​កម្លាំង​ជលផល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ជាច្រើន​កន្លែង​ក្នុង​ស្ទឹងសែន​

757
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​ជលផល​នៃ​មន្ទីរ​កសិក​កម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នូវ​ឧបករណ៍​ខុសច្បាប់​រួមមាន​ស្បៃ​មុង​,​ស្បៃ​សាច់​អួន​,​និង​របាំង​ព្រួល​,​។​ក្នុងនោះ​មាន​ទាំង​ឧបករណ៍​មួយចំនួនទៀត​ត្រូវបាន​ចុះ​រុះរើ​និង​ប្រមូល​យកទៅ​ដុត​កម្ទេចចោល​កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ក្នុងទិសដៅ​ថែរក្សា​ទុកឱ្យ​ត្រី​ពង​កូន​ក្នុង​រដូវ​បិទ​ការនេសាទ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ខេត្តព្រះវិហារ​បានរួម​សហកា​រ​ជាមួយ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​ត្រួតពិនិត្យ​បទល្មើស​នេសាទ​នៅតាម​ដងស្ទឹង​សែន ស្ថិត​ក្នុងស្រុក​ត្បែងមានជ័យ និង​ក្រុង​ព្រះវិហារ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​នៅក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​បាន​ជួប​នូវ​បទល្មើស​ការប្រើ​របាំង​ស្បៃ​សាច់​អួន​កាត់​ដងស្ទឹង​ជាច្រើន​កន្លែង​។​ជាមួយគ្នា​នោះ​ក្រុមការងារ​បាន​រុះរើ​និង​ដឹកជញ្ជូន​យកទៅ​ដុត​បំផ្លាញចោល​។

​លោក​បន្តទៀតថា ឧបករណ៍​នេសាទ​ខុសច្បាប់​ទាំងនោះ រួមមាន​៖ ស្បៃ​មុង និង​ស្បៃ​សាច់​អួន របាំង​ព្រួល​ស្បៃ​អូន​ចំនួន ៦​ខ្សែ ប្រវែង​៦៣០​ម លូ​ស្បៃ​មុង​និង​សាច់​អួន​ចំនួន ៧​មាត់​លូ​បង្គោល​ចម្រឹង​ប្ញ​ស្សី​ចំនួន​២១០​ដើម​។​

​លោក​ពឹង​ទ្រី​ដា​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​កុំ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​រដូវ​បិទ​នេសាទ​នេះ ព្រោះ​រដូវ​នេះ​ជា​រដូវ​ត្រី​ពង​៕S/​