​កូរ៉េខាងជើង​ បាញ់​កាំជ្រួច​ចម្ងាយ​ខ្លី​

1201
ចែករម្លែក

កូរ៉េ​ខាងជើង​បាន​បាញ់​«​កាំជ្រួច​ចម្ងាយ​ខ្លី​»​មួយ​ឆ្ពោះ​ទៅកាន់​សមុទ្រ​ខាងកើត នៅ​ថ្ងៃ​សៅរ៍​ ទី​៤​ឧសភា ជា​ទង្វើ​មួយ​ដែល​ទំនងជា​នឹង​បង្ក​ភាព​តានតឹង ​ខណៈ​កិច្ចពិភាក្សា​​អំពី​ការរំសាយ​នុយក្លេអ៊ែរ​ជាមួយ​អាម៉េរិក​នៅតែ​ជាប់គាំង​។​

​នាយសេនាធិការ​ចម្រុះរបស់​កូរ៉េ​ខាងត្បូង បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​បាញ់​កាំជ្រួច​មួយ​ចេញ​ពី​ទីប្រជុំជន​វ៉ុន​សាន​ នៅ​ឆ្នេរ​ខាងកើត​ នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក​​ថ្ងៃ​៤​ឧសភា​។​

​កាលពី​ពាក់កណ្តាល​ខែ​មេសា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ចូលរួម​ទស្សនា​ការសាកល្បង​អ្វី​ដែល​ប្រទេស​របស់​លោក​ហៅថា «​សព្វាវុធ​កល​យុទ្ធ​បញ្ជា​នាំ​ផ្លូវ​»​ប្រភេទ​​ថ្មី​។​ការសាកល្បង​នោះ​និង​ការបាញ់​កាំជ្រួច​នៅថ្ងៃ​សៅរ៍ បង្ហាញ​ថា​លោក​គីម​មានបំណង​បង្ក​ភាព​តានតឹង​ក្នុង​បំណង​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ពី​អាម៉េរិក​។​

​សូម​រំលឹក​ថា កាលពី​ខែ​កុម្ភៈ ​លោក​គីម បាន​ជួបប្រជុំ​ជាមួយ​ប្រធានាធិបតី​អាម៉េរិក​លើក​ទី​២ ដោយ​រំពឹងថា​នឹង​ទទួល​បាន​ការ​សម្រាល​ទណ្ឌកម្ម​ខ្លះ​ជា​ថ្នូរ​នឹង​ការ​បំផ្លាញចោល​​ទីតាំង​នុយក្លេអ៊ែរ​ខ្លះ​របស់​ប្រទេស​លោក​។​តែ​ជំនួប​នោះ បាន​បរាជ័យ​ក្រោយពី​លោក​ត្រាំ​មិន​ព្រម​ដក​ទណ្ឌកម្ម​ខ្លះ ដរាបណា​កូរ៉េខាងជើង​មិន​បោះបង់​ចោល​សព្វាវុធ​នុយក្លេអ៊ែ​រ​​របស់​ខ្លួន​ទាំង​ស្រុង​ទេ​។​

​ចាប់តាំងពី​ពេលនោះ​មក កូរ៉េ​ខាងជើង​បាន​ប្តេជ្ញា​មិន​ឱនក្បាល​ចំពោះ​សម្ពាធ​អន្តរជាតិ ទោះ​ជា​ប្រជាជន​របស់​ខ្លួន​ត្រូវរ​ស់​ដោយ​ពឹង​តែ​លើ​«​ទឹក​និង​ខ្យល់​»​ក្តី ហើយ​លោក​គីម ទុក​​ឱកាស​ឲ្យ​អាម៉េរិក​ដល់​ចុង​ឆ្នាំ​ដើម្បី​បង្ហាញ​ការបត់បែន បើ​មិន​ដូច្នេះ​ទេ​ប្រទេស​របស់​លោក​នឹង​ស្វះស្វែង​រក​ជម្រើស​ផ្សេង​។​

​កូរ៉េ​ខាងជើង​បាន​និយាយ​ច្រំ​ដែលថា ខ្លួន​នឹង​ស្វែងរក​«​វិធី​ថ្មី​មួយ​»​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ជាតិ​ខ្លួន បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​បន្ធូរ​ទណ្ឌកម្ម​ទេ​។​ពួក​អ្នកវិភាគ​​ប៉ាន់​ស្មានថា កូរ៉េខាងជើង​អាច​បន្ត​ការសាកល្បង​សព្វាវុធ​៕​ដោយ​៖​វាសនា/Ha

របាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បាននិយាយថាកូរ៉េខាងជើងបាញ់កាំជ្រួចឆ្ពោះទៅខាងកើតពីទីប្រជុំជន វ៉ុនសានកាលពីព្រឹកថ្ងៃសៅរ៍