ឱសថស្ថានទាំងអស់នៅអាម៉េរិក​ទទួលបានការអនុញ្ញាតឱ្យធ្វើតេស្តរកមេរោគកូវីដ១៩

195
ចែករម្លែក

កាលពីថ្ងៃពុធទី៨មេសា សហរដ្ឋអាម៉េរិកបានផ្តល់សិទ្ធិឱ្យឱសថស្ថានទាំងអស់​ធ្វើតេស្តរកមេរោគកូវីដ១៩ រួមទាំងការធ្វើតេស្តអង្គបដិប្រាណ ដែលទើបនឹងបង្កើតថ្មី ដើម្បីរកមើលថាតើមនុស្សដែលជាសះស្បើយពីជំងឺនេះបានលាប់វាឡើងវិញឬអត់។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក អាឡិច អាហ្សា បានប្រកាសថា រាល់ការធ្វើតេស្ត​ដែលត្រូវបានអនុម័តដោយនិយតករ អាចត្រូវបានអនុវត្តដោយឱសថស្ថាន​ទាំងអស់បាន ខណៈប្រទេសនេះកំពុងព្យាយាមបង្កើនកិច្ចប្រឹងប្រែងធ្វើតេស្ត។

លោកបាននិយាយថា “រដ្ឋបាលត្រាំមានសេចក្តីរីករាយក្នុងការផ្តល់ឱកាសឱ្យ​ឱសថការីទាំងអស់ដើរតួនាទីកាន់តែធំឡើងនៅក្នុងការឆ្លើយតបចំពោះជំងឺកូវីដ១៩ រួមជាមួយវីរបុគ្គលិកសុខាភិបាលអាម៉េរិកទាំងអស់”។

ការធ្វើតេស្តដោយយកសំណាកពីច្រមុះអាចរកឃើញថាតើមនុស្សម្នាក់មានផ្ទុកវីរុសនេះឬអត់នាពេលបច្ចុប្បន្ន។

បន្ទាប់ពីពួកគេបានជាសះស្បើយ ការធ្វើតេស្តមួយ ដែលរកមើលថា​តើរាងកាយរបស់ពួកគេបង្កើតបានអង្គបដិប្រាណឬអត់នោះ អាចយកមកប្រើ ទោះបីជាមនុស្សម្នាក់នោះមិនបង្ហាញរោគសញ្ញាក៏ដោយ។

មានតេស្តអង្គបដិប្រាណផ្សេងៗគ្នាជាច្រើន ហើយពួកគេមិនទាន់អាចប្រាប់បានទេ​ថាតើមនុស្សម្នាក់មានអង្គបដិប្រាណគ្រប់គ្រាន់ដើម្បីការពារប្រឆាំងនឹងការឆ្លងនាពេលអនាគតឬយ៉ាងណា។

ការសិក្សាមួយរបស់ចិន ដែលបង្ហាញនៅសប្តាហ៍នេះ ប៉ុន្តែមិនទាន់ពិនិត្យមើល​ឡើងវិញ បានបង្ហាញថា អតីតអ្នកជំងឺមួយចំនួនមានកម្រិតនៃអង្គបដិប្រាណទាប​នៅក្នុងឈាម។

នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ មជ្ឈមណ្ឌលវេជ្ជសាស្ត្រឯកជនមួយ​បានប្រកាសថា ខ្លួនកំពុងផ្តល់ជូនការធ្វើតេស្តឈាមរកមេរោគរយៈពេល ១៥ នាទី ដោយត្រូវបង់ថ្លៃចំនួន ២៩០ ដុល្លារ៕ ដោយ៖ កញ្ញាដាលីស/Ha

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក អាឡិច អាហ្សា ប្រគល់សិទ្ធិឱ្យឱសថការីធ្វើតេស្តរកមេរោគកូវីដ១៩