អ្នកវិទ្យាសាស្ត្រ​ក្រូ​អាស៊ី ប្រើ​ឃ្មុំ​ហិតក្លិន​គ្រាប់មីន​បាន​ជោគជ័យ​នៅ​ចម្ការមីន​

2286
ចែករម្លែក

​អ្នកវិទ្យាសាស្ត្រ​ម្នាក់​បាន​បង្ហើប​ឱ្យដឹងថា ឃ្មុំ​ដែល​គេ​បង្វឹក​ឱ្យ​ចេះ​ហិតក្លិន ត្រូវបាន​យកទៅ​ប្រើប្រាស់​ជា​លើកដំបូង​ដើម្បី​ស្វែងរក​គ្រាប់មីន​នៅក្នុង​តំបន់​សង្គ្រាម​ក្នុង​អតីត​យូ​ហ្គោ​ស្លា​វី​។​

​ឃ្មុំ​ហិតក្លិន​នេះ​បាន​នាំ​ក្រុម​បោសសម្អាត​មីន​ទៅរក​ឃើញ​គ្រាប់បែក​មិនទាន់​ផ្ទុះ​ជាច្រើន​នៅ​ប្រទេស​ក្រូ​អាស៊ី ក្រោយពី​ពួកវា​ត្រូវបាន​បង្វឹក​ឱ្យ​ចេះ​ហិតក្លិន​គ្រាប់​មិនទាន់​ផ្ទុះ​។​

​ក្រុម​អ្នកជំនាញ​និយាយថា សត្វ​ឃ្មុំ​អាចមាន​ប្រសិទ្ធភាព​ជាង​សត្វ​ឆ្កែ​ក្នុង​ករណីខ្លះ ដោយសារតែ​ពួកវា​អាច​ធ្វើការ​បានយូរ​ជាង និង​មាន​តម្លៃថោក​។​

​ការប៉ុនប៉ង​ដើម្បី​ទទួលបាន​ឃ្មុំ​ដែល​ចេះ​ហិតក្លិន​គ្រាប់​មិនទាន់​ផ្ទុះ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៤​។​

​ទោះយ៉ាងណា នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​ឃ្មុំ​បានទទួល​ជោគជ័យ​ក្នុងការ​រកឃើញ​គ្រាប់មីន​។​

​លោក​បណ្ឌិត រ៉ូ​ស ហ្គី​ល​ឡាន់​ឌ័​រ រូប​វិទូ​មកពី​សាកលវិទ្យាល័យ​សេន​អ៊ែន​ទ្រូ បាន​ជួយ​រចនា​ឧបករណ៍​ដែល​រកឃើញថា​តើ​ឃ្មុំ​កំពុង​ត្រឡប់​ទៅ​សម្បុក​វិញ​ជាមួយនឹង​ដាន​គ្រឿងផ្ទុះ​ល្អិតៗ​ឬ​អត់​។​

​នៅពេល​បញ្ជាក់ថា​មាន​ដាន​គ្រឿងផ្ទុះ វីដេអូ​ពី​ដ្រូ​ន​ត្រូវបាន​គេ​ប្រើ​ដើម្បី​កំណត់​ទីកន្លែង​ដែល​ឃ្មុំ​ចាប់យក​ដាន​គ្រឿងផ្ទុះ​នោះ​។​

​លទ្ធផល​ជោគជ័យ​នៃ​ការសាកល្បង​ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ក្រូ​អាស៊ី​នេះ​បាន​បង្ហាញថា គ្រាប់មីន​បោះបង់ចោល​រាប់លាន​គ្រាប់​នៅ​ជុំវិញ​ពិភពលោក​អាច​នឹង​ត្រូវបាន​បោសសម្អាត​បាន​លឿន​ជាង​មុន និង​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​រាប់ពាន់នាក់​។​

​ការធ្វើ​តេស្ត​ជាក់ស្តែង​ដោយ​ប្រើ​ឃ្មុំ​បានចាប់ផ្តើម​នៅក្នុង​ប្រទេស​ក្រូ​អាស៊ី​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ហើយ​ត្រូវ​បានផ្តល់​មូលនិធិ​ដោយ​ស្ថាប័ន​វិទ្យាសាស្ត្រ​សម្រាប់​សន្តិភាព​និង​សន្តិសុខ​របស់​អង្គការ​ណា​តូ​។​

​លោក​បណ្ឌិត រ៉ូ​ស ហ្គី​ល​ឡាន់​ឌ័​រ បាន​បញ្ជាក់ថា សត្វ​ឃ្មុំ​បាន​រកឃើញ​គ្រាប់មីន​និង​គ្រាប់រំសេវ​ផ្សេងទៀត​ដែល​បាន​បាត់បង់​ក្នុងអំឡុង​សង្គ្រាម​រយៈពេល​៤​ឆ្នាំ​នៃ​ការតស៊ូ​របស់​ក្រូ​អាស៊ី​ដើម្បី​ឯករាជ្យភាព​ពី​យូ​ហ្គោ​ស្លា​វី ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ១៩៩១៕ ដោយ៖ កញ្ញាដាលីស

ឃ្មុំ​ត្រូវបាន​បង្ហាត់​ឱ្យ​ចេះ​ហិតក្លិន​មីន​នៅ​ក្រូ​អាស៊ី