៣០​នាក់​ថ្មី​ស្លាប់​និង​១៤៣​នាក់​ឆ្លង​បន្ថែម​នៅ​ចិន នៅពេល​អ្នកជំនាញ​ទាយ​ថា​កូរ៉ូណា​វីរុស​នៅ​ចិន​នឹង​ចប់​ត្រឹម​ចុង​ខែ​នេះ​

223
ចែករម្លែក

​មហា​ចិនដីគោក កាលពី​ថ្ងៃ​សុក្រ​ទី​០៦​មីនា​បាន​រាយការណ៍​ការឆ្លង​កូរ៉ូណា​វីរុស​ថ្មី​ចំនួន​តែ​១៤៣​ករណី និង​ស្លាប់​តែ​៣០​នាក់​បន្ថែម​ប៉ុណ្ណោះ​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍​។​

​តួ​លេខា​នេះ​នាំ​ឲ្យនៅ​ចិន​តាំងពី​ចុងឆ្នាំ​មុន​មក មាន​អ្នក​ឆ្លង​សរុប​៨០.៥៥២​នាក់​និង​៣.០៤២​នាក់​ស្លាប់​គិត​ត្រឹម​ចុង​ថ្ងៃ​០៥​មីនា​។​

​អ្នកដំណើរ​ចិន​ពាក់​ម៉ាស់​មុខ​ធ្វើ​ដំណើរ​នៅក្នុង​ផ្លូវ​ក្រោម​ដី​នៅ​ក្រុង ឆាង​សា ខេត្ត​ហ៊ូ​ណាន​កាលពី​ថ្ងៃ​០៥​មីនា

​នៅក្នុង​ខេត្ត​ហ្កាន​ស៊ូភាគ​ពាយព្យ​រប​ស់​ចិន មាន​សេចក្តីរាយការណ៍​អំពី​ការរកឃើញ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​ហៅ​Covid-19​ចំនួន​១១​ករណី តែ​ពួកគេ​សុទ្ធតែ​អ្នកដំណើ​​រ​មក​ពី​អ៊ីរ៉ង់ ហើយ​ក្រុង​ប៉េកាំង​មាន​ការឆ្លង​ថ្មី​៤​ករណី​កាលពី​ថ្ងៃ​៥​មីនា ដោយ​ពួកគេ​ទាំងអស់​មក​ពី​អ៊ីតាលី​។​ឥឡូវ អ្នកដំណើរ​មក​ពី​អ៊ីរ៉ង់​សរុប​៣១១​នាក់​ត្រូវ​ចិន​​ដាក់​នៅ​ដាច់​ពី​គេ​នៅក្នុង​ក្រុង​ឡាន​ចូ​វ​។​

​ក្នុងពេល​ជាមួយគ្នា ក្រុង​វូ​ហាន ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជំងឺឆ្លង​នេះ​នៅ​ចិន ទំនងជា​នឹង​លែង​មាន​អ្នក​ឆ្លង​ថ្មី នៅ​យ៉ាងយូរ​ត្រឹម​ចុង​ខែ​មីនា​នេះ នេះ​បើ​តាម​ការ​​អះអាង​របស់​ជំនាញការ​ចិន​ខាង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​Covid-19​។​

​លោក​ចាង បូ​លី បាន​និយាយប្រាប់​កាសែត​People’s Daily​ថា ស្ទើរ​គ្រប់​តំបន់​នៅ​ក្រៅ​ខេត្ត​ហ៊ូ​ប៉ី ដែល​មាន​វូ​ហាន​ជាទី​រួម​ខេត្ត ជិត​បញ្ឈប់​បាន​ការឆ្លង​វីរុស​​នេះ​ត្រឹម​ចុងខែ​មុននេះ ហើយ​បណ្តា​ទីក្រុង​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​ក្រៅពី​វូ​ហាន នឹង​សម្រេច​គោលដៅ​បង្ក្រាប​ទប់ស្កាត់​រី​រុស​Covid-19​នៅត្រឹម​ពាក់កណ្តាល​ខែ​មីនា​។​

​សូមបញ្ជាក់​ថា ចិន​បាន​ដាក់ចេញ​វិធានការ​បង្ក្រាប​និង​ទប់ស្កាត់​កូរ៉ូណា​វីរុស​គួរឲ្យសរសើរ ដោយ​បាន​ដាក់​ការ​រឹតត្បិត​ជាទូទៅ រួម​មាន​ការផ្អាក​គម​នាគ​មន៍​​ការបិទ​ទីក្រុង និង​ពន្យារពេល​ឈប់​សម្រាក​នៅ​ទូទាំង​ប្រទេស​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​ប្រជាជន​ក្រុង​វូ​ហាន ដើរ​ក្នុង​សង្កាត់​មួយ​ដែល​នៅ​រឹតត្បិត​ការធ្វើដំណើរ​នៅឡើយ​