​ការបាត់បង់​ធនធានធម្មជាតិ​នឹង​នាំឱ្យ​កើតក្តី​អន្តរាយ​ដល់​ជីវិត​លើ​ភពផែនដី​

142
ចែករម្លែក

ដោយ​បូកគោ​/​កំពត​៖”​ប្រសិនបើ​គ្មាន​ការចូលរួម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ដើម្បី​ការពារ​បរិស្ថាន​និង​ថែរក្សា​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​និង​ប្រកបដោយ​និរន្តរភាព​ទេនោះ​ជីវិត​មនុស្ស​សត្វ​នៅលើ​ភព​ផែង​ដី​ទាំងមូល​នឹងត្រូវ​វិនាស​អន្តរាយ​ជាក់​ជាមិនខាន​”​។​

​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​កិច្ចការពារបរិស្ថាន​និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​រៀបចំឡើង​ដោយ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​នៅ​សាលប្រជុំ​សាលាស្រុក​ទឹកឈូ​។​លោក​សេង​សិរី​បុត្រ​អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​”​ធនធានធម្មជាតិ​ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​និង​ជា​ផ្នែក​សំខាន់​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឆ្ពោះទៅកាន់​ភាព​រីកចម្រើន​”​។​

​លោក​បាន​បន្តថា​”​ម្យ៉ាងទៀត​ធនធានធម្មជាតិ​ជា​ចំណែក​មួយ​នៃ​ទំនាក់ទំនង​រវាង​បរិស្ថាន​និង​ជីវិត​មនុស្ស​សត្វ​សម្រាប់​បំពេញតម្រូវការ​ឱ្យ​គ្នា​ទៅវិញទៅមក​។​ដូច្នេះ​ប្រសិនបើ​គ្មាន​ការចូលរួម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ដើម្បី​ការពារ​បរិស្ថាន​និង​ថែរក្សា​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​និង​ប្រកបដោយ​និរន្តរភាព​ទេនោះ​ជីវិត​មនុស្ស​សត្វ​នៅលើ​ភពផែនដី​ទាំងមូល​នឹងត្រូវ​វិនាស​អន្តរាយ​ជាក់​ជាមិនខាន​”​។

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​ព្រៃឈើ​ជា​ជម្រក​និង​ប្រភព​ចំណី​ព្រមទាំង​ជា​ប្រភព​ឱសថ​សម្រាប់​មនុស្ស សត្វ​គ្រប់​ប្រភេទ​។ លើសពីនោះ ព្រៃឈើ​ក៏​ជា​រនាំង​ធម្មជាតិ​សម្រាប់​ទប់ទល់​នឹង​ការហូរ​ច្រោះ​ដី ការពារ​ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​ទៀតផង​។​លោក​សេង​សិរី​បុត្រ​បាន​បញ្ចាក់​ថា​កន្លងមក​ទោះបី​សមត្ថកិច្ច​ជំ​និ​ញ​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មានការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ទង្វើ​អសកម្ម​ទាំងឡាយ​យ៉ាងណាក្តី​ក៏​នៅតែមាន​ជនខិលខូច​មួយចំនួន​បាន​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ដែល​បង្ក​ផលប៉ះពាល់​ចំពោះ​បរិស្ថាន​គួរឱ្យ​ព្រួយបារម្ភ​បំផុត​។

​ដូច្នេះ​ក្នុងនាម​រដ្ឋបាល​ខេត្តកំពត​លោក​សង្ឃឹមថា​ក្រោយពី​ទទួលយក​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​កិច្ចការពារបរិស្ថាន​និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​នាពេលនេះ​សង្ឃឹមថា​អ្នកចូលរួម​ទាំងអស់​នឹង​យកទៅអនុវត្ត ព្រមទាំង​ឱ្យ​តម្លៃ​ខ្ពស់​លើ​បរិស្ថាន ក៏ដូចជា​ធនធានធម្មជាតិ​កំពុង​កើត​មាននៅ​ជុំវិញខ្លួន​។​

លោក​ស៊ុ​រុំ​អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​មានប្រសាសន៍​បញ្ជាក់ថា​ច្បាប់​ពី​កិច្ចការពារបរិស្ថាន និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​មាន​១១​ជំពូក ស្មើនឹង​២៧​មាត្រា​ដែល​ឡាយព្រះហស្ថលេខា​ដោយ​សម្តេចព្រះ​នរោត្តម សីហនុ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​១៩៩៦​។​ថ្វីដ្បិតតែ​ខ្លី​និង​តិចជាង​បណ្តា​ច្បាប់​នានា​ក្តី​តែ​ច្បាប់​នេះ​មាន​សារសំខាន់​ជា​អាយុជីវិត​ដែល​តម្រូវឱ្យ​ពលរដ្ឋ​គ្រប់រូប​ចូលរួម​គោរព​និង​អនុវត្ត​ដើម្បី​ផលប្រយោជន៍​មនុស្សជាតិ​លើ​ភពផែនដី​ទាំងមូល​៕S/​