៩៥​នាក់​យ៉ាងតិច​ស្លាប់​ដោយ​ទឹកជំនន់​ចុងក្រោយ​នៅ​ឥណ្ឌា​

476
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​ពី​ទឹកជំនន់​នៅក្នុង​រដ្ឋ Karnataka, Kerala និង Maharashtra​របស់​ឥណ្ឌា​បាន​កើន​ដល់​៩៥​នាក់ នេះ​បើ​តាម​តួលេខ​ផ្លូវការ​កាលពី​ថ្ងៃ​សៅរ៍ នៅពេល​ការ​​ធ្លាក់ភ្លៀង​ខ្លាំង​និង​ការបា​ក់ដី​បាន​បង្ខំ​អោយ​មនុស្ស​រាប់សែន​នាក់​ចាកចេញ​ពី​ផ្ទះ​របស់​គេ​។​

​ភ្លៀង​រដូវវស្សា ចាប់ពី​ខែ​មិថុនា ដល់​ខែ​កញ្ញា មាន​សារសំខាន់​ស្មើ​នឹង​ជីវិត​សំរាប់​សង្គម​កសិកម្ម​ឥណ្ឌា តែ​វា​ក៏​នាំ​មក​មហន្តរាយ គឺ​ការស្លាប់​និង​ខូចខាត​ជា​រៀងរាល់ឆ្នាំ​។​

​ផ្នែក​គ្រប់គ្រង​គ្រោះមហន្តរាយ​រដ្ឋ បាន​និយាយថា មនុស្ស​៤២​នាក់​បាន​ស្លាប់​នៅក្នុង​រដ្ឋ Kerala​និង​ជាង​១​សែន​នាក់​ត្រូវបាន​ជម្លៀស​ក្រោយ​ពី​ការបា​ក់ដី​ប្រមាណ​៨០​វាយប្រហារ​​រដ្ឋ​នេះ​ក្នង​រយៈពេល​តែ​២​ថ្ងៃ​។​

អ្នក​ជួយ​សង្គ្រោះ​ជួយ​ប្រជាជន​នៅ​ទូទាំង​តំបន់​ជន់​លិច​។​ស្ថានភាព​អាកាសធាតុ​អាក្រក់​បាន​វាយប្រហារ​រដ្ឋ Karnataka, Kerala និង Maharashtra​របស់​ឥណ្ឌា​ក្នុង​រយៈ​​ពេល​៤៨​ម៉ោង​កន្លងមក​

​នៅក្នុង​រដ្ឋ​Karnataka​ជាប់​គ្នា​នោះ មនុស្ស​២៤​នាក់​ក៏​បាន​ស្លាប់​ក្នុង​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ក្នុងចំណោម​ការ​ជន់​លិច​នានា​នៅ​រយៈពេល​៤៥​ឆ្នាំ​នៅក្នុង​រដ្ឋ​នេះ​។​ភូមិ​ប្រមាណ​១.០២៤​ត្រូវបាន​ជន់​លិច ដោយសារ​ទឹកភ្លៀង​និង​មនុស្ស​ជាង​២​សែន​នាក់​ត្រូវបាន​ជម្លៀស​។​

​ចំណែក​នៅ​រដ្ឋ​Maharashtra​មនុស្ស​២៩​នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ដោយ​ឧបទ្ទវហេតុ​ទាក់ទង​នឹង​ទឹកភ្លៀង​នៅ​២​ថ្ងៃ​មកនេះ​៕​ដោយ​៖​វាសនា​