អ្នក​ផ្លាស់ប្តូរ​សកលលោក​ឆ្នាំ​២០១៨ ៖ អឺ​ដូ​ហ្គា​ន រឹងមាំ​ក្នុងស្រុក និង​ដើរតួ​ជា​អ្នកសម្របសម្រួល​ដ៏​សំខាន់​លើ​ឆាក​អន្តរជាតិ​

1166
ចែករម្លែក
  • 28
    Shares

​ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន ស្ទើរតែ​មិនដែល​បាត់​មុខ​សោះ​លើ​សារព័ត៌មាន​សំខាន់ៗ​ក្នុង​ឆ្នាំ ២០១៨ ដោយ​មិន​គ្រាន់តែ​បាន​ពង្រឹង​អំណាច​របស់គាត់​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ​ថែមទាំង​បានធ្វើឱ្យ​ខ្លួន​គាត់​ក្លា​ជា​អ្នកសម្របសម្រួល​ដ៏​សំខាន់​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ទៀតផង​និង​ធានាថា​គាត់​នៅតែ​លេចមុខ​យ៉ាងសំខាន់​ក្នុង​រឿងរ៉ាវ​ធំៗ​ប្រចាំឆ្នាំ ជាពិសេស​ករណី​ឃាតកម្ម​លើ​អ្នកកាសែត​អារ៉ាប៊ីសាអ៊ូឌីត លោក ចា​ម៉ា​ល់ ខា​សូក​ជី​។​

​ទោះយ៉ាងណា នៅក្នុង​ស្រុក វិបត្តិ​ហិរញ្ញវត្ថុ​កំពុងតែ​កើតឡើង ហើយ​វិបត្តិ​ពី​រដ្ឋប្រហារ​ឆ្នាំ ២០១៦ នៅតែ​បន្ត​សល់​ចំហាយ​មកទល់​ឥឡូវ​។​

ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន
  • ចំណុច​សំខាន់ៗ​

​ឆ្នាំ ២០១៨ គឺជា​ឆ្នាំ​ដ៏​ធំ​មួយ​សម្រាប់​លោក​អឺ​ដូ​ហ្គា​ន​។​

​ក្នុង​ខែមិថុនា​លោក​បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី ដោយ​ផ្តល់ឱ្យ​គាត់​នូវ​អាណត្តិ​ទី​២​ជាមួយ​អំណាច​ប្រតិបត្តិ​ធំ​ជាង​មុន​ក្នុងនាម​ជា​ប្រមុខរដ្ឋ​ផង​និង​ប្រមុខ​រដ្ឋាភិបាល​ផង បន្ទាប់ពី​កែ​រដ្ឋធម្មនុញ្ញ​កាលពី​ឆ្នាំមុន​ដែល​លុបចោល​តំណែង​នាយករដ្ឋមន្ត្រី​។​

​លើ​ឆាក​អន្តរជាតិ​វិញ លោក​អឺ​ដូ​ហ្គា​ន​បាន​នាំមុខគេ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​ជាង​៧​ឆ្នាំ​។​

​លោក​បាន​បន្ត​ធ្វើជា​សហ​ប្រធាន​កិច្ចចរចា​នៅ​ទីក្រុង​អា​ស្តា​ណា ជាមួយ​រុស្ស៊ី​និង​អ៊ីរ៉ង់ ដែល​រៀបចំឡើង​ស្របទៅនឹង​ការចរចា​របស់​អ​.​ស​.​ប និង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​មេដឹកនាំ​អាល្លឺម៉ង់​បារាំង​និង​រុស្ស៊ី​ក្នុង​ខែតុលា​ដើម្បី​ពិភាក្សា​អំពី​ការរៀបចំ​គណៈកម្មាធិកា​រ​មួយ​ដើម្បី​ធ្វើ​ពង្រាង​រដ្ឋធម្មនុញ្ញ​សម្រាប់​ប្រទេស​ស៊ី​រី​។​

​ការសហការ​របស់លោក​អឺ​ដូ​ហ្គា​ន​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន ទោះបីជា​មេដឹកនាំ​ទាំង​២​គាំទ្រ​ភាគី​ជំទាស់​ផ្សេងគ្នា​នៅក្នុង​ជម្លោះ បាន​បង្កើតឱ្យមាន​តំបន់​គ្មាន​ការប្រយុទ្ធ​គ្នា​មួយ​នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​។​

​ប៉ុន្តែ​ប្រហែល​ការរួមចំណែក​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បំផុត​របស់​អឺ​ដូ​ហ្គា​ន​បាន​កើតឡើង​បន្ទាប់ពី​ការធ្វើឃាត​លោក​ខា​សូក​ជី នៅ​អ៊ី​ស្តង់​ប៊ុល​ក្នុង​ខែតុលា​។​

​ដោយ​ចេញផ្សាយ​ព័ត៌មាន​លម្អិត​អំពី​ការស៊ើបអង្កេត​របស់​តួ​ក​គី​ក្នុង​របៀប​ច្រំ​ដែលៗ ប្រធានាធិបតី​តួ​ក​គី​បាន​ធានាថា​រឿងរ៉ាវ​នេះ​គឺ​ស្ថិតនៅ​ទំព័រមុខ​សារព័ត៌មាន​ជាច្រើន​សប្តាហ៍ និង​បានដាក់​រូបគាត់​ចំ​កណ្តាល​នៃ​សាច់​រឿងនេះ​ក្នុងនាម​គាត់​ជា​អ្នកការពារ​សិ​ទិ្ធ​មនុស្ស ដោយ​ចោទប្រកាន់​ថ្នាក់ដឹកនាំ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ថា​បាន​នៅ​ពី​ក្រោយខ្នង​ការសម្លាប់​នេះ និង​ថែមទាំង​សរសេរ​អត្ថបទ​វិចារណកថា​មួយ​ចុះផ្សាយ​លើ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ទៀតផង​។​

  • ចំណុច​ធ្លាក់កូដ​

​ទោះយ៉ាងណា ចំពោះ​ពួក​អ្នក​រិះគន់​ខ្លះ កិច្ចចរចា​អំពី​ស៊ី​រី និង​ករណី​ឃាតកម្ម​លើ​លោក​ខា​សូក​ជី គឺ គ្រាន់តែ​ជាការ​ប៉ុនប៉ង​ដើម្បី​បង្វែរ​រឿងរ៉ាវ​ចេញពី​ការ​វិវឌ្ឍន៍​វិជ្ជមាន​តិចតួច​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ​។​

​តួ​ក​គី​បាន​ជួបប្រទះ​វិបត្តិ​រូបិយវត្ថុ​ដ៏​ធំ​បំផុត​នៅ​ឆ្នាំនេះ ជាមួយ​ប្រា​ក់លី​រ៉ា​របស់​តួ​ក​គី​បាន​ធ្លាក់​ថ្លៃ ៤០ ភាគរយ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។​

​អាជ្ញាធរ​តួ​ក​គី​ក៏បាន​បន្ត​ចាប់ខ្លួន​បុគ្គលិក​យោធា​និង​សន្តិសុខ​រាប់សិប​នាក់​ព្រមទាំង​អ្នកកាសែត​ពីបទ​ចោទប្រកាន់​ភេ​វរ​កម្ម​និង​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​បព្វជិត​និរទេស​ខ្លួន​ឈ្មោះ ហ្វេ​ធូ​ឡា ហ្គូ​លិ​ន (Fethullah Gulen) ដែល​លោក​អឺ​ដូ​ហ្គា​ន​ជឿថា​ជា​មេក្លោង​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំងនឹង​រូបលោក​កាលពី​ឆ្នាំ ២០១៦​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​តួ​ក​គី មនុស្ស​ប្រមាណ​ជិត ២.០០០ នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​មួយជីវិត​ជុំវិញ​ការធ្វើ​រដ្ឋប្រហារ​បរាជ័យ​នោះ​។​

​ទន្ទឹមនឹង​នេះដែរ ការដាក់​ពន្ធនាគារ​លើ​អ្នកនយោបាយ​បក្សប្រឆាំង​អម្បូរ​ឃឺ​ដ​ម្នាក់​បានធ្វើឱ្យ​លោក​អឺ​ដូ​ហ្គា​ន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប​។ លោក​ប្រធានាធិបតី​បាន​អះអាងថា​គណបក្ស​ប្រជាធិបតេយ្យ (HDP) ដែល​គាំទ្រ​ប្រជាជន​ឃឺ​ដ មាន​ទំនាក់ទំនង​ជាមួយ​ពួក​បំបែក​ខ្លួន​ឃឺ​ដ​។​

​សូម្បី​ទាក់ទង​នឹង​ប្រទេស​ស៊ី​រី លោក​អឺ​ដូ​ហ្គា​ន​និង​ដៃគូ​របស់គាត់​ទំនង​មិនអាច​ជួយ​រួមចំណែក​ដល់​គណៈកម្មាធិកា​រ​ដើម្បី​ធ្វើ​ពង្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ស៊ី​រី​ឱ្យទាន់​មុន​ចុងឆ្នាំ​ដូចដែល​បាន​សន្យា​នោះដែរ​។​

  • តើ​នឹង​មានរឿង​អ្វី​ទៀត​សម្រាប់​ឆ្នាំ ២០១៩?

​ស្ថានភាព​សេដ្ឋកិច្ច​របស់​តួ​ក​គី​ទំនងជា​នឹង​ក្លាយជា​ការធ្វើ​តេស្ត​ដ៏​ធំ​បំផុត​សម្រាប់​លោក​អឺ​ដូ​ហ្គា​ន និង​រដ្ឋាភិបាល​របស់​លោក​នៅ​ឆ្នាំក្រោយ ហើយ​វិនិយោគិន​បរទេស​នឹង​ឃ្លាំមើល​យ៉ាង​ដិតដល់​ដើម្បី​មើល​ពី​របៀប​ដែល​ពួកគេ​គ្រប់គ្រង​វិបត្តិ​ដែល​កំពុង​កើតមាន​។​

​ក្រុមអ្នកវិភាគ​បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ច​នឹងមាន​ការធ្លាក់​ចុះ​ឬ​យ៉ាងហោចណាស់​លូតលាស់​ក្នុង​អត្រា​យឺត​ជាង​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​អាចមាន​ឥទ្ធិពល​លើ​ការបោះឆ្នោត​ក្នុងស្រុក​នៅ​ខែមីនា​ខាងមុខ​។​

​ទោះយ៉ាងណា អំពី​ជម្លោះ​ក្នុង​តំបន់​និង​វិបត្តិ​ដូចជា​នៅ​ប្រទេស​ស៊ី​រី​និង​យេ​ម៉ែន លោក​អឺ​ដូ​ហ្គា​ន​នឹង​នៅតែ​ជា​អ្នកសម្របសម្រួល​ដ៏​សំខាន់​និង​ជា​ប្រភព​នៃ​ជំនួយ​មនុស្សធម៌​៕ ដោយ៖ កញ្ញាដាលីស

ប្រភព​៖ CGTN