អ្វី​ទៅជា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬហៅថា ប​សស?

1408
ចែករម្លែក

​ដោយ​:ឆាយា​នាថ​/​ភ្នំពេញ​ ៖ ​តាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ ហៅថា ប​សស រៀបរាប់ថា សន្តិសុខ​សង្គម​ត្រូវបាន​បង្កើតឡើង​ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៥៥ យោងតាម​ព្រះរាជក្រឹត្យ​លេខ​៥៥ និង​៣០៦​។

​តែ​គួរ​ឲ្យ​សោកស្តាយ​កំឡុងពេល​របប ប្រល័យ ពូជសាសន៍ (១៩៧៥-១៩៧៩) សន្តិសុខ​សង្គម​នេះ​ត្រូវបាន​បំផ្លាញចោល​ទាំងស្រុង​។ ពី​ឆ្នាំ​១៩៧៩-១៩៩៣ ប្រជាជន​បានទទួល​សេវា​ថែទាំ​សុខភាព​ដោយ ឥតគិតថ្លៃ​។

​បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ នាយកដ្ឋាន​សន្តិសុខ​សង្គម​ត្រូវបាន​បង្កើតឡើង​។ នាយកដ្ឋាន​នេះ​ទទួលខុសត្រូវ​ការរៀប​ចំទាំង​អស់នៃ​ប្រកាស​សម្រាប់ ការអនុវត្ត​កិច្ច​គាំពារ​សន្តិសុខ​សង្គម​ដល់​ប្រជាជន ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន​។ ជា​លទ្ធផល ការកែប្រែ​បទ​ប្បញ្ញត្តិ​ស្តីពី​ច្បាប់​ការងារ​ឆ្នាំ​១៩៩២​ដែលជា​ច្បាប់​ការងារ កម្ពុជា បច្ចុប្បន្ន​ដែល​អនុម័ត​ក្នុង​ឆ្នាំ​១៩៩៧ ត្រូវបាន​អនុវត្ត​ដោយ​នាយកដ្ឋាន​ការងារ (​ថ្មីៗ​នេះ​ប្តូរ​ទៅជា​អគ្គនាយកដ្ឋាន​ការងារ​)​។

​បន្ទាប់ពី​នោះមក ច្បាប់​សន្តិសុខ​សង្គម ត្រូវបាន​អនុម័ត​ដោយ​សភា​នៅ​ខែកញ្ញា ឆ្នាំ​២០០២ ដែល​ថ្មីៗ​ត្រូវបាន​គេ​ស្គាល់​ថា ច្បាប់​របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ ច្បាប់​ស្តីពី​ការងារ​។ អនុក្រឹត្យ​ស្តីពី​ការបង្កើត​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ត្រូវ​បានអនុម័ត នៅ​ឆ្នាំ​២០០៧ ដែល​បង្កើតឡើង​ដើម្បី​ជំនួស​នាយកដ្ឋាន​សន្តិសុខ​សង្គម​។

​ប​.​ស​.​ស​ត្រូវបាន​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​ផ្នែក​កិច្ច​គាំពារ សន្តិសុខ​សង្គម​ឱ្យស្រប​ទៅតាម​ច្បាប់​សន្តិសុខ​សង្គមជាតិ និង​បទ​ប្បញ្ញត្តិ​សន្តិសុខ​សង្គម​អនុលោម​តាម អនុក្រឹត្យ​។ ក្រោយពី​ការរៀបចំ​ដ៏​ធំ​ទូលាយ​នេះ ប​.​ស​.​ស ត្រូវបាន​ដំណើរការ​នៅ​ចុងឆ្នាំ​២០០៨ ។​

​អនុលោម​តាមច្បាប់ ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ស្ថានភាព​រីកចំរើន​នៃ​សេដ្ឋកិច្ចជាតិ និង​ការធ្វើសមាហរណកម្ម​ក្នុង​តំបន់ បេឡា​ជាតិ​របប​សន្តិសុខ សង្គម បាននិងកំពុង​ត្រៀមខ្លួន​តាមរយៈ​ការរៀបចំ​ពង្រីក ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ដោយបាន​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ប្រាំ​ឆ្នាំ នេះ​ឡើង ដែលមាន​ចក្ខុវិស័យ និង​បេសកកម្ម​ដ៏​ច្បាស់លាស់ ក្នុងការ​អនុវត្ត​ផ្នែក​សន្តិសុខ​សង្គម ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ទាន់ពេលវេលា សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ឱ្យទទួល​បាន​នូវ​សេវា​សន្តិសុខ​សង្គម នៅពេលដែល​ពួកគាត់​ជួបប្រទះ​នូវ​យថាភាព​ផ្សេងៗ មាន​ជាអាទិ៍ ជរាភាព ទុព្វលភាព មរណភាព ហានិភ័យ​ការងារ ឬ​ពេល​ជួបប្រទះ​យថាភាព​ផ្សេងៗ​ទៀត​ដូចជា​ជំងឺ និង​មាតុភាព​ជាដើម​។​

​ក្នុងស្ថានភាព​ដែល​ប្រទេស​កម្ពុជា​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ ការធានា​ផ្នែក​សន្តិសុខ​សង្គម មាន​សារៈសំខាន់​ខ្លាំងណាស់ ដោយបាន​ផ្តល់នូវ​ការ​គាំពារ​ចំពោះ ប្រជាជន​កម្ពុជា​និយាយ​ជារួម និង និយាយ​ដោយឡែក​សម្រាប់​កម្មករ​និយោជិត ដែល​បម្រើ​ការងារ​នៅតាម​សហគ្រាស គ្រឹះស្ថាន ដោយ​ផ្អែកលើ​ទស្សនាទាន​នៃ​ការចែក រំលែក និង​គោលការណ៍​សាមគ្គីធម៌​ក្នុងសង្គម ធានាបាន​នូវ​សន្តិសុខ ប្រាក់ចំណូល ពោលគឺ​មានន័យថា តាមរយៈ​ការធានា​ផ្នែក​សន្តិសុខ​សង្គម គ្មាន​សមាជិក​សង្គម​ណា ម្នាក់​ធ្លាក់​ទៅក្នុង​ហានិភ័យ​នៃ​ភាពក្រីក្រ ដោយ​មិនអាច​ងើប​រួច​បានឡើយ​។

​ម្យ៉ាងទៀត​គោលនយោបាយ​សន្តិសុខ​សង្គម ក៏​រួមចំណែក​យ៉ាងសំខាន់​ដល់​គោល នយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គោលការណ៍​នៃ​ការចែករំលែក​ប្រាក់ចំណូល តាម​ខ្សែទទឹង និង​ខ្សែបណ្តោយ គឺ​មានន័យថា អ្នកមាន​ប្រាក់ចំណូល​ខ្ពស់​ជួយ​ដល់​អ្នកមាន​ប្រាក់ចំណូល​ទាប អ្នកមាន​សុខភាព​ល្អ ជួយ​ដល់​អ្នកមាន​ជំងឺ ជនពិការ ឬ អ្នក​ដែល​ទទួលរង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ជន​មាន​វ័យក្មេង​ជួយ​ដល់​ជន​ចាស់ជរា ដែល​ការ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ក្នុងសង្គម​ទាំងមូល ទទួលបាន​នូវ​ភាពកក់ក្តៅ​ក្នុង​ជីវភាព​រស់នៅ ធានា​រក្សាបាន​ស្ថិរភាព និង​ភាពសុខដុមរមនា​នៅក្នុង​សង្គម​។​

​ដើម្បី​លើកកម្ពស់​សុខុមាលភាព​សង្គម ដោយ​ការធានា​ឱ្យបាន​នូវ​សន្ដិសុខ​ប្រាក់ចំណូល​រួម ចំណែក​កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​ស្ថិរភាព​សង្គម ប​.​ស​.​ស បាន​អនុវត្ត​របប​សន្តិសុខ​សង្គម សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​រួមមាន​៖ ផ្នែក​ហានិភ័យ​ការងារ​, ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ប្រាក់​សោធន​គ្រោង​អនុវត្ត​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។

​ឈរលើ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​ប្រកបដោយ ជោគជ័យ និង​ធានាឱ្យមាន​ភាព​សង្គតិភាព​ក្នុងការ​គាំពារ​សង្គម​ទាំង​វិស័យ​ឯកជន និង​មន្ត្រីរាជការ ក្នុង​វិស័យ​សាធារណៈ រាជរដ្ឋាភិបាល​បានប្រគល់​ភារកិច្ច​ឱ្យ​ប​.​ស​.​ស ជា​អ្នករៀបចំ និង​គ្រប់គ្រង​ការដាក់ឱ្យ​ដំណើរការ​របប​សន្ដិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ សម្រាប់​មន្ត្រី​សាធារណៈ និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន​ចាប់ពី ឆ្នាំ​២០១៧​តទៅ​៕​B/