ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​: “​ជីវិត​មនុស្ស​អាច​ប្រែប្រួល ប៉ុន្តែ​ការការពារ​ជាតិ​មិនអាច​ប្រែប្រួល​បាន​នោះទេ​”

879
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែង​បញ្ជាក់ថា “​ជីវិត​មនុស្ស​អាច​ប្រែប្រួល ប៉ុន្តែ​ការការពារ​ជាតិ​មិនអាច​ប្រែប្រួល​បាន​នោះទេ គឺ​ត្រូវ​ពង្រឹង​បន្ថែម​។ ដូច្នេះ​កងទ័ព​សម័យនេះ និង​កងទ័ព​គ្រប់​ជំនាន់​ត្រូវការពារ​សុខសន្តិភាព និង​សម​ទ្ធិ​ផល​ដែល​រៀមច្បង​បាន​បន្សល់ទុក​ឲ្យ និង​ចូលរួម​ថែរក្សា​ការពារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​”​។

​ការ​ថ្លែង​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អតីត​នាយទាហាន​មកពី​សាលា​ហ្វឹកហ្វឺន នាយទាហាន (​ង​៥០ ដីឥដ្ឋ​) នៅ​ទីបញ្ជាការ បញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០​នា​រសៀល​ថ្ងៃ​សៅរ៍ ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។​

​លោក​បន្តថា ភារកិច្ច​កាតព្វកិច្ចរ​បស់​កងទ័ព​សម័យនេះ មិន​ខុសពី​ភារកិច្ច​កាតព្វកិច្ច​រប​ស់​កងទ័ព​សម័យមុន​នោះទេ គឺ​ការពារជាតិ ការពារ​ទឹកដី និង​ប្រជាជន​។ ស្នាដៃ​ជាច្រើន​របស់​កងទ័ព​បា​ន​ចូលរួម​ក្នុង​បុព្វហេតុ​ជាតិ ជាច្រើន​ដូចជា​ទប់ស្កាត់​ការវិល​ត្រលប់​មកវិញ​របប​ខ្មែរក្រហម កិច្ចព្រមព្រៀង​២៣ តុលា ១៩៩៣ និង​បញ្ចប់សង្គ្រាម​ឆ្នាំ​១៩៩៨ និង​ការពារ​ថែរក្សា​សុខ សន្តិភាព​ដល់​សព្វថ្ងៃនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​នាយទាហាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុងការ​បម្រើកងទ័ព​នា​សម័យ​នោះ ព្រោះ​ការចូល​បម្រើកងទ័ព​ក្នុងសម័យ​សង្គ្រាម គឺជា​កា​លះបង់​ខ្ពស់បំផុត​ចំពោះ​ជាតិ​មាតុភូមិ ដែល​យុវជន​ជំនាន់​ក្រោយ​ត្រូវតែ​ដឹងគុណ ដោយសារតែ​ការលះបង់​នេះហើយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​សន្តិភាព មានឱកាស​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស​រហូតមកដល់​សព្វថ្ងៃ​។

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី សំណាក់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ជូន​ចំពោះ​នាយទាហាន នាយទាហានរង ពលទាហាន​និង​អតីត​នាយទាហាន មកពី​សាលា​ហ្វឹកហ្វឺន​នាយទាហាន (​ង​៥០ ដីឥដ្ឋ​) ទាំងអស់ ចំពោះ​ការដឹងគុណ​នៃ​ការលះបង់​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​៕ ល​