​ក្រសួង​នឹង​បន្ត​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ​ទាំង​៤

85
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់ថា​សមត្ថកិច្ច​ក្រសួងបរិស្ថាន​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​បន្ត​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​ជនល្មើស​ដែល​បាន​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ទាំង​៤​។​

​ក្នុងនោះ​រួមមាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា​,​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​,​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​,​និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​,​នៅក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​ដែល​កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​នៃ​ការទន្ទ្រាន​កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងថា នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ ២០២០ នេះ​ថា​ក្នុង ខែមេសា​កន្លងទៅនេះ មេខ្លោង និង​ជនល្មើស​ចំនួន ១៣ នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ជាច្រើន​ហិកតា​។​នៅក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ​ក្នុងស្រុក​កោះ​ញែក​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​និង​ដែន​ជម្រក​សត្វ​ព្រ​កែវ​សីមា​។​

ត្រូវបាន​សាលាដំបូង​ខេត្តមណ្ឌលគិរី​សម្រេច​ចោទប្រកាន់​និង​ឃុំខ្លួន​ពាក់ព័ន្ធ​ករណី​កាប់​គាស់​រុករាន​ឆ្ការ​ដុត​និង​ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ក្នុង​តំបន់ការពារធម្មជាតិ​ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។​រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា​៖ «​គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ទិញ​ឬ​លក់ដូរ​ដីធ្លី​នៅក្នុង​តំបន់ការពារធម្មជាតិ​បានឡើយ​»​។​ក្រសួងបរិស្ថាន ក៏​សូម​ស្នើសុំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិនបាន​យល់ដឹង​ច្បាស់​ពី​ច្បាប់ សូម​ឈប់​ចាញ់បោក​ជនខិលខូច​ប​ន្ត​ទៀត​។

​សូម​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ខុសច្បាប់​ជាអាទិ៍ ការ​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន​ទន្ទ្រាន​ដីព្រៃ​ការសាងសង់​ខ្ទម​ឬ​រោង​ការដាំដុះ​ដំណាំ និង​ការ​អាស្រ័យ​លើ​លើដី​របស់​រដ្ឋ​នៅក្នុង តំបន់ការពារធម្មជាតិ​។

​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការទិញ​លក់​ដី​រដ្ឋ​និង​ការបញ្ជាក់​ការទិញ​លក់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ​ហើយ​ត្រូវ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ដោយ​ខ្លួនឯង​និង​ប្រគល់​ទីតាំង​ដី​ទាំងនោះ​ដោយ​ឥត​លក្ខខណ្ឌ​មក​ជូន​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ​បើ​ពុំ​នោះទេ​នឹងត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ​ក៏បាន​ថ្លែង​បញ្ជាក់ថា​«​ក្រសួងបរិស្ថាន​សូម​បដិសេធ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដី​ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ​ដូចជា ការទន្ទ្រាន​កាន់កាប់ ការផ្ទេរ ការទិញ​លក់​ដី​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ​»​។

​លោក​នេត្រ​ភក្ត្រា​បានឱ្យដឹងថា​នៅក្នុង​ចំណោម​ជនល្មើស​ទាំង​១៣​នាក់​ដែល​ត្រូវបាន​អនុវត្ត​វិធានការ​ច្បាប់​នៅក្នុង​ខេត្តមណ្ឌលគិរី​ក្នុងអំឡុង​ខែមេសា​កន្លងទៅនេះ​រួមមាន​៖​បុរស​៣​នាក់​ត្រូវបាន​សាលាដំបូង​សម្រេច​ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​ករណី​កាប់​គាស់​និង​ឈូសឆាយ​ដីព្រៃ​។​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ក្នុង​ទំហំ​ជាង​៣៤​ហិកតា​តាម​បញ្ញត្តិ​មាត្រា​៦២​និង​មាត្រា​៥៦​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤​នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។​

​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​កាប់​គាស់​និង​ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅត្រង់ចំណុច​ត្រពាំង​ទឹកល្អក់​ឋិត​ក្នុងភូមិរ​វ៉ា​ក់​ឃុំរ​យ៉​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​។​មន្ត្រី​ជំនាញ​បរិស្ថាន​បាន​ត្រួតពិនិត្យ​កន្លែងកើតហេតុ​ឃើញថា​មានការ​កាប់​គាស់​រុករាន​និង​ឈូសឆាយ​ដីព្រៃ​ហើយ​បាន​វាស់វែង​ជាក់ស្ដែង​លើ​ផ្ទៃដី​មាន​ទំហំ​ជិត ៧៨ ហិកតា​។

​មនុស្ស​៣​នាក់​ផ្សេងទៀត​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ពីបទ​កាប់បំផ្លាញ​រុក្ខជាតិ​ក្នុង​តំបន់​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ឡើងវិញ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​តាម​បញ្ញត្តិ​មាត្រា​៦០​និង​មាត្រា​៥៦​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​២ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​បន្ត​ឱ្យដឹងទៀតថា​កាលពី​ថ្ងៃទី​២៥​ខែមេសា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ក៏បាន​សម្រេច​ឃុំខ្លួន​បុរស​៣​នាក់​ដាក់ពន្ធនាគារ​ណ្ដោះ​អាសន្ន​ពាក់ព័ន្ធ​ករណី​កាប់​គាស់​និង​រុករាន​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ តាម​បញ្ញត្តិ​មាត្រា​៦២ និង​មាត្រា​៥៦ បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។

​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​តាមដាន​និង​ស្រាវជ្រាវ​សកម្មភាព​កាប់​គាស់​និង​រុករាន​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​ន​កម្មសិទ្ធិ​នៅ​ចំណុច​អូរ​ជី​មី​ស្ថិត​ក្នុងភូមិ​ចុង​ផាង​ឃុំ​ពូ​ជ្រៃ​ស្រុក​ពេ​ជ្រា​ដា​ខេត្តមណ្ឌលគិរី​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ហើយ​ឈានដល់​ការចាប់​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ​៕S/​