​កាំកុងត្រូល​ខេត្តស្វាយរៀង ចុះ​ដកហូត​អាល់កុល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​

143
ចែករម្លែក

​វ៉ៃ​កូ​/​ខេត្តស្វាយរៀង​៖​មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២០​នេះ​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​អាជ្ញាធរ​ក្រុង​ស្វាយរៀង​ចុះ​ណែ​នាំឱ្យ​បងប្អូន​អាជីវករ​លក់ដូរ​នៅក្នុង​ក្រុង​ស្វាយរៀង​កុំ​ឆ្លៀតឱកាស​លក់​ដំឡើងថ្លៃ​ឬ​លក់​ផលិតផល​ក្លែងក្លាយ​ដែល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល និង​ចូល​រួមគ្នា ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ ទាំងអស់គ្នា​។​

​លោក​ផឹង​និល​ប្រធាន​សាខា​កាំកុងត្រូល​ស្វាយរៀង​បានឱ្យដឹងថា​មន្ត្រី​កាំកុងត្រូល​និង​អាជ្ញាធរ​ក្រុង​ស្វាយរៀង បាន​ចុះ​ពិនិត្យ​ការតាំង​លក់​អាល់កុល ជែ​ល​លាងដៃ និង ម៉ាស់​របស់​ក្រុមអាជីវករ​លក់ដូរ នៅ​ជុំវិញ​ផ្សា​វាល​យន្ត​ក្រុង​ស្វាយរៀង​។​ការចុះ​ត្រួតពិនិត្យ​នេះ​បាន​ដកហូត​បាន​អាកុល​ដែល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​មិនមាន​ច្បាប់​អនុញ្ញាត​ចំនួន​៧​ដប​ធំ​និង​១១​ដប​តូច​និង​បានធ្វើ​ការណែនាំ​ដល់​អាជីវករ​លក់ដូរ ត្រូវ​ប​ញ្ឍ​ប់​ការតាំង​លក់​អាកុល​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​បន្តទៀត​។​

​លោក​ផឹង​នឹ​ល​បានឱ្យដឹង​ទៀតថា​ក្រសួងពាណិជ្ជកម្ម​ក៏បាន​ព្រមាន​ថា​ក្នុងករណី​ដែល​នៅតែ​ពិនិត្យឃើញថា​អាជីវករ​ពាណិជ្ជករ​ក្រុមហ៊ុន​-​សហគ្រាស​និង​បុគ្គល​ដែល​ធ្វើ​អាជីវកម្ម​និង​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅតែ​ឆ្លៀតឱកាស​ដំឡើង​ថ្លៃទំនិញ​ក្នុងកំឡុងពេល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​ជំងឺ​រាតត្បាត ជាស​កល​កូ​វីដ​-១៩​នេះ​ក្រសួងពាណិជ្ជកម្ម​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​លោក សរ សុ​ដា​នី អភិបាលរងក្រុង​ស្វាយរៀង បាន​ថ្លែងថា យើងទាំងអស់គ្នា​បានដឹង​ច្បាស់​ហើយ​ថា ពេលនេះ​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅលើ​សកលលោក​នេះ​កំពុងតែ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ​ដែលជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​បានធ្វើ​ឱ្យមាន​អ្នកស្លាប់​និង​ឆ្លង​រាប់ម៉ឺន​នាក់​។​ដូច្នេះហើយ​សូម​សំណូមពរ​ដល់​ក្រុមអាជីវករ​ដែល​ធ្វើ​អាជីវកម្ម​និង​ផ្តល់​សេវា​ទាំងអស់​មេត្តា​លក់​ផលិតផល​សម្ភារ​ឧ​បរ​ណ៍​សម្រាប់​ការពារ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​។​

​ដូចជា​ម៉ាស​ទឹកសាប៊ូ​លាង​ដែ​អាល់កុល​សម្លាប់​មេរោគ​និង​ឧបករណ៍​វាស់​កំដៅ​ជាដើម​ក្នុងតម្លៃ​សមរម្យ​ដែល​អាច​ទទួលយកបាន​និង​ហាម​ជាដាច់ខាត​ការឃោសនា​អកុសល​ដើម្បី​ដំឡើងថ្លៃ​ផលិតផល​ថ្លៃ​ហួសហេតុ​៕​S/