​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​លើក​ស្លាក​គណបក្ស​នៅ​ខេត្តកំពង់ចាម​-​ត្បូងឃ្មុំ​

146
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​លើក​ស្លាក​គណបក្ស​នៅ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​ក្រោម​អធិបតីភាព​លោក​ជីវ​កក្តា​ប្រធាន​គណបក្ស​បណ្តោះអាសន្ន និង​ជា​អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​កង​គឹម​ហាក់​អនុប្រធាន​គណបក្ស​បណ្តោះអាសន្ន​និង​អតីត​តំណាងរាស្ត្រ​លោក​ខឺ​យ​ស៊ី​នឿន​អនុប្រធាន​គណបក្ស​បណ្តោះអាសន្ន​និង​លោក​សៀវ​វិសុទ្ធ​ប្រធាន​អគ្គនាយកដ្ឋាន​ហេរញ្ញិក​ព្រមទាំង​សមាសភាព​ថ្នាក់ដឹកនាំ​ខេត្ត​ស្រុក​,​ក្រុង​,​និង​ឃុំ​,​សង្កាត់​ដែល​ភាគច្រើន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អញ្ជើញ​ចូលរួម​។


​បន្ទាប់ពី​កម្មវិធី​លើក​ស្លាក​ស្នាក់ការ​គណបក្ស​ខេត្ត​ទាំងពីរ​រួច​មាន​កម្មវិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ស្រុក​,​ក្រុង​,​ឃុំ​,​សង្កាត់​ដែលជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​ក្នុងនោះ​តំណាង​សហ​ស្ថាបនិក​ម្នាក់​បាន​ឡើង​មាន​ចំណាប់អារម្មណ៍​ដោយ​សង្ខេប​ប្រកបដោយ​សេចក្តី​នឹករលឹក​ស្រឡាញ់​និង​លើកទឹកចិត្ត​ដល់​ពួកគាត់​ក្នុងការ​ចូលរួម​ជាមួយ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​។​

​លោក​ខឺ​យ​ស៊ី​នឿន​ជា​អនុប្រធាន​គណបក្ស​បណ្តោះអាសន្ន​នៃ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បាន​ថ្លែងប្រាប់​ជូន​ថ្នាក់​ដឹក​នា​ខេត្ត ស្រុក​/​ក្រុង ឃុំ​/​សង្កាត់​ជា​អតីត​ថ្នាក់ដឹកនាំ​មូលដ្ឋាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ជា​គណបក្ស​បន្ត​ស្មារតី​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​បង្កើត​ដោយ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ចាប់តាំងពី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បានទទួល​ស្គាល់​ការចុះបញ្ជី​គណបក្សនយោបាយ​ជា​ផ្លូវការ​នា​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​រួចមក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បានធ្វើ​សកម្មភាព​នយោបាយ​ដោយ​រស់​រវើក​ជា​លទ្ធផល​គណបក្ស​ខេត្ត​ចំនួន​៥​ត្រូវបាន​លើក​រួចរាល់​។​ក្នុងនោះ​រួមមាន​ខេត្តបាត់ដំបង​,​ខេត្តពោធិ៍សាត់​,​ខេត្តបន្ទាយមានជ័យ​,​ខេត្តកំពង់ចាម​,​និង​ខេត្ត​ត្បូងឃ្មុំ ។

​លោក​បាន​បន្ត​លើកទឹកចិត្ត និង​ជូនពរ​ចំពោះ​គណៈអធិបតី និង សមាជិក សមាជិកា ដែល​បាន​ចូលរួម​។​
​នៅក្នុង​ឱកាស​នេះ​លោក​កង​គឹម​ហាក់​អនុប្រធាន​គណបក្ស​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​។​លោក​បាន​បញ្ជាក់ថា​ការបង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​គឺ​ការបង្កើត​ទីតាំង​នយោបាយ​ស្របតាម​ច្បាប់​ក្នុងស្រុក​សម្រាប់ធ្វើ​នយោបាយ​បន្ត​ស្មារតី​សង្គ្រោះ​ជាតិ​។​បានរៀបចំ​ផែន​ការបន្ត​បេសកកម្ម ក្នុងនោះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នឹង​បន្ត​លើក​ស្លាក​ស្នាក់​គណបក្ស​ខេត្តសៀមរាប និង​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០​នឹង​លើក​ស្លាក​ស្នាក់ការ​គណបក្ស​ខេត្តកំពង់ធំ​។​

​លោក​ជីវ​កក្តា​ប្រធាន​គណបក្ស​បាន​សំណេះសំណាល​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ស្រុក​,​ក្រុង​,​ឃុំ​,​សង្កាត់​ឱ្យខិត​ខំ​បំពេញការងារ​តាម​តួនាទី​ភារកិច្ច​ការងារ​ក្នុង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​សិទ្ធិសេរីភាព​និង​យុត្តិធម៌​សង្គម​។​លោក​បាន​បានបញ្ជាក់​នៅ​ជំហរ​ទៅ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​អត់ធ្មត់​ព្យាយាម​តស៊ូ​បំពេញការងារ​ដោយ​យកចិត្តទុកដាក់​ក្នុងការ​រៀបចំ​បំពេញ​កិច្ច​តាម​ផែនការ​៕S/

​រូបថត​សកម្មភាព​លើក​ស្លាក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ នៅ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​