ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​: ភារកិច្ច​របស់​កងទ័ព គឺ​ការពារជាតិ​-​បូរណភាព​ទឹកដី​

1590
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ជាក់ថា ភារកិច្ច​របស់​កងទ័ព គឺ​ការពារជាតិ ការពារ​បូរណភាព​ទឹកដី មិនមែន​ទៅ​វាយលុក​យក​ទឹកដី​របស់​ប្រទេស​ណា​នោះទេ ប៉ុន្តែ​កងទ័ព​កម្ពុជា​ក៏​មិន​ឲ្យ​គេ​មក​យក​ទឹកដី​ដែរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយទាហាន​នាយទាហានរង​និង​ពលទាហាន​

​ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ចងសម្ព័ន្ធ​មេត្រីភាព រវាង​អង្គភាព​បញ្ជាការដ្ឋាន​ការពារ​អាកាស​កងទ័ព​ជើងគោក ជាមួយ​ក្រុម ហ៊ុន​អ៊ិ​ច​សឹ​ឡិន​ស៍​ឡូ​ជី​ស្ទីក (EXCELLENCE LOGISTICS CO.,,LTD) និង ក្រុមហ៊ុន​អូ​តូ​ម៉ា​តា ត្រេ​ឌី​ង (​ខេ​ម​បូ​ឌា​)​ឯ​.​ក (AUTOMATATRADING(CAMBODIA)CO.,LTD) នៅ​ទីតាំង​មូលដ្ឋាន​កងការពារ​អា​កាស កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ស្ថិតនៅក្នុង​បរិយាកាស​នេះ សូម​កោតសរសើរ​មេបញ្ជាការ មេបញ្ជាការ​ង នាយទាហាន​នាយទាហានរង និង​ពលទាហាន​ទាំងអស់ នៅក្នុង​បញ្ជាការដ្ឋាន​ការពារ​អាកាស ដែល​បាន​បំពេញភារកិច្ច​ជូន​អង្គភាព​យ៉ាង​ខ្ជាប់ខ្ជួន នៃ​ដំណើរការ​ការកសាង​អង្គភាព​ការងារ​ហ្វឹកហ្វឺន​បំប៉ន​សមត្ថភាព ជាពិសេស​ការអនុវត្ត​ការងារ ក្នុងទិសដៅ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ការពារជាតិ​ការពារ​បូរណភាព​ទឹកដី ដែល​បេសកកម្ម​របស់​កងទ័ព​របស់​យើង​គឺ​ពង្រឹង​ការការពារ​អាកាស​។

​លោក​បាន​បញ្ជាក់ទៀតថា ការធ្វើ​កំណែទម្រង់កងទ័ព គឺមាន​ទស្សនៈ​វែងឆ្ងាយ​ណាស់​នៅក្នុង​ការកសាង​ទាំង​ផ្នែក​រឹង (​សម្ភារ​: យុទ្ធោបករណ៍ គ្រឿង​បំពាក់ គ្រឿងចក្រ​) និង​ផ្នែក​ទន់ (​សមត្ថភាព​កងកម្លាំង​) តាមរយៈ​ការបណ្ដុះបណ្ដាល​សមត្ថភាព​ជំនាញ ជាពិសេស​ការផ្ទេរ​ចំណេះដឹង​សមត្ថភាព​ជំនាញ ការដឹកនាំ​បញ្ជា ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។ អ្វីដែល​សំខាន់ គឺ​គិតពី​កម្លាំង​ជំនាញ​ទាំងអស់ ដែល​ត្រូវ​បន្តវេន​តាម​ជំហាន ក្នុងនោះ​រួមមាន លក្ខណៈ​បទពិសោធន៍​ការងារ ចំណេះដឹង​ជំនាញ សមត្ថភាព ភាពជា​អ្នកដឹកនាំ​ដើម្បី​យើង​ដឹកនាំ​បន្ត​ទៅមុខទៀត​។

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ ថ្នាក់ដឹកនាំ​កងទ័ពជើងគោក​ទាំងអស់​គ្នា​ជូន​ទាហាន​នាយ ទាហាន​រង និង​ពលទាហាន​ទាំងអស់​នៃ​បញ្ជាការដ្ឋាន​ការពារ​អាកាស​ជើងគោក​។ សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ដែលជា​សម្ព័ន្ធមេត្រីភាព​បា​ន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការងារ​អង្គភាព​កងទ័ព​ដើម្បី​ជួយ​សម្រួល​ដល់​កងទ័ព​នៅក្នុង​ការពារជាតិ​ទាំងអស់គ្នា ហើយ​ការងារ​ចូលរួម​សំខាន់​ណាស់​យើង​ធ្វើ​មិនមែន​តែ​សម្រាប់​បច្ចុប្បន្ន​ទេ​គឺ​សម្រាប់​អនាគត​។ សង្ឃឹមថា តាមរយៈ​ការជួយឧបត្ថម្ភ​ការចូលរួម​របស់​ដៃគូ​ក្រុមហ៊ុន នឹង​បន្ត​ជួយ​ទៅតាម​លទ្ធភាព ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង​របស់​កងទ័ព​ដើម្បី​ជួយ​គ្នា​។ ការពារជាតិ​ដើម្បី​ទាំងអស់គ្នា ទាំងអស់គ្នា​ដើម្បី​ការពារជាតិ​។ ដោយសារ​សុខសន្តិភាព​ស្ថេរភាព​នេះហើយ បានជា​យើង​មានឱកាស​ទាំងអស់គ្នា​នៅពេល​បច្ចុប្បន្ននេះ​។ ហើយ​កងទ័ព​បាន​ខិតខំ​ខ្លាំងណាស់​នៅក្នុង​ការចូល​រួមការ​ពារ​សុខសន្តិភាព​។ ប្រទេសមួយ​ខ្លាំង ទាល់តែ​កងទ័ព​ខ្លាំង​ដែរ​បើ​កងទ័ព​មិន​ខ្លាំង​គេ​មើលងាយ​យើង​៕ ល​