​ខេត្តសៀមរាប​បង្ហាញថា រដូវប្រាំង​នេះ​ភ្លើង​ឆេះ​ព្រៃ​អស់​ចំនួន​ជាង​៧០០​ហិកតា​

872
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ រដូវប្រាំង​ឆ្នាំនេះ ព្រៃឈើ​ប្រមាណ​ជាង​៧០០​ហិកតា ក្នុង​ខេត្តសៀមរាប ត្រូវបាន​ភ្លើងព្រៃ​ឆាបឆេះ ។​នេះ​គឺជា​ការលើកឡើង ក្នុង​កិច្ចប្រជុំ​ស្ដីពី វិធានការ​ការពារ និង​ទប់ស្កាត់​បញ្ហា​ភ្លើង​ឆេះ​ព្រៃ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ​២០១៩ ដោយ​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​។​

​លោក​ទា​គឹម​សុទ្ធ​បានឱ្យដឹង​ទៀតថា​រដូវ​ប្រាំង​ឆ្នាំនេះ​ព្រៃឈើ​ប្រមាណ​៧៥០​ហិកតា​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ត្រូវបាន​ភ្លើងព្រៃ​ឆាបឆេះ ហើយ​កត្តា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់ មាន​ជាអាទិ៍ៈ​ការកាប់​ឆ្ការ​ដុត​រាន​ព្រៃ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ​។​ការធ្វើ​កសិកម្ម​ពនេចរ​ការតាំង​ទីលំនៅ​ដ្ឋា​ន​ថ្មី​ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វ​ការ​បន្សល់​ដើម្បី​ភ្លើង​នៅក្នុង​ព្រៃ​តាមរយៈ​ការធ្វេសប្រហែស​របស់​ម​នុស្ស​។​ល​។​

​លោក​បាន​បន្តថា​អាជ្ញាធរ​និង​កម្លាំងប្រដាប់អាវុធ​កំពុងមាន​វិធានការណ៍​ចាប់​ជនខិលខូច​មួយចំនួន​ដែល​កាប់​ទន្ទ្រាន​ដុត​និង​រុករាន​ដីព្រៃ​យក​ធ្វើជា​កម្មសិទ្ធិឯកជន​ដោយ​ចេតនា​អាច​ប្រឈម​មានទោស​ជាប់ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ​។​លោក​បន្ថែមទៀតថា​ស្រុក​ដែលមាន​ភ្លើង​ឆេះ​ព្រៃ​ច្រើនជាងគេ​ក្នុងឆ្នាំនេះ​គឺ​ស្រុក​ពួក និង​ស្រុក​ក្រឡាញ់​។​

​លោក​ង៉ាន់​ភិ​រុណ​អភិបាលរង​ខេត្តសៀមរាប​ក៏បាន​ជំ​រុញឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​និង​កម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប​ប្រើប្រាស់​វិធានការ​ទប់ស្កាត់​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ឲ្យ​បាន​ទាន់ពេលវេលា​នឹងមាន​វិធានការ​ច្បាស់លាស់ ចាប់​ជន​ដែល​ប្រព្រឹត្តល្មើស​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។​

លោក​អភិបាលរង​ខេត្ត បាន​បន្ត​ជំរុញ​ឱ្យ​អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំងអស់​ក្នុង​ខេត្តសៀមរាប​សហការ​ណ៍​ជាមួយ​មន្ទីរ​កសិកម្ម​និង​មន្ទីរ​បរិស្ថាន​ដាំ​ដើមឈើ​ជំនួស​មកវិញ​នៅ​កន្លែង​ដែល​ភ្លើងព្រៃ​បាន​ឆាបឆេះ​នាពេល​ថ្មីៗ​នេះ ឬ​ពីមុនមក និង​បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ច្រើន​ពី​ច្បាប់​ព្រៃឈើ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បានដឹង និង​ចូលរួម​ការពារ ទប់ស្កាត់​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​។​

​លោក​បាន​ឱ្យដឹងទៀតថា​រដ្ឋបាលខេត្ត​សៀមរាប​និង​បង្កើត​គណៈកម្មការ​រួម​ទាំង​ក្រុម​មេធាវី​ដោះស្រាយ​បញ្ហា​បណ្តឹង​និង​ជាដើម​បណ្តឹង​ប្តឹងទៅ​ជន​ប្រព្រឹត្តល្មើស​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​នាពេលខាងមុខ​ហើយក៏​មិន​អត់ឱន​ចំពោះ​មន្ត្រី​ខិលខូច​ផ្សំគំនិត​ជាមួយ​ជនល្មើស​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ផងដែរ ៕S/


​រូបភាពៈ ខេត្តសៀមរាប​បង្ហាញថា រដូវប្រាំង​នេះ​ភ្លើង​ឆេះ​ព្រៃ​អស់​ចំនួន​ជាង​៧០០​ហិកតា​៕​បាយ័ន​