​ក្រុមប្រឹក្សា​ខេត្ត​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​១

859
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​ខេត្ត សៀមរាប បាន​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់ខ្លួន អាណត្តិ​ទី​២ ឆ្នាំ​២០១៨ នៅ​គោលដៅ​ទី​១ សម្រាប់​ស្រុក​ក្រឡាញ់ ស្រុក​ពួក និង​ស្រុក​ស្រីស្នំ​។​វេទិកា​ផ្សព្វផ្សាយ ក្រោម​អធិបតីភាព​លោក អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប ។

​មានប្រសាសន៍​បើក​វេទិកា​នេះ​លោក​អ៊ឹង​ហឿន​បាន​បញ្ជាក់ថា​ស្ថិតក្នុង​បរិបទ​នៃ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​ព្រឹត្តិការណ៍​នា​ថ្ងៃនេះ​ជា​កាលានុវត្តភាព​ដ៏​ប្រពៃ​ដែល​រដ្ឋបាល​ខេត្តសៀមរាប​បានរៀបចំ​ឲ្យ​មាន​ជា​វេទិកា​នេះ​ឡើង​ដើម្បី​ផ្ដល់ឱកាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​អ្នកពាក់ព័ន្ធ​ទាំងអស់​បាន​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​នៃ​ការអភិវឌ្ឍ​ខេត្ត​ក្រុង​ស្រុក​ឃុំ​សង្កាត់​ព្រមទាំង​បញ្ហា​ប្រឈម​នានា​ដែល​កើតមានឡើង​កន្លងមក​។​

​លោក​បាន​បន្តថា ពិសេស​វេទិកា​នេះ នឹង​ផ្ដល់នូវ​ឱកាស​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន បានលើកឡើង​ពី​បញ្ហា​ប្រឈម​ក្ដីកង្វល់​សំណូមពរ​នានា​ដើម្បី​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិនិត្យ​ដោះស្រាយ និង ឆ្លើយតប​ចំពោះ​តម្រូវ​ការដែល​បានលើកឡើង ។​

លោក​បាន​បញ្ជាក់ទៀតថា វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នេះ គឺជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់ សម្រាប់​ការលើកកម្ពស់​គណនេយ្យ​ភាព​តម្លាភាព​ការឆ្លើយតប​និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំង​បុរស​ស្ត្រី​យុវវ័យ​និង​ជន​ងាយ​រងគ្រោះ​។​ក្នុង​កិច្ចដំណើរការ​អភិបាលកិច្ច​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដូច្នេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា វាគ្មិន នឹងធ្វើ​ការបកស្រាយ​បំភ្លឺ​នូវ​សំណួរ សំណូមពរ ដែល​ប្រជាពលរដ្ឋ​បានលើកឡើង បាន​សមស្រប​តាម​គោលបំណង​នៃ​សាមី​សំណួរ សំណូមពរ​ចង់បាន ៕S/

​ក្រុមប្រឹក្សា​ខេត្ត​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​១