៧​នាក់​ស្លាប់​និង​១៨១​នាក់​រងរបួស​ក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ស៊ូដង់

778
ចែករម្លែក

​បណ្តាញ​សារព័ត៌មាន​បាន​រាយការណ៍​ថា ចំនួន​អ្នក​ស្លាប់​នៅក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​មិថុនា​នៅ​ប្រទេស​ស៊ូដង់​បាន​កើនឡើង​ដល់​៧​នាក់​ខណៈដែល​​មនុស្ស​១៨១​នាក់​បាន​រងរបួស​។​

​កាលពី​ថ្ងៃអាទិត្យ សារព័ត៌មាន​Al-Arabiya បាន​រាយការណ៍​ថា ពួក​អ្នក​លួច​បាញ់​ដែល​ប្រើ​កាំភ្លើង​បាញ់​ស៊ី​ប​បាន​បាញ់​ទៅលើ​ក្រុម​ជន​ស៊ីវិល​និង​សមាជិក​នៃ​កងទ័ព​ឆ្លើយតប​រហ័ស​​របស់​ប្រទេស​នេះ ខណៈ​ដែល​មនុស្ស​រាប់ពាន់​នាក់​បាន​ធ្វើ​ការតវ៉ា​នៅតាម​ផ្លូវ ដោយ​ទាមទារ​ឱ្យមាន​ការផ្ទេរអំណាច​ពី​ការគ្រប់គ្រង​ដោយ​យោធា​ទៅ​ការគ្រប់គ្រង​ដោយ​ស៊ីវិល​។​​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នោះ គណៈកម្មាធិការ​វេជ្ជបណ្ឌិត​ស៊ូដង់ បាន​និយាយថា មនុស្ស​៥​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការតវ៉ា​នោះ នៅ​ទីក្រុង​កា​ទុំ ។​

​សារព័ត៌មាន​SUNA បាន​និយាយថា មនុស្ស​២៧​នាក់​ក្នុងចំណោម​អ្នករបួស​១៨១​នាក់​នេះ​បាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង​។​

​ក្រុមប្រឹក្សា​យោធា​អន្តរកាល​នៃ​ប្រទេស​ស៊ូដង់​(TMC) បានដាក់​ការទទួលខុសត្រូវ​ចំពោះ​ផលវិបាក​ធ្ងន់ធ្ងរ​ទាំងអស់​នៃ​ការតវ៉ា​កាលពី​ថ្ងៃអាទិត្យ​នោះ ទៅលើ​ក្រុម​កងកម្លាំង​ចលនា​​ប្រឆាំង​ដើម្បី​សេរីភាព​និង​ការផ្លាស់ប្តូរ​ដែល​បាន​អំពាវនាវ​ឱ្យមាន​ការដើរ​ដង្ហែ​តវ៉ា​ឱ្យមាន​មនុស្ស​ចូលរួម ” ១​លាន​នាក់ ” កាលពី​ថ្ងៃ​អាទិត្យ​នៅ​ទីក្រុង​កា​ទុំ​និង នៅ​ទីក្រុង អូ​មឌួរ​ម៉ាន់​។ សារព័ត៌មាន Sputnik បាន​រាយការណ៍​ថា​ប៉ូលិស​ស៊ូដង់​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​​ក្រុមអ្នកតវ៉ា​ដែល​ប្រមូលផ្តុំ​នៅ​ទីក្រុង​កា​ទុំ​។​

​ការ​ធ្វើ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ស៊ូដង់​ជាច្រើន​ខែ​មក​នោះ ត្រូវបាន​បញ្ចប់​នៅ​ក្នុងការ​ធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃទី​១១​ខែ​មេសា​។ បន្ទាប់មក ប្រធានាធិបតី​ស៊ូដង់ ​លោក Omar Bashir ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​៣០​ឆ្នាំ ត្រូវ​បាន​ទម្លាក់​ចេញពី​អាំ​ច​ហើយ​បន្ទាប់មក​ត្រូវ​បាន​ដាក់គុក​។

​ក្រុមប្រឹក្សា​យោធា​អន្តរកាល​ស៊ូដង់ (TMC) នេះ​បាន​ឡើង​កាន់​អំណាច​ហើយ​បាន​សន្យា​ធ្វើ​ការបោះឆ្នោត​ថ្មី​ក្នុង​រយៈពេល​២​ឆ្នាំ​។ ទោះជា​យ៉ាងនេះ​ក្តី​ការតវ៉ា​បាន​បន្ត​ធ្វើ​ដោយ​​ក្រុមបាតុករ​ទាមទារ​ឱ្យ យោធា​ប្រគល់​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​៕​ដោយ​៖​សុខា​/sn

ចំនួន​អ្នក​ស្លាប់​នៅក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ថ្ងៃអាទិត្យ​កើនឡើង​ខណៈ​ដែល​មនុស្ស​១៨១​នាក់​បាន​រងរបួស​