​គម្រោង​ធ្វើជា​ម្ចាស់ផ្ទះ ប្រកួត​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ ជើងឯក​អាស៊ីអាគ្នេយ៍ នៅ​ស្រពិចស្រពិល​

154
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​/
​ភ្នំពេញ​៖
គម្រោង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា តេ​ក្វាន់​ដូ​ស្ទីល I.T F (International Taekwondo Federation) ដែលជា​ស្ទីល​របស់ ប្រទេស​កូរ៉េខាងជើង​នោះ ពេលនេះ ស្ថិតក្នុង​ស្ថានភាព ស្រពិចស្រពិល នៅឡើយ​ទេ ។​

​ការ​រាតត្បាត នៃ​មេរោគ​ផ្លូវដង្ហើម ប្រភេទ​ថ្មី (Covid-19) បានធ្វើ​ឲ្យ​សកម្មភាព​សង្គម​នានា របស់​ពិភពលោក ត្រូវបាន​លុបចោល ឬ​ពន្យារពេល ដែល​ក្នុងនោះ មាន​ទាំង​សកម្មភាព​កីឡា​ទៀតផង​។ នៅ​ខែតុលា ខាងមុខនេះ កម្ពុជា មាន​គម្រោង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា តេ​ក្វាន់​ដូ ជើងឯក អាស៊ីអាគ្នេយ៍ នៅ​កម្ពុជា ជា​លើក​ទី​២ ដែល​ការប្រកួត​លើក​ទី​២ នេះ គេ​មាន​ជំនឿ​ចិត្ត​ថា នឹងមាន​ប្រទេស ចូលរួម​លើសពី ៧ ប្រទេស ។​

កីឡា​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ កម្ពុជា​

​លោក ប៊ួ​ន ហ៊ីង​សុធី​យ៉ា ដែលជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា ខែតុលា គឺ​នៅ​រយៈពេល​យូរ គ្រាន់បើ​ដែរ ។ ប្រសិនបើ​ពេលនេះ ពិភពលោក ស្រាកស្រាន្ដ ពី​មេរោគ​កូ​វីដ ១៩ នោះ គម្រោង​នៃ​ការប្រកួត​នេះ នឹងមិន​ត្រូវបាន លុបចោល​នោះទេ ។​

​ទោះជា​យ៉ាងណា ក៏​លោក​អគ្គលេខាធិការ បាន​បញ្ជាក់ថា បន្ទាប់ពី​បុណ្យចូលឆ្នាំ​ខ្មែរ ចប់​នោះ សហព័ន្ធ នឹងធ្វើ​លិខិត​ទៅសុំ ក្រសួង​អប់រំ តែ​ការធ្វើ​លិខិត​នេះ ក៏​សហព័ន្ធ នឹង​ពិនិត្យមើល​ពី​ស្ថានភាព នៃ​ជំងឺ​ផ្លូវដង្ហើម​នេះដែរ តើ​វា​នៅតែ​ធ្ងន់ធ្ងរ ឬក៏​ធូរស្រាល ហើយ​នោះ ។ ក្នុងករណី​អ្វីៗ នៅតែ​ធ្ងន់ធ្ងរ​នោះ សហព័ន្ធ នឹង​ពន្យារពេល​សិន ចំពោះ​ការលុបចោល ការប្រកួត​សហព័ន្ធ នឹងមិន​លុបចោល​នោះទេ ។​

​សូមបញ្ជាក់ថា កម្ពុជា ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ លើក​ទី​១ បាន​ម្ដង​ហើយ​ដែល​កាលនោះ មាន​ប្រទេស​ចំនួន ៧ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ចូលរួម ។ កាលនោះ កម្ពុជា ដណ្ដើមបាន មេដាយមាស ចំនួន ៣១ គ្រឿង មេដាយប្រាក់ ចំនួន ១០ គ្រឿង និង​មេដាយសំរិទ្ធ ចំនួន ១១ គ្រឿង ៕v