ដល់​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច និង មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​បរិយាកាស​សង្គម​ទៀតផង​៕ ល​