​ក្រសួងបរិស្ថាន​បើក​«​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ឆ្នាំ​២០២០»

393
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រសួងបរិស្ថាន​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២១៩​បាន​បើក​«​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ឆ្នាំ​២០២០»​នៅ​រាជធានី​ភ្នំពេញ​។​ក្រោម​អធិបតីភាព​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​និង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​។

​លោក​ផៃ​ប៊ុន​ឈឿន​រដ្ឋលេខាធិការ​ប្រចាំការ​បានបញ្ជាក់​ឱ្យដឹងថា​នេះ​គឺជា​វេទិកា​ដ៏​វិសេសវិសាល​មួយ​សម្រាប់​យើងទាំងអស់គ្នា​ពិនិត្យ​និង​វាយតម្លៃ​លើ​សមិទ្ធផល​នានា​ដែល​សម្រេចបាន​នាពេល​កន្លងមក​។​ចូលរួម​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​និង​ចែករំលែក​បទពិសោធន៍​ល្អ​ដើម្បី​រិះរក​ដំណោះស្រាយ​សមស្រប​ចំពោះ​បញ្ហា​ប្រឈម​នានា​។​

​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​សម្រាប់​ការអនុវត្ត​បន្ត​សំដៅ​លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន​ការគ្រប់គ្រង​ធនធានធម្មជាតិ​ការអភិរក្ស​ជីវៈចម្រុះ​និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ក្នុង​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា​គ្រប់រូប និង​គ្រប់​ជំនាន់​។​

​ក្នុងឱកាស​នោះ​ល​រដ្ឋមន្ត្រី​សាយ​សំ​អាល់​មានប្រសាសន៍ថា​តាមរយៈ​សន្និបាត​នេះ​យើងទាំងអស់គ្នា​នឹងមាន​ឱកាស​ពេញលេញ​ក្នុងការ​ចូលរួម​ចែករំលែក​ចំណេះដឹង​និង​បទពិសោធ​ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​បរិស្ថាន​ការគ្រប់គ្រង​ធនធានធម្មជាតិ​ការអភិរក្ស​ជីវៈចម្រុះ​។​ការអភិវឌ្ឍ​ដោយ​ចីរភាព​ដែលជា​កិច្ចការ​ចម្បង​របស់​យើងទាំងអស់គ្នា​ក្នុងការ​ចូលរួម​និង​រិះរក​ដំណោះស្រាយ​សមស្រប​ចំពោះ​បញ្ហា​នានា​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​លើកទឹកចិត្ត​ឱ្យ​អង្គសន្និបាត​ទាំងមូល​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​កំណត់​បញ្ហា​អាទិភាព​និង​វិធានការ​ដោះស្រាយ​ឱ្យបាន​ផុសផុល​និង​ស៊ីជម្រៅ​ក្នុង​លក្ខណៈ​ស្ថាបនា​ជុំវិញ​ប្រធានបទ​នានា​ដែល​បានរៀបចំ​ជូន​ដើម្បីឱ្យ​អនុសាសន៍​និង​ទិសដៅ​ការងារ​ដែល​ដាក់ចេញ​ឆ្លើយតប​នឹង​លក្ខខណ្ឌ​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា​ផង​និង​កាតព្វកិច្ច​របស់​កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ​នានា​ដែល​ពាក់ព័ន្ធ​ផង​។​

​សូមបញ្ជាក់ថា​«​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០» របស់​ក្រសួងបរិស្ថាន ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​ដោយមាន​បទ​បង្ហាញ​កិច្ចពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ជាច្រើន​លម្អិត​អំពី​បញ្ហា​ប្រឈម​មេរៀន​បទពិសោធន៍​សំណូមពរ​និង​អនុសាសន៍​ផ្សេងៗ​របស់​អគ្គនាយកដ្ឋាន​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​អង្គភាព​ក្រោម​ឱវាទ​ក្រសួងបរិស្ថាន​៕S/​