អ្នកនាំពាក្យ​: គ​.​ជ​.​ប ទទួលស្គាល់​ចុះបញ្ជី​គណបក្សនយោបាយ​ចំនួន​១៦ និង​គណបក្ស​៤​ទៀត បំពេញ​ឯកសារ​មិន​គ្រប់​លក្ខខណ្ឌ​

1026
ចែករម្លែក
​លោក​ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប (រូបឯកសារ)

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​ទទួលស្គាល់​ចុះបញ្ជី​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច មួយទៀត​ហើយ នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ នេះ​។
​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គឺជា​គណបក្ស​ទី​១៦ ដែល​គ​.​ជ​.​ប បានទទួល​ចុះបញ្ជី​។ ចំណែក​គណបក្សនយោបាយ​ចំនួន​៤​ទៀត គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​រស្មី​ខេមរា គណបក្ស​ខ្មែរ​សាធារណរដ្ឋ និង​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គឺ​គ​.​ជ​.​ប មិនទាន់​ទទួលស្គាល់​ចុះបញ្ជី​នៅឡើយ​ទេ ដោយសារតែ​បំពេញ​ឯកសារ​មិនបាន​គ្រប់​លក្ខខណ្ឌ​។​

​លោក​ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២១ ខែឧសភា នេះ​ថា គ​.​ជ​.​ប នឹងធ្វើ​លិខិត​ទៅ​គណបក្ស​ទាំង​៤ ដើម្បី​ស្នើសុំ​បំពេញ​ឲ្យ​គ្រប់​លក្ខខណ្ឌ ដោយ​ទុក​រយៈពេល​៥​ថ្ងៃ សម្រាប់​គណបក្ស​និ​មួយៗ ផុត​រយៈពេល​៥​ថ្ងៃ គ​.​ជ​.​ប នឹង​បដិសេធ​ការចុះបញ្ជី​របស់​គណបក្ស​នយោបាយ​ទាំង​៤​នេះ​។ ហើយ​គណបក្ស​ទាំង​៤ មាន​រយៈពេល​៥​ថ្ងៃ ដើម្បី​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ហើយ​ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​ដោះស្រាយ​បណ្តឹង​នេះ ក្នុង​រយៈពេល​១០​ថ្ងៃ​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២១ ខែឧសភា នេះ គឺមាន​គណបក្សនយោបាយ​ចំនួន​១៦ ត្រូវ​បានគ​.​ជ​.​ប សម្រេច​ទទួលស្គាល់​ចុះបញ្ជី ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​គណបក្សនយោបាយ​ទាំង​១៦​រួមមានៈ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឈរ​នៅ​២៥​មណ្ឌល​។ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឈរ​នៅ ២៥​មណ្ឌល​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​នៅ ២៥​មណ្ឌល​។ គណបក្ស​ខ្មែរ​តែ​១ ឈរ​នៅ​១៦​មណ្ឌល​។ គណបក្ស​ពន្លឺ​ថ្មី​ឈរ​នៅ​១៣​មណ្ឌល​។ គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល​។ គណបក្ស​យុវជន​កម្ពុជា ឈរ​នៅ ១៧​មណ្ឌល​។​គណបក្ស​សញ្ជាតិ​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរ​នៅ ២៥​មណ្ឌល​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈរ​នៅ ២៥​មណ្ឌល​។ គណបក្ស​ខ្មែរ​ឈប់​ក្រ ឈរ​នៅ ២៥​មណ្ឌល​។ គណបក្ស​ធម្មាធិបតេយ្យ ឈរ​នៅ ១០​មណ្ឌល​។ គណបក្ស​មាតុភូមិ​យើង ឈរ​នៅ​៦​មណ្ឌល​។ គណបក្ស​ខ្មែរ​ក្រោក ឈរ​នៅ​៦​មណ្ឌល​។ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ឈរ​នៅ​១៦​មណ្ឌល និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឈរ​នៅ​១២​មណ្ឌល​៕ ល​