ឥណ្ឌា​ប្រើ​ដ្រូ​ន​និង​រថយន្ត​អគ្គិភ័យ​ដើម្បី​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅពេល​ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​កើនឡើង​

113
ចែករម្លែក

​អាជ្ញាធរ​ឥណ្ឌា​បាន​ប្រើ​ដ្រូ​ន​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ដើម្បី​សម្លាប់​មេរោគ​នៅ​ទីក្រុង​អា​មេ​ដា​បាត​កាលពី​ថ្ងៃ​សៅរ៍​ទី​០៩​ឧសភា នៅពេល​ករណី​ឆ្លង​វីរុស​បាន​កើនឡើង ហើយ​ប៉ូលិស​ប៉ះទង្គិច​ជាមួយ​កម្មករ​​ចំណាកស្រុក​ដែល​ប្រឆាំង​នឹង​ការបិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​។​

​ទីក្រុង​ដែល​មាន​ប្រជាជន​៥,៥​លាន​នាក់​រស់នៅ​នេះ បាន​ក្លាយ​ជា​ការព្រួយបារម្ភ​ធំ​មួយ​ដោយសារ​វា​មាន​មនុស្ស​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​ចំនួន​៣៤៣​នាក់ ក្នុងចំណោម​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​សរុប​ជិត​២.០០០​នាក់​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​។​

​អ្នកស្រុក​មើលដ្រូ​ន​ចេញ​ពីយ៉​ផ្ទះ​របស់​គេ​នៅ​ពេល​រថយន្ត​អគ្គិភ័យ​និង​យានយន្ត​ដទៃ​ទៀត​បាញ់ថ្នាំ​តាម​ដងផ្លូវ​នៃ​ក្រុង​អា​មេ​ដា​បាត​

​ប៉ូលិស​នៅ​ក្រុង​អា​មេ​ដា​បាត​ក្នុង​រដ្ឋ​ហ្គូ​ចា​រ៉ា​ត ចាប់ខ្លួន​មនុស្សដែល​ចោល​ដុំ​ថ្ម​ដាក់​ពួកគេ​ក្នុងអំឡុងពេល​មាន​ការតវ៉ា​ការបិទ​ខ្ទប់​ទីក្រុង​

​កាលពី​យប់​ថ្ងៃ​សុក្រ កងកម្លាំង​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដាក់​កម្មករ​ចំណាកស្រុក​ប្រមាណ​៥០០​នាក់​ដែល​ប្រឆាំង​នឹង​វិធាន​ការបិទ​ខ្ទប់​ទីក្រុង​។​មនុស្ស​១៥​នាក់​ត្រូវបាន​ចាប់ខ្លួន​ហើយ​អាជ្ញា​​ធរ​បាន​បង្កើន​វត្តមាន​ប៉ូលិស​កាលពី​ថ្ងៃ​សៅរ៍​។​

​សូមបញ្ជាក់​ថា ឥណ្ឌា​បាន​ស្ថិត​ក្នុង​ការបិទ​ខ្ទប់​ធំ​បំផុត​ចាប់តាំងពី​ថ្ងៃ​២៥​មីនា​មក ហើយ​កាលពី​ថ្ងៃ​សុក្រ​ទី​៨​ឧសភា ទីក្រុង​អា​មេ​ដា​បាត​ត្រូវបាន​រឹត​បន្តឹងបន្ថែម ដោយសារ​តែ​ការឆ្លង​ជំងឺ​កាន់តែ​កើន​​ឡើង​៕​ប្រែ​សម្រួល​៖​វាសនា​