អ.ស.ប. មកកម្ពុជា ត្រួតពិនិត្យការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ

430
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ អង្គការសហប្រជាជាតិ(អ.ប.ស)អ្នកជំនាញមកពីប្រទេសថៃនិងអេស្វាទីនី បានមកធ្វើការត្រួតពិនិត្យការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ជុំទី២ នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នាថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩នេះ។

ថ្លែងក្នុងពិធីកិច្ចប្រជុំទទួលការត្រួតពិនិត្យដល់ប្រទេសនូវការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ជុំទី២ នៅកម្ពុជា នាក្នុងអង្គភាពប្រឆាំងអំពើពុករលួយ លោកឃាងសេងបានមានប្រសាសន៍ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាដល់ភាគីត្រួតពិនិត្យ (តំណាងអ.ស.បនិងអ្នកជំនាញមកពីប្រទេសថៃ និងអេស្វាទីនី) ជួប សាកសួរ ជជែកដេញដោលលម្អិតផ្ទាល់ជាមួយភាគីពាក់ព័ន្ធអំពីការអនុវត្តជាក់ស្តែងទាក់ទងនឹងបទដ្ឋានដែលUNCAC បានកំណត់ និងដែលកម្ពុជាត្រូវគោរពតាម ដោយផ្តោតលើ ជំពូកទី ២ វិធានការបង្ការ
អំពើពុករលួយ និង ជំពូកទី ៥ ការបញ្ជូនមកវិញនូវផលនៃបទល្មើសពុករលួយ នៃ UNCAC បន្ថែមលើព័ត៌មានដែលបានផ្តល់ជូនក្នុងរបាយការណ៍ស្វ័យវាយតម្លៃដែលបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៩ ដែលកម្ពុជាបានដាក់ជូនពិនិត្យ ។

លោកបានបញ្ជាក់បន្ថែមថា”ក្នុងកិច្ចប្រជុំនេះ ក៏បានឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងការបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលទស្សនកិច្ចត្រួតពិនិត្យដល់ប្រទេសពីភាគីត្រួតពិនិត្យ ដែលជាយន្តការជាជម្រើសក្នុងដំណើរការត្រួតពិនិត្យ “។

លោកបានឱ្យដឹងបន្ថែមដែរថា”ក្រោយកិច្ចប្រជុំ ផ្អែកលើព័ត៌មានទទួលបាន ភាគីត្រួតពិនិត្យ នឹងរៀបចំនូវរបាយការណ៍ប្រចាំប្រទេស (Country Report) ស្តីពីការអនុវត្ត UNCAC នៅកម្ពុជា ដែលជាការគូសបញ្ជាក់ពីការបិទបញ្ចប់ការត្រួតពិនិត្យការអនុវត្ត UNCACជុំទី២ នៅកម្ពុជា”។

គួរបញ្ជាក់ថា ការត្រួតពិនិត្យការអនុវត្ត UNCAC ត្រូវបានធ្វើឡើងជា២ជុំ ដោយជុំទី១ ផ្តោតការត្រួតពិនិត្យលើ ជំពូកទី៣ ការកំណត់ជាបទល្មើស និង ជំពូកទី ៤ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជុំទី២ ផ្តោតការត្រួតពិនិត្យលើជំពូកទី ២ វិធានការបង្ការអំពើពុករលួយ និង ជំពូកទី ៥ ការបញ្ជូនមកវិញនូវផលនៃបទល្មើសពុករលួយ ហើយ ភាគីមកត្រួតពិនិត្យគឺជ្រើសរើសតាមការចាប់ឆ្នោត។ កម្ពុជាបានទទួលការត្រួតពិនិត្យជុំទី១ បានបញ្ចប់នៅឆ្នាំ២០១៥ ដោយតំណាងអង្គការសហប្រជាជាតិ និងអ្នកជំនាញមកពីប្រទេសមីយ៉ាន់ម៉ា និងតូហ្គ។

បើតាមសេចក្តីប្រកាសពត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យងផងថា ចំពោះដំណើរការនៃការរៀបចំការត្រួតពិនិត្យការអនុវត្ត UNCAC នៅកម្ពុជា ត្រូវបានមជ្ឈដ្ឋានអន្តរជាតិកោតសរសើរ និងទទួលស្គាល់ថា មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបើកចំហប្រកបដោយតម្លាភាព ដោយកម្ពុជាបានរួមបញ្ចូលគ្រប់ភាគីពាក់ព័ន្ធក្នុងយន្តការនៃការត្រួតពិនិត្យ រួមមានភាគីមកពីក្រសួងស្ថាប័នសាធារណៈ អង្គការសង្គមស៊ីវិល ផ្នែកសារព័ត៌មានផ្នែកសិក្សាធិការ និងវិស័យឯកជន។

សូមបញ្ជាក់ថា សម្រាប់ការត្រួតពិនិត្យការអនុវត្ត UNCAC ជុំទី១ កម្ពុជា ក៏បានបញ្ជូនអ្នកជំនាញការរាជរដ្ឋាភិបាលរបស់ខ្លួន ទៅត្រួតពិនិត្យប្រទេសចំនួន ៣ រួមមាន ម៉ាល់តា (២០១៣) ប៉ាឡៅ(២០១៤) និងអារ៉ាប៊ីសាអូឌីត (២០១៥) ហើយក៏បានទៅចែករំលែកបទពិសោធន៍របស់ខ្លួន តាមការអញ្ជើញរបស់អ.ស.ប. អំពីការរៀបចំយន្តការត្រួតពិនិត្យការអនុវត្ត UNCAC នៅកម្ពុជា ដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាភាគីត្រួតពិនិត្យខ្លួនផងដែរ កាលពីដើមឆ្នាំ២០១៥ ។ សម្រាប់ការត្រួតពិនិត្យការអនុវត្ត UNCAC ជុំទី២ កម្ពុជា ក៏នឹងបញ្ជូនអ្នកជំនាញការរាជរដ្ឋាភិបាលទៅត្រួតពិនិត្យប្រទេសគីរីបាសផងដែរ៕B/