អ្នកស្រាវជ្រាវ​និង​និស្សិត​បរទេស​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

488
ចែករម្លែក
អ្នកស្រាវជ្រាវ​និង​និស្សិត​បរទេស​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កំពុងស្តាប់លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាអធិប្បាយ

ដោយៈ​អ៊ុន សុដាវី​/​ភ្នំពេញៈ​ក្នុងអំឡុង​សតវត្សរ៍​ទី​២០ ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ​របប​ខ្មែរក្រហម ដែលជា​របប​ដ៏​ឃោរឃៅ​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។ របប​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជាង​ពីរលាន​នាក់ ព្រមទាំង​បាន​បំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងស្រុង​ត្រឹមតែ​រយៈពេល​ប្រហែល​៤៤​ខែ​ប៉ុណ្ណោះ​។


​រហូតមកដល់​សព្វថ្ងៃ របប​ខ្មែរក្រហម​បាន​កន្លងផុត​អស់​រយៈពេល​៤១​ឆ្នាំ​មកហើយ ប៉ុន្តែ​ប្រធានបទ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម នៅតែមាន​សារសំខាន់​សម្រាប់​ប្រទេស​កម្ពុជា និង​សកលលោក​ទាំងមូល​។ ក្រុម​អ្នកស្រាវជ្រាវ​មកពី​ប្រទេស​អូស្ត្រាលី និង​និស្សិត​មកពី Trinity Law School នៅ​សហរដ្ឋអាមេរិក បានមក​ទស្សនា​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុង​គោលបំណង​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​នេះ​។ នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែមករា ឆ្នាំ​២០២០ ក្រុម​អ្នកស្រាវជ្រាវ និង​និស្សិត ទទួលបាន​ការបង្ហាញ​ពី​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អំពី​ពិព័រណ៍​រូបថត និង​បន្ទាប់មក​បាន​ទស្សនា​ខ្សែភាពយន្ត «​កុំ​ស្មាន​បង​ភ្លេច​» ដែលជា​ខ្សែភាពយន្ត​ឯកសារ​ស្ដីពី​ប្រវត្តិ​សិល្បៈ និង​តន្ត្រី​ខ្មែរ នៅ​ទសវត្សរ៍​ទី​៦០ និង​៧០​។ «​កុំ​ស្មាន​បង​ភ្លេច​» បានបង្ហាញ​ពី​ទស្សនវិស័យ និង​សុទិដ្ឋិនិយម​របស់​ប្រទេស​កម្ពុជា ដែល​ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​។ បន្ទាប់ពី​ទស្សនា​ខ្សែភាពយន្ត ក្រុម​អ្នកស្រាវជ្រាវ និង​និស្សិត បាន​ចូលរួម​ស្តាប់​ការរៀបរាប់​អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​ខ្មែរក្រហម​ដោយ​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ផ្តោត​សំខាន់​ទៅលើ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ជនជាតិ​ចាម​នៅក្នុង​របប​ខ្មែរក្រហម​។

-​ក្រុម​អ្នកស្រាវជ្រាវ​ថតរូប​ជុំគ្នា​ជាមួយ​អ្នកស្រី សូ ហ្វា​រី​ណា នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (​រូប​ឈរ​កណ្តាល​)


​វាគ្មិន ក៏បាន​ឆ្លើយតប​ទៅនឹង​ចម្ងល់​ពី​ក្រុម​អ្នកស្រាវជ្រាវ និង​និស្សិត ដែល​បានលើកឡើង​ដូចខាងក្រោម ៖
​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ តើ​សន្តិភាព និង​ការផ្សះផ្សា​នៅក្នុង​ប្រទេស​កម្ពុជា មាន​លក្ខណៈ​យ៉ាងដូចម្តេច​ដែរ​?
​កិច្ចការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា មាន​គោលបំណង​សំខាន់ៗ​ចំនួន​ពីរ​គឺ ទី​១.ការចងចាំ សំដៅ​ទៅដល់​ការអប់រំ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ដែល​កំពុងតែ​ដំណើរការ​នៅក្នុង​កម្មវិធីសិក្សា​កម្រិត​វិទ្យាល័យ​នៅក្នុង​ប្រព័ន្ធ​អប់រំ​ក្នុងប្រទេស​កម្ពុជា​។ សិស្សានុសិស្ស​ដែល​ស្ថិតនៅក្នុង​កម្រិត​វិទ្យាល័យ​ចាប់ពី​ថ្នាក់​ទី​៩​ដល់​ថ្នាក់​ទី​១២ តម្រូវ​ឲ្យ​សិក្សា​មេរៀន​ប្រវត្តិសាស្ត្រ​ជា​ចាំបាច់​នៅក្នុង​ថ្នាក់រៀន​។ ទី​២. យុត្តិធម៌ គឺជា​ដំណើរការ​របស់​តុលា​ការដែល​កំពុងតែ​កើតមានឡើង​នៅក្នុង​តុលាការ​ខ្មែរក្រហម ដែល​មេដឹកនាំ​ខ្មែរក្រហម​ត្រូវបាន​នាំយកមក​កាត់ទោស​នៅទីនេះ​។ រីឯ​ការផ្សះផ្សា​វិញ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បង្កើត​មជ្ឈមណ្ឌល​នៅតាម​បណ្តា​ខេត្ត ដូចជា មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង មាន​ទីតាំង​ស្ថិតនៅលើ​ជួរ​ភ្នំ​ដងរែក ក្នុងស្រុក​អន្លង់វែង ដែលជា​អតីត​តំបន់​តស៊ូ​ចុងក្រោយ​របស់​ក្រុមខ្មែរក្រហម​។ ក្រៅពីនោះ យើង​បាន​បង្កើត​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង ស្ថិតនៅក្នុង​សាលា​គរុកោសល្យ​ភូមិភាគ​ព្រៃវែង និង​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង ស្ថិតនៅ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែលមាន​ដាក់​តម្កល់​ឯកសារ​អំពី​របប​ខ្មែរក្រហម និង បម្រើ​ដល់​សាធារណជន​សម្រាប់​សិក្សា​ស្រាវជ្រាវ ព្រមទាំង​ជា​វេទិកា​ពិភាក្សាគ្នា​រវាង​ជនរងគ្រោះ កម្មាភិបាល​ខ្មែរក្រហម និង​ក្មេងៗ​ជំនាន់​ក្រោយ​។

​ក្រុម​អ្នកស្រាវជ្រាវ​ថតរូប​ជុំគ្នា​ជាមួយ​អ្នកស្រី សូ ហ្វា​រី​ណា នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (​រូប​ឈរ​ទី​៤រាប់​ពីស្តាំ​)​

មជ្ឈមណ្ឌល​ទាំងនេះ គឺជា​កិច្ចការ​មួយ​ដែល​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​សហគមន៍ មានការ​ជួបប្រជុំ​រវាង​ជនរងគ្រោះ និង​កម្មាភិបាល​ខ្មែរក្រហម ដើម្បី​ចែករំលែក​បទពិសោធន៍​អតីតកាល​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។
​តើ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​លើកឡើង​យកមក​ពិភាក្សាបាន​ដល់​កម្រិតណា​ដែរ​?
​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​នេះ​គឺ​ទាមទារ​ឲ្យ​យើង​ក្រឡេកមើល​ទៅលើ​ការ​បរិច្ឆេទ​នៃ​ប្រវត្តិសាស្ត្រ​។ ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​ជាច្រើន​ជំនាន់​ហើយ​ជំនាន់​នីមួយៗ​មាន​ទាំង​បន្លាស់​ប្តូរ​សង្គម និង​បរិបទ​នយោបាយ​ផ្សេងៗ​ពីគ្នា​។
​តើ​មានការ​ពិភាក្សា​យ៉ាង​ទូលំទូលាយ​ដែរឬទេ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បាន​កើតឡើង​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩?
​ជាការ​ពិតណាស់ ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ត្រូវបាន​និយាយ​ដោយ​បើកចំហ ពីព្រោះ យើង​មានការ​បង្រៀន​ប្រវត្តិសាស្ត្រ​នេះ​នៅក្នុង​ថ្នាក់រៀន ថែមទាំង​ផ្តល់ឱកាស​ដល់​ជនរងគ្រោះ និង​ជនដៃដល់​ចែករំលែក​ពីបទ​ពិសោធន៍​របស់ខ្លួន​ទៅកាន់​ក្មេងៗ​ជំនាន់​ក្រោយ​។

អ្នកស្រី សូ ហ្វា​រី​ណា នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (​អង្គុយ​បែរខ្នង​) ជួបពិភាក្សា​ជាមួយ​អ្នកសិក្សា​ស្រាវជ្រាវ


​តើ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ប្រមែប្រមូល និង​ចងក្រង​ឯកសារ​ដើម្បី​អ្វី​?
​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ប្រមែប្រមូល​និង​ចងក្រង​ឯកសារ​ក្នុង​គោលបំណង​បម្រើ​ដល់ ទី​១) យុត្តិធម៌ ដែលមាន​ឯកសារ​ជាច្រើន​ត្រូវបាន​ផ្តល់​ឲ្យ​តុលាការ​ខ្មែរក្រហម​ដើម្បី​វិនិច្ឆ័យ​ទោស​មេដឹកនាំ​ខ្មែរក្រហម​ឲ្យ​បាន​ត្រឹមត្រូវ​។ ទី​២) ការប្រមែប្រមូល និង​ចងក្រង​ឯកសារ​នេះ ក៏បាន​បម្រើ​ដល់​ការចងចាំ​ដែរ​។ ឯកសារ​ទាំងអស់នេះ ពិត​ជាមាន​សារសំខាន់​ណាស់​ក្នុងការ​រៀបរាប់​អំពី​ការអប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ កម្មវិធី​អប់រំ​ពី​អំពី​ប្រល័យពូជសាសន៍​ខ្មែរក្រហម លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស​ស្វែងយល់​អំពី​អតីតកាល ដោយ​មិនមែន​រៀន​ដើម្បី​ជឿ​ទៅលើ​អ្វីដែល​បានកើត​ឡើង​ក្នុង​អតីតកាល​នោះទេ ប៉ុន្តែ​យល់​ទៅលើ​ហេតុការណ៍​ដែល​បាន​កើតឡើង​នាពេលនោះ​។ ជា​ចុងក្រោយ ការប្រមែប្រមូល និង​ចងក្រង​ឯកសារ គឺ​ដើម្បី​ការផ្សះផ្សា​សង្គម​ដែល​បាន​បាក់បែក​តាមរយៈ​ការបង្កើត​ឲ្យ​មានការ​សន្ទនា​រវាង​ជនរងគ្រោះ និង​ជនដៃដល់​ជាមួយនឹង​សិស្សានុសិស្ស​។

អ្នកសិក្សា​ស្រាវ​កំពុង​ទស្សនា​ពិព័រណ៍​រូបថត​។​


​តើ​អ្នក​អាចជួយ​ពន្យល់​អំពី​ការទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​បានដែរ​ឬទេ​?
​ជាការ​ពិតណាស់ រឿងរ៉ាវ​នៃ​ការទម្លាក់​គ្រាប់បែក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា គឺ​ស្ថិតនៅ​ក្នុងអំឡុងពេល​នៃ​សង្គ្រាម​វៀតណាម​។ តាមរយៈ​ទីតាំង​ភូមិសាស្ត្រ ប្រទេស​កម្ពុជា គឺ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​វៀតណាម​ទាំង​វៀតណាម​ខាងជើង និង​វៀតណាម​ខាងត្បូង​។ ក្រោយមក សង្គ្រាម​វៀតណាម​បាន​គ្របដណ្តប់​លើ​ដែនដី​នៃ​ប្រទេស​កម្ពុជា​។ នេះ​បានបញ្ជាក់​ឲ្យ​ដឹងថា​កងទ័ព​វៀតណាម​ខាងជើង បាន​យក​ដែនដី​នៃ​ប្រទេស​កម្ពុជា​បន្ត​លាក់ខ្លួន​ធ្វើជា​ជម្រក​។
​តើ​ការតាំង​ទីលំនៅ​របស់​ប្រជាជន​ខ្មែរ​នៅក្នុង​សហរដ្ឋអាមេរិក​មាន​ល​ក្ខ​ណៈ​ដូចម្តេច​ដែរ​?
​បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​នៅ​ដើមឆ្នាំ​១៩៧៩ គឺជា​ការចាប់ផ្តើម​ឡើង​នូវ​វិបត្តិ​របស់​ជនភៀសខ្លួន​ខ្មែរ ដែលជា​ពេលវេលា​បើកផ្លូវ​អនុញ្ញាត​ដល់​ជនភៀសខ្លួន​ទៅ​តាំង​ទីលំនៅ​ក្នុងប្រទេស​ទី​បី​៕សរន

អ្នកសិក្សា​ស្រាវ​កំពុង​អាន​សៀវភៅ​