ឧបករណ៍​អាច​ពាក់​នឹង​ដៃ​បាន អាច​ចាប់​កោសិកា​មហារីក​នៅក្នុង​ឈាម​

683
ចែករម្លែក
  • 1
    Share

​ក្រុម​អ្នកស្រាវជ្រាវ​អាម៉េរិក​បាន​បង្កើត​ឧបករណ៍​អាច​ពាក់​នឹង​ដៃ​បាន ដែល​អាច​ប្រមូល​កោសិកា​មហារីក​ដោយផ្ទាល់​ពី​ឈាម​នៅក្នុង​សត្វ​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១​មេសា​។​

​ការសិក្សា ដែល​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Nature Communications បាន​រាយការណ៍​អំពី​សំណាក​គំរូ ដែល​អាចជួយ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​និង​ព្យាបាល​ជំងឺមហារីក​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នាពេល​អនាគត​។​

​វេជ្ជបណ្ឌិត​ដា​នី​ញែ​ល ហេស សាស្ត្រាចារ្យ​ជាន់ខ្ពស់​ផ្នែក​ជំងឺមហារីក​សុដន់​នៅ​សាកលវិទ្យាល័យ​មី​ស៊ី​ហ្គែ​ន បាន​និយាយថា “​គ្មាន​នរណាម្នាក់​ចង់បា​ន​ការ​ច្រិ​បយក​ជាលិកា​ទៅធ្វើ​រោគវិនិច្ឆ័យ​នោះទេ​។ ប្រសិនបើ​យើង​អាច​ទទួលបាន​កោសិកា​ម​ហា​រីក​គ្រប់គ្រាន់​ពី​ឈាម យើង​អាច​ប្រើ​វា​ដើម្បី​សិក្សា​ពី​ជីវវិទ្យា ដុំ​សាច់ និង​ការថែទាំ​ដោយផ្ទាល់​ចំពោះ​អ្នកជំងឺ​”​។​

​ទោះបីជា​ដុំ​សាច់​អាច​បញ្ចោ​ញ​កោសិកា​មហារីក​ជាង ១០០០ កោសិកា​ទៅក្នុង​ចរន្តឈាម​ក្នុង​មួយ​នាទី​ក៏ដោយ ក៏ប៉ុន្តែ​វិធីសាស្ត្រ​បូម​យក​ឈាម​បច្ចុប្បន្ន​តែងតែ​បរាជ័យ​ក្នុងការ​ចាប់យក​វា សូម្បី​ចំពោះ​អ្នកជំងឺ​មហារីក​ដែល​វិ​វត្ត​ធ្ងន់ធ្ងរ​ក៏ដោយ​។​

​យោងតាម​ការស្រាវជ្រាវ​បានឱ្យដឹងថា​ឧបករណ៍​ថ្មី​នេះ​អាច​បន្ត​តាម​ចាប់យក​កោសិកា​មហារីក​ដោយផ្ទាល់​ពី​សរសៃឈាម​ធំ​រយៈពេល​ជាច្រើន​ម៉ោង ដោយ​តាមដាន​មើល​ឈាម​ក្នុង​បរិមាណ​ដ៏​ច្រើន​។​

​នៅក្នុង​ការធ្វើ​តេស្ត​ចំពោះ​សត្វ បន្ទះ​ឈី​ប​សម្រាប់​ចាប់​កោសិកា​នៅក្នុង​ឧបករណ៍​ពាក់បាន​នេះ អាច​ចាប់​ជាប់​កោសិកា​មហារីក​៣,៥​ដង​ក្នុង​មួយ​មិ​ល្លី​លីត្រ​នៃ​ឈាម ខណៈដែល​វា​កំពុងធ្វើដំណើរ​ការ​លើ​សំណាក ដែល​ប្រមូលបាន​ពី​ការ​បូម​ឈាម​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា ឧបករណ៍​នេះ​អាច​ចាប់ផ្តើម​ការសាកល្បង​លើ​មនុស្ស​ក្នុង​រយៈពេល ៣ ទៅ ៥ ឆ្នាំ​ទៀត​។ វា​នឹង​ត្រូវបាន​ប្រើ​ដើម្បី​ជួយ​បង្កើន​ការព្យាបាល​សម្រាប់​មហារីក​របស់​មនុស្ស​ដោយ​អនុញ្ញាតឱ្យ​គ្រូពេទ្យ​ពិនិត្យ​មើលថា​តើ​កោសិកា​មហារីក​កំពុង​ផលិត​ម៉ូលេគុល​សម្រាប់​ធ្វើជា​គោលដៅ​ដើម្បី​ផលិត​ថ្នាំ​មហារីក​ថ្មីៗ​បាន​ឬក៏​អត់​៕ ដោយ៖ កញ្ញាដាលីស