ឧបករណ៍​នេសាទ​ខុសច្បាប់​ថ្មី​លុកលុយ​ក្នុង​បឹង​ស្នែ​បាន​បង្ក្រាប​ហើយ​

168
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​បឹង​ស្នែ​មាន​ទំហំ​ជាង​៤០០​ហិកតា​កត់ត្រា​ជា​សារពើភ័ណ្ឌ​ធា​រាស្ត្រ​របស់​ក្រសួង​ធនធានទឹក​ក្នុង​ខេត្តព្រៃវែង​ពីមុន​មាន​អភិរក្ស​តែ​មេ​ពូជ​ត្រី​ទេ​។​តែ​ពេលនេះ​បាន​ឈានទៅ​ធ្វើការ​អភិរក្ស​តំបន់​សត្វ​ស្លាប​រស់នៅ​ក្នុងព្រៃ​លិច​ទឹក​ទើប​លូតលាស់​ថ្មី​លើ​ផ្ទៃដី​ជាង​១០០​ហិកតា​ដោយមាន​សត្វ​ស្លាប​ច្រើន​ប្រភេទ​រស់នៅ​តែ​មិន​ត្រូវបាន​បំផ្លាញ ដូចជា​មេ​ពូជ​ត្រី​នៅតាម​បណ្តា​អន្លង់​អភិរក្ស​នោះទេ​។​

​លោក​អូន​ស៊ី​ណាត​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តព្រៃវែង​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២០​ថា បទល្មើស​នេសាទ​នៅ​បឹង​ស្នែ ក្នុង រយៈពេល​ចុងក្រោយ​នេះ​មាន​រូបភាព​ថ្មី​ប្លែកៗ ។​ដូចជា​ការប្រើ​រំសេវ​ផាវ​បំផ្ទុះ​ក្នុង​សម្រាស់​ឱ្យ​ត្រី​រត់​ចេញពី​សម្រាស់​ចូល​អួន​ដែល​បាន​ហ៊ុមព័ទ្ធ​ជុំវិញ​សម្រាស់​និង​ប្រើ​គ្រឿងយន្ត​កែច្នៃ​រុញ​ឧបករណ៍​ឈឹប​ចាប់​ត្រី​។​

​គ្រឿងយន្ត​ដែល​រដ្ឋបាល​ជលផល​ខេត្តព្រៃវែង​ចាប់បាន​មួយគ្រឿង​កាលពី​ថ្ងៃទី​៨​ខែមេសា​ត្រូវបាន​លោក​អូន​ស៊ី​ណាត​ពន្យល់ថា​ផ្សំ​ឡើង​ពី​ធុង​ជ័រ​ធំៗ​ពុះ​ជា​ពីរ​។​ដោយ​គ្រឿងយន្ត​មួយ​គេ​បាន​ប្រើ​ធុង​ពី​ពីរ​ទៅ​បី​(៤​ចំហៀង​ឬ​៦​ចំហៀង​)​ចាប់​ប៊ូឡុង​ភ្ជាប់​គ្នា​មាន​ក្រាល​រនៀប​ពីលើ​មាន​ដំបូល​រស់​នៅលើ​ផ្ទៃ​ទឹកបាន​។​ប្រើ​ម៉ាស៊ីន​ដើម្បី​បន្លាស់​ទី​សម្រាប់​រុញ​ឈឹប​ដែលមាន​មុខធំៗ​អាច​ចាប់​ត្រី​បាន​ច្រើន​នៅក្នុង​តំបន់​អភិរក្ស​មេ​ពូជ​ត្រី​របស់​សហគមន៍​។​


​លោក​អូន​ស៊ី​ណាត​បាន​និយាយ​ឱ្យដឹងទៀតថា​យន្ត​ច្នៃ​ដែល​គេ​បាន​បង្កើតឡើង​សម្រាប់ធ្វើ​សកម្មភាព​ផ្ទៃ​ទឹក​នៅ​បឹង​ស្នែ​ត្រូវបាន​សហគមន៍​នេសាទ​រាយការណ៍​មក​ថា​មាន​ចំនូ​ន​ពីរ​ទៅ​បី​គ្រឿង​ពេលនេះ​ចាប់បាន​មួយគ្រឿង​ហើយ​និង​កំពុង​បន្ត​ស្វែងរក​ទៀត​។​ពិបាក​ស្វែងរក​បន្តិច​ព្រោះ​បឹង​នេះ​កន្លែង​ខ្លះ​មានព្រៃ​លិច​ទឹក​អាច លាក់ខ្លួន​បាន​។​
​បទល្មើស​នេសាទ​នៅក្នុង​បឹង​ស្នែ​ជាពិសេស​ក្នុង​អន្លង់​អភិរក្ស​ចំនួន​៤​ការពារ​ដោយ​សហគមន៍​នេសាទ​ត្រូវបាន​នាយ​ខណ្ឌ​ជល​ខាងលើ​និយាយថា​មានការ​ដាក់​សម្រាស់​ឆក់​អូស​ឈឹប​របាំង​ស្បៃ​មុង​និង​អូស​អួន​វែងៗ​ដែលជា​ឧបករណ៍​នេសាទ​ខុសច្បាប់​ត្រូវបានធ្វើ​ការបង្ក្រាប​ជា​បន្តបន្ទាប់​។​ដើម្បី​ការពារ​ពូជ​ត្រី​នៅតាម​អន្លង់​ដែលមាន​ទឹក​ជម្រៅ​ជាង​ពីរ​ម៉ែត្រ​។​កន្លងទៅ​នៅតាម​អន្លង់​យើង​(​ស៊ី​ណាត​)​បានដាក់​លូ​និង​បង្គោល​ឈើ​ដើម្បី​ទប់ទល់​ការ​លួច​ធ្វើ​នេសាទ​ដោយ​អូស​អួន​ត្រូវបាន​គេ​លប​បំផ្លាញ​អស់​ទៅវិញ​។​

​លោក​អូន​ស៊ី​ណាត​បញ្ជាក់ថា​នៅក្នុង​ការបង្ក្រាប​កន្លង​ទៅនេះ​រឹបអូស​បាន​ឧបករណ៍​នេសាទ​ខុសច្បាប់​សឹងរ​កន្លែង​ដាក់​គ្មានទេ​ឧបករណ៍​ខ្លះ​ដុត​បំផ្លាញចោល​នៅនឹងកន្លែង​ដូចជា​របាំង​ស្បៃ​មុង​សម្រាស់​រាប់ពាន់​ម៉ែត្រការ៉េ ។ បឹង​ស្នែ សព្វថ្ងៃនេះ​មិនមែន​គ្រាន់តែ​ជា​កន្លែង​អភិរក្ស​ពូជ​ត្រី​ទេ គឺ​បាន​អភិរក្ស​ទាំង​សត្វ ស្លា ប​ជាច្រើន​ប្រភេទ​ដែល​រស់​នៅលើ​ព្រៃ​លិច​ទឹក​ជាង​១០០​ហិកតា​ដែល​រដ្ឋបាល​ជលផល​បាន​ដាំ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​។​បឹង​ស្នែ​ក្នុង​រដូវវស្សា មាន​វិសាលភាព​ធំធេង ដូចជា​បឹង​ទន្លេសាប​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២០​ថា​បឹង​ស្នែ​ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជីសារពើភ័ណ្ឌ​ធារាសាស្ត្រ​របស់​ក្រសួង​ធនធានទឹក និង​ឧតុ​និ យម​ទំហំ ប្រមាណ​ជា​៤០០​ហិកតា​។​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ស្វាយ​អ​ន្ទ​រ ពាម​រក៍​បាភ្នំ​និង​ក្រុង​ស្វាយព្រៃ​វែង​ដែល​កន្លងទៅនេះ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​បានធ្វើការ​អភិរក្ស​ជា​តំបន់​ពូជ​ត្រី​និង​សត្វ​ស្លាប​។


​បឹង​ស្នែ​ជា​តំបន់​អភិរក្ស​ធនធានធម្មជាតិ​(​ត្រី​ពូជ​)​និង​ជា​តំបន់​អេកូ​ទេសចរណ៍​សត្វ​ស្លាប​មួយ​ដែល​ទើប​ចាប់ផ្តើម​គួ​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​តែងតែ​មក​ទេសចរណ៍​កម្សាន្ត​នូវ​ហ្វូងបក្សី​ច្រើន​ប្រភេទ​នាពេល​រសៀល​។​ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​នៅក្នុង​តំបន់​ហាក់​មិនបាន​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​ទាំងនេះ​ឱ្យបាន​គង់វង្ស​ទេ​។

​ផ្ទុយទៅវិញ​ពួកគាត់​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​បាន​ប្រើ​គ្រប់​រូបភាព​និង​គ្រប់​មធ្យោបាយ​នេសាទ​ខុសច្បាប់​ដូចជា​ឆក់​ពេលយប់​អូស​អូន​ប្រវែងៗ​លើសពី​ច្បាប់​បានកំណត់​កែឆ្នៃ​ឆ្នង​រុញ​ដោយ​ប្រើ​ម៉ាស៊ីន​ការដាក់​សម្រាស់​ហ៊ុ​ព័​ន្ឋ​ចាប់​ត្រី​រួម​នឹង​ការប្រើ​រំសេវ​ផាវ​ដុត​បំ​ផ្ទះ​សម្លាប់​ត្រី​និង​ប្រើប្រាស់​ឧបករណ៍​កែច្នៃ​ទំនើបៗ​ផ្សេងៗ​មួយចំនួនទៀត​។​ល​។ ៕S/


រូបភាព៖យន្ត​ច្នៃ​នេសាទ​ត្រី​នៅ​បឹង​ស្នែ​ដែល​រដ្ឋបាល​ជលផល​ប​ង្ក្រា​ប​បាន​,​សម្រាស់​ជាច្រើន​នៅក្នុង​បឹង​ស្នែ​ត្រូវបាន​រុះរើ​របាំង​ស្បៃ​មុង​ប្រវែង​វែងៗ​ត្រូវបាន​កាត់​បំផ្លាញចោល​,​សត្វ​ស្លាប​ច្រើន​ប្រភេទ​នៅ​ព្រៃ​លិច​ទឹង​ក្នុង​បឹង​ស្នែ​(​ជលផល​)​គ្រាប់បែក​ផាវ​។​