​គ្រប់​វណ្ណៈ​បាន​បរិច្ចាក​ធនធាន​ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩

183
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ក្រោយពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ដោយ​ស្ម័គ្រចិត្ត​ជូន​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន​ស្មើនឹង​៧​ខែ​ទៅ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​កាលពី​ថ្ងៃទី​០១​ខែមេសា​រួចមក​នៅ​ថ្ងៃទី​២​ខែមេសា​។​គេ​បានឃើញ​មន្ត្រី​របស់​រដ្ឋាភិបាល​ជាច្រើនរូប​បានប្រកាស​ដោយ​ស្ម័គ្រចិត្ត​ជូន​ប្រាក់ខែ​របស់ខ្លួន​ទៅ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ជា​បន្តបន្ទាប់​ដោយ​ខ្លះ​មួយខែ​ខ្លះ​បី​ខ្លះ​៦​ខែ​ចាប់​គិតពី​ខែមីនា​ឆ្នាំ​២០២០​។​

​កាលពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជម្រាបជូន​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​អូន​ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​លោក​វេជ្ជបណ្ឌិត​សាស្ត្រ​ចា​រ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថា​ដោយសារ​ស្ថានភាព​នៃ​ការវិវត្តន៍​របស់​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​នៅតែ​មិនទាន់​បង្ហាញ​សញ្ញា​នៃ​ការ​ថមថយ​ណាមួយ​នោះ​ខ្ញុំ​សូម​សម្តែង​នូវ​សមាណចិត្ត​តាមរយៈ​ការ​ស័​គ្រ​ចិត្ត​ជូនទៅ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នូវ​ប្រាក់បៀវត្ស​របស់ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​ចំនួន​ស្មើនឹង​៧​ខែ​ដោយ​រាប់​ចាប់តាំងពី​ខែមីនា​រហូតដល់​ខែកញ្ញា​ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ​បាន​សរសេរ​នៅក្នុង​លិខិត​បរិច្ចាក​នោះ​ទៀតថា​សូម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចាត់ចែង​ធ្វើការ​បង្វែរ​ប្រាក់បៀវត្ស​របស់ខ្ញុំ​ដូច​បាន​ជម្រាប​ខាងលើ បញ្ចូល​ទៅក្នុង គណនី​របស់​គណៈ ក​ម្មា​ធិ​កា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​តាម​ការគួរ​។​

​ក្រោយពី​សម្តេច​តេ​ជោ​បានប្រកាស​បរិច្ចាក​ប្រាក់បៀវត្ស​ដូចខាងលើ​រួចមក​នៅ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​នេះ​គេ​ឃើញ​មាន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​រដ្ឋលេខាធិការ​និង​អភិបាលខេត្ត​នានា បានប្រកាស​ដោយ​ស្ម័គ្រចិត្ត​បរិច្ចាក​ប្រាក់បៀវត្ស​របស់ខ្លួន​ជា​បន្តបន្ទាប់​ជូនទៅ​គណៈកម្មាធិការ​ជាតិ​ទៅតាម លទ្ធភាព​ដោយ ខ្លះ​មាន​រយៈពេល​មួយខែ ខ្លះ​បី​ខែ ខ្លះ​៧ ខែ​។​

លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​ដែល​បានប្រកាស​ដោយ​ស្ម័គ្រចិត្ត​បរិច្ចាក​ប្រាក់បៀវត្ស​ជា​អភិបាលខេត្ត​របស់ខ្លួន​ជូន​គណៈកម្មាធិកា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នៅ​ថ្ងៃទី​២​ខែមេសា​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​(២​មេសា​)​ថា​ប្រាក់បៀវត្ស​ដែល​ត្រូវ​បរិច្ចាក​ចំនួន​៧​ខែ គឺ​គិតពី​ខែមីនា​ដល់​ខែកញ្ញា មាន​ចំនួន​សរុប​១៦.៣៣០.០០០​រៀល​។​ការចូលរួម​វិភាគទាន​ជា​សម្ភារៈ​ថវិកា​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​កន្លងទៅ​គេ​ឃើញ​មាន​សម្តេចម៉ែ ព្រះមហាក្សត្រ ប្រជាពលរដ្ឋ អ្នកជំនួញ​និង​ចុង ក្រោយនេះ គឺ​មន្ត្រី​របស់​រាជរដ្ឋាភិបាល​៕S/

​សម្តេច​តេ​ជោ លោក​ជា សុ​ផ​រ៉ា និង លោក​គួច ចំរើន​ដែលជា​អ្នក​បាន​បរិច្ចាក​ប្រាក់បៀវត្ស​