អ្នក​សារ​ព័ត៌​មាន​កម្ពុជានិង​ចិន ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​

1044
ចែករម្លែក

(គ័ង​ស៊ី)៖​ទីភ្នាក់ងា​សារព័ត៌មាន​ក្រុង​លៀវ​ចូ​វ​និង​កម្ពុជា​បាន​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ក្នុង​គោលបំណង​កែលម្អ​ក៏ដូចជា​សំដៅ​អភិវឌ្ឍ​លើ​វិស័យ​ប្រព័ន្ធ​ឃោសនា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការ​ទាក់ទាញ​ចំណូលចិត្ត​មិត្ត​អ្នកអាន​ក្នុង​កម្រិត​បរិមាណ​កើន​ឡើងជា​លំដាប់​នៃ​ប្រទេស​ទាំង​២​កម្ពុជា-ចិន និង​ឱ្យ​កាន់​តែមាន​ប្រជាប្រិយភាព ។

​គោលបំណង​ខាងលើនេះ​បានបង្ហាញ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​លៀវ​ចូ​វ ខេត្ត​គ័ង​ស៊ី​របស់​គណប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា ដឹកនាំ​ដោយ លោក​អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ពត៍​មាន និង​លោក ឈិន ប៉ី​ហួរ តំណាង​ស្ថាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ទីស្នាក់ការ ទីភ្នាក់ងារសារព័ត៌មាន​ប្រចាំថ្ងៃ​ទីក្រុង​លៀវ​ចូ​វ ។​

​តាម​ការលើកឡើង​ពី​លោក​ប្រធាន​ទីភ្នាក់ងារ​ប្រចាំ​ទីក្រុង​លៀវ​ចូ​វ​ពី​ភាពជោគជ័យ​របស់​សារព័ត៌មាន​ទីក្រុង​មួយ​នេះ​ថាៈ​សម្រាប​ការចេញផ្សាយ​កាសែត​មាន​ប្រជាជន​ប្រមាណ​ជា​២​លាន​នាក់​ចូលចិត្ត​អាន​កាសែត និង​មើល​តាម​អន​ឡាញ ដោយ​ប្រើប្រាស់​កម្មវិធី We chat និង QQ ជា​បណ្តាញ​សង្គម​របស់​ប្រទេស​ចិន​ជាមួយនឹង​អាត្រា​ប្រជាជន​៣​លាន​៨​សែន​នាក់ ។

​លោកនាយក​សារ​ព័ត៌​មានបាន​បន្តថាៈ សារព័ត៌មាន​លៀវ​ចូ​វ​បាន​ដំណើរការ​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៤៩​មាន​បុគ្គលិក​សរុប​ប្រមាណ​៧០០​នាក់​ដោយ​បែងចែក​ការផ្សាយ​ជា​៤​ផ្នែកៈ​ព័ត៌មាន​ពេលព្រឹក ពេល​ថ្ងៃ ពេលយប់ និង​ប្រចាំ​សប្តាហ៍ ដោយ​ទទួលបាន​ចំណូល ១០០​លាន​យ័ន ស្មើនឹង​ជាង​១៦​លាន​ដុល្លាក្នុង​មួយឆ្នាំៗ ។

​ជាការ​ឆ្លើយតប លោក អ៊ុក គីម​សេង ប្រធាន​ប្រតិភូ បាន​លើកឡើងថា នៅ​ប្រទេស​កម្ពុជា​បណ្តាញសារព័ត៌មាន​ត្រូវបាន​បើក​ទូលំទូលាយ​ក្នុងការ​ផ្សព្វផ្សាយ​ចូល​ជ្រៅ​ក្នុង​ស្រទាប់​មហាជន​តាមរយៈ​ទូរទស្សន៍ ទាំង​រដ្ឋ និង​ឯកជន កាសែត និង​បណ្តាញ​បច្ចេកវិទ្យា​ទំនើប​អន​ឡាញ ដូចជា Facebook សារព័ត៌មាន​ចិន​ជាដើម ។

​លោក​អ៊ុក គឹម​សេង​និង​លោក​ប្រធាន​សារព័ត៌មាន​លៀវ​ចូ​វ​បានបង្ហាញ​ពី​ឆន្ទៈ​ក្នុង​កិច្ចសហការ​ជាមួយ​បណ្តាញសារព័ត៌មាន​ភាគី​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​តាមរយៈ​ទស្សនកិច្ច​ការផ្លាស់ប្តូរ​បទពិសោធន៍​រវាង​គ្នា​និង​គ្នា​នាពេល​ខាងមុខនេះ​ផងដែរ ។

​នៅ​ថ្ងៃ​ដដែល​នេះ ប្រតិភូ​ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា បាន​បន្ត​ទស្សនកិច្ច រោងចក្រ​ផលិត​គ្រឿងចក្រ Liu Gong ហើយតាមការបញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន រោងចក្រ​មួយ​នេះ​មាន​សាខា​ជាច្រើន​នៅលើ​ពិភពលោក ជាពិសេស​តំបន់​អាស៊ាន រួមទាំង​កម្ពុជា​ផងដែរ ។

​បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច ប្រតិភូ​ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា បាន​ជិះទូក​តាម​ដង​ទន្លេ លាវ​ជាំ​ង ដើម្បី​ទស្សនា​ទិដ្ឋភាព​ទីក្រុង​លៀវ​ចូ​វនា​ពេល​រាត្រី ដែល​ទីក្រុង​ទាំងមូល​បាន​រចនា​ទៅដោយ​អំពូល​ភ្លើង​ចម្រុះ​ពណ៌​នៅតាម​អគារ​ខ្ពស់ៗ​និង​ភ្នំ​មួយចំនួន​តាម​ដង​ទន្លេ​ព្រមទាំង​មាន​ទឹកជ្រោះ​សិប្ប​និមិត្ត រំលេច​ដោយ​ភ្លើង​ចម្រុះ​ពណ៌ ដោយ​ទាក់ទាញ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​កំសាន្ត​យ៉ាងច្រើន​កុះករ​ក្នុងពេល​រាត្រី​។

សូមបញ្ជាក់ថា ក្រុម​អ្នក​សារ​ព័ត៌មាន​កម្ពុជា បានធ្វើ​ទស្សនកិច្ច​នៅក្នុង​ទីក្រុងលៀវ​ចូ​វ រយៈ​២​ថ្ងៃ​ក្រោម​ការឧបត្ថម្ភ​ពី​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា ដោយមាន​ការសម្របសម្រួល​ពី​ទីភ្នាក់ងារ​សារ​ព័ត​មាន​ទីក្រុង​លៀវ​ចូ​វ ៕ជាឈៀង/sn