​ការប្រមូលផ្តុំ​ហ្វឹកហាត់ នឹង​ចាប់ផ្តើម​ឡើងវិញ នៅ​ឆ្នាំ​២០២១

147
ចែករម្លែក

ដោយ​៖​រ៉ូ​ហ្សា /
​ភ្នំពេញ​៖
គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ (CAMSOC) បាន​ស្នើសុំ​ការអនុញ្ញាត ជាគោលការណ៍ ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម ឆ្នាំ​២០២៣​ថា ការប្រមូលផ្តុំ​ហ្វឹកហាត់ នឹង​ចាប់ផ្តើម​ជាថ្មី នៅ​ឆ្នាំ​២០២១ តទៅ ឲ្យ​បាន​ពេញលេញ ដោយ​ការហ្វឹកហាត់ បង្កើន​គុណភាព​បច្ចេកទេស របស់​អត្ត​ព​លិ​ក​ទាំងអស់ ដែល​នៅសល់​ពេល ប្រហែល ២ ឆ្នាំកន្លះ​។

ប៉ុន្តែ​ប្រសិនបើ ស្ថាន​ភាពល្អ​ឡើ​វិញ នៅត្រឹម​ខែឧសភា ឬ​ខែមិថុនា​នោះ ការប្រមូលផ្តុំ​ហ្វឹកហាត់ នឹងត្រូវ​បន្ត​ចាប់ផ្តើម យ៉ាងខ្លាំង​ក្លា​តែម្តង​។ នេះ​ជាការ​លើកឡើង របស់ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​ជា​អគ្គ លេខាធិការ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៣​។​

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ក្នុង​វិស័យ​កីឡា​នេះ ដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានរៀបចំ​ធ្វើ​ផែនការ​បង្ការ ចាប់តាំងពី​ពេលមុន ការផ្ទុះ​ខ្លាំង​នៃ​វិបត្តិ​ការរីក​រាលដាល ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី មួយ​នេះ ដោយ​យើង​បាន​ត្រៀម ជំនាញ​កីឡា សម្រាប់​សហព័ន្ធ​កីឡា​ជាតិ ។​

​ពាក់ព័ន្ធ​ទៅនឹង​ការប្រមូលផ្តុំ​ហ្វឹកហាត់ យើង​បាន​ស្នើសុំ​ការអនុញ្ញាត ជាគោលការណ៍ ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ថា​នឹង​ចាប់ផ្តើម​ជាថ្មី នៅ​ឆ្នាំ​២០២១ តទៅ ឲ្យ​បាន​ពេញលេញ ដោយ​ការហ្វឹកហាត់ បង្កើន​គុណភាព​បច្ចេកទេស របស់​អត្ត​ព​លិ​ក​ទាំងអស់ នៅសល់​ពេល​ប្រហែល ២ ឆ្នាំកន្លះ​។ ប៉ុន្តែ​ប្រសិនបើ ស្ថាន​ភាពល្អ​ឡើងវិញ នៅត្រឹម​ខែឧសភា ឬ​ខែមិថុនា​នោះ គឺ​ការប្រមូលផ្តុំ​ហ្វឹកហាត់ នឹងត្រូវ​បន្ត​ចាប់ផ្តើម យ៉ាងខ្លាំង​ក្លា​តែម្តង​។ ដោយសារ​ជំងឺ​ផ្លូវដង្ហើម កូ​វីដ ១៩ នេះ បាន​បង្កក្តី​ព្រួយបារម្ភ យ៉ាងខ្លាំង នៅលើ​ពិភពលោក ក៏ដូចជា ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលរង​នូវ ផលប៉ះពាល់ រួមទាំង​វិស័យ​កីឡា​ទាំងអស់ នៅ​បណ្តា​ប្រទេស ជាច្រើន ជា​អន្តរជាតិ ដូចជា ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក រដូវក្តៅ​នៅ​ប្រទេស​ជប៉ុន ត្រូវបាន​លើក​ពេល ឆ្នាំ​២០២១ នា​រដូវក្តៅ​ដូចគ្នា ខណៈ ប្រទេស​មួយចំនួន ក៏មាន​កីឡាករ គ្រូបង្វឹក មន្ត្រី​ដឹកនាំ ការប្រកួត​មួយចំនួន ក៏​ឆ្លង​ជំងឺ​កូ​វីដ ១៩ នេះដែរ នៅលើ​ពិភពលោក ដែល​នេះ​កំពុង​បង្កក្តី​បារម្ភ ទាំងអស់គ្នា នូវ​ភាព​ប្រឈម នៃ​វិបត្តិ​ជំងឺ​នេះ ហើយ​យើងទាំងអស់គ្នា ត្រូវតែ​ខ្នះខ្នែង​រក​វិធី​ទាំងឡាយ ដើម្បី​ឲ្យ​គោលដៅ​របស់​យើង ទទួលបាន​ជោគជ័យ សម្រាប់​ការទទួល​រៀបចំ ធ្វើជា​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ពីព្រោះ​ផល​វិបត្តិ​នេះ កំពុង​បង្ក​ផលប៉ះពាល់ ដល់​ដំណើរ​ការរៀបចំ ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នេះ ដូចគ្នា​ផងដែរ​។​

​លោក វ៉ា​ត់ ចំរើន បាន​អះអាងថា កម្ពុជា កំពុង​ត្រៀម​យុទ្ធសាស្ត្រ រៀបចំ​ស៊ី​ហ្គេម ២០២៣ រួចរាល់ ដោយ​យើង​ត្រូវ​ស្វែងយល់ អំពី​ស្ថានភាព​ទូទៅ វិសាលភាព នៃ​ផលប៉ះពាល់ នៃ​ជំងឺ​កូ​វីដ ១៩ នេះ ដែល​យើង​ដឹង​ហើយ​ថា ឆ្នាំ​២០២០ គឺជា​ឆ្នាំ​ដែល​កម្ពុជា បាន​ត្រៀម​ប​ញ្ចូ​ន​កីឡាករ កីឡាការិនី ជម្រើសជាតិ ចេញទៅ​ហ្វឹកហាត់ នៅក្រៅ​ប្រទេស និង​ក្រុម​អត្ត​ព​លិ​ក មួយចំនួនទៀត ហ្វឹកហាត់​នៅក្នុង​ស្រុក ដោយ​អញ្ជើញ​គ្រូ​ជំនាញ​បរទេស មកជួយ​បង្ហាត់បង្រៀន ដោយផ្ទាល់ ដើម្បី​ផ្គុំ​ចូលគ្នា​បង្កើត​ព្រឹត្តិការណ៍​នៃ​ការជំរុញ​យុទ្ធនាការ​ហ្វឹកហាត់​ជំនាញ​កីឡា​កម្រិត​ខ្ពស់​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង យើង​រង​ផលប៉ះពាល់ ដោយ​មិន​ត្រឹមតែ​កម្ពុជា​ទេ គឺ​ប៉ះពាល់​ដល់ ការហ្វឹកហាត់​ត្រៀម របស់​បណ្តា​ប្រទេស​អាស៊ាន ដែល​គ្រោង​នឹងចូលរួម​ប្រជែង មេដាយ​នៅ​កម្ពុជា នាពេលនោះ ក៏​ទទួលរង​ផលប៉ះពាល់ វិបត្តិ​ជំងឺ​នេះ​ដូចគ្នា រហូតដល់​ប្រទេស​ខ្លះ បានដាក់​ប្រទេស​ខ្លួន ក្នុង​ភាពអាសន្ន ដោយ​បិទ​ការហ្វឹកហាត់ ការប្រកួត​ទាំងអស់​។​

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ក្នុងស្ថានភាព​នេះ គឺ​កីឡាករ កីឡាការិនី ជម្រើសជាតិ​ទាំងអស់ ត្រូវបាន​ឈប់សម្រាក ប៉ុន្តែ​គឺជា​ការ​សម្រាក​សកម្ម ដែល​នៅមាន​ការហ្វឹកហាត់ នៅតាម​ផ្ទះ ដែល​គោលដៅ​ស៊ី​ហ្គេម ២០២៣ ត្រូវតែ​ធ្វើ ហើយ​ត្រូវ​ឈរ​នៅលើ​ស្មារតី ធ្វើ​ដោយ​ការទទួលខុសត្រូវ និង​ធ្វើ​ឲ្យ​ជោគជ័យ​។ ដូច​នៅក្នុង​មហាសន្និបាត របស់​គណៈ ក​ម្មា​ធិ​ការ​ជាតិ អូឡាំពិក​កម្ពុជា កាលពីដើមឆ្នាំ​២០២០ កន្លងទៅ លោក​បណ្ឌិត ថោង ខុន ក្នុងឋានៈ​ជា​ប្រធាន​អូឡាំពិក​ម្ពុ​ជា រួមទាំង​ស្ថាប័ន ពាក់ព័ន្ធ​នានា បាន​ប្តេជ្ញាចិត្ត​ខ្ពស់ ហើយ​ថា​យើងទាំងអស់គ្នា ត្រូវតែ​រួមគ្នា​ធ្វើ​ឲ្យ​ទទួលបាន នូវ​ភាពជោគជ័យ ហើយ​លោក​រំពឹងទុក​ថា វិបត្តិ​ជំងឺ​នេះ អាច​នឹងមិន​រាតត្បាត យូរ​ទេ ដូច្នេះ​យើង​នឹង​បន្ត​ផែនការមេ ជា​បន្តទៀត និង​សម្រុក​ឲ្យ​កាន់តែ​ខ្លាំងក្លា នៃ​ដំណើរការ​អភិវឌ្ឍ ឲ្យ​បាន​ខ្លាំង ដោយ​ផលប៉ះពាល់​នេះ បង្ក​តែ​ទៅលើ​គុណភាព​បច្ចេកទេស​ទេ ប៉ុន្តែ​ការត្រៀម​លក្ខណៈ នៅមាន​ពេល ដោយ​គណៈកម្មការ​ជំនាញ​ទាំង ១៤ នៃ CAMSOC មាន​ពេលវេលា ធ្វើ​កិច្ចការ​នេះ​បាន នៅតាម​ផ្ទះ ខណៈ​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នៃ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ នៅតែ​បន្ត​ដំណើរការ សាងសង់ យ៉ាងសកម្ម​ដដែល មិនមាន​ការឈប់​សម្រាក​នោះទេ ដោយ​ហាមប្រាម មិន​ឲ្យ​អ្នក​ក្រៅ​ចេញចូល​បាន ពោលគឺ​មានតែ​កម្មករ​ជំនាញ នៅក្នុង​នោះ ប៉ុណ្ណោះ​។ ចំពោះ​ផែនការ​សាងសង់ ភូមិ​កីឡា ក៏​កំពុងតែ​ដំណើរការ ផងដែរ​។​

​លោក​បាន​បញ្ជាក់ថាៈ «​យើង​ឃើញថា ក្នុងស្ថានភាព​វិបត្តិ​ជំ​ងៗ​នេះ គឺ​នៅមាន​ចំណុច​មួយចំនួន នៅតែ​ល្អ​ដែរ មិន​ប៉ះពាល់ ទាំងអស់​នោះទេ ហើយ​មាន​ចំណុច មួយចំនួនទៀត ដែល​យើង​កំពុង​ប្រែក្លាយ ឲ្យ​ទៅជា​ការរៀបចំ​ខ្លួន ឲ្យ​បាន​រឹងមាំ​ជាង​មុន ល្អ​ជាង​មុន ដោយ​យើង​ត្រូវ​ចាប់ផ្តើម ចេញដំណើរ ដោយ​ភាពស្វាហាប់​» ៕ v

លោក ថោង ខុន​