​គ្រាប់ស្វាយចន្ទី​នៅតែមាន​តម្លៃ​ខ្ពស់​

3614
ចែករម្លែក
  • 129
    Shares
​បណ្ឌិត​សយ សូ​ណា​ពិនិត្យ​តី​ផ្សារ​គ្រប់​ស្វាយចន្ទី​នៅក្នុង​ខេត្ត​(​កសិកម្ម​)

ដោយ​៖ ប​.​ខុន / ភ្នំពេញ​៖ ការប្រមូល​ផល​ស្វាយចន្ទី​នៅ​ខេត្តរតនគិរី ទើបបាន​៣៥​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំមុន ដោយមាន​តម្លៃ​ច្រើនជាង​៦.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ជា​តម្លៃ​មួយ​ខ្ពស់ជាង​បណ្តា​ឆ្នាំមុនៗ នៅក្នុងពេល​កំពុង​ប្រមូល​ផល​ដូចនេះ​។

​បណ្ឌិត សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តរតនគិរី បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨​ថា ការប្រមូល​ផល​ស្វាយចន្ទី​នៅ​ទូទាំង​ខេត្ត​មកដល់​ត្រឹម​ដំណាច់ខែ​នេះ (​មីនា​) ទើប​សម្រេចបាន​ប្រមាណ​ជា​៣៥​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅនឹង​បណ្តា​ឆ្នាំមុនៗ ឃើញថា​មាន​សន្ទុះ​យឺត​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ការប្រមូល​ផល​យឺត​នេះ ដោយសារ​ការចេញ​ផ្លែ​របស់​ដំណាំ​នេះ យឺត​ជាង​ឆ្នាំមុន​ដល់​ជាង​ពីរ​សប្តាហ៍ បណ្តាលមកពី​បញ្ហា​ធាតុអាកាស​។ ឯ​តម្លៃ​វិញ​បាន​ធ្លាក់​មក​នៅត្រឹម ៦.១០០​រៀល​ក្នុង​មួយ​គីឡូក្រាម មិនមែន​ថ្លៃ​ជាង​៧.២០០​រៀល​ដូច​ពេល​ប្រមូល​ផល​ដំបូង​នោះទេ​។ ស្វាយ​នៅ​ខេត្តរតនគិរី មិនសូវ​បាន​ផល​ខ្ពស់​ទេ​ដោយសារ​ការដាំដុះ​ដំណាំ​នេះ ប្រជាពលរដ្ឋ​មិនបាន​ប្រើប្រាស់​ថ្នាំ​ឲ្យ​កាន់​ផ្លៃ គឺ​ទុក​ឲ្យ​ផ្លែ​តាម​ធម្មជាតិ​។​

​លោក សយ សូ​ណា បាន​ឲ្យ​ដឹង​បន្ថែមថា ផ្ទៃដី​ដំណាំ​ស្វាយចន្ទី​នៅ​ខេត្តរតនគិរី ពេលនេះ​បាន​កើន​ដល់​ជាង​២៩​ពាន់​ហិកតា ដោយ​នៅក្នុង​ឆ្នាំ​២០១៦​កើន​បាន​ជាង​បី​ពាន់​ហិកតា​។ នៅក្នុង​ចំនួន​ផ្ទៃដី​២៩​ពាន់​ហិកតា​ន​នេះ មាន​ចំនួន​ប្រមាណ​ជា​១៩​ពាន់​ហិកតា​បានផ្តល់​ផល​ហើយ​។ ស្វាយចន្ទី​ដែល​ប្រជាជន​បានដាក់​ដាំ​ពេលនេះ​ជា​ពូជ​ថ្មី មាន​រយៈពេល​ពីរ​ឆ្នាំកន្លះ​ចេញ​ផ្លែ​។ ដំណាំ​ស្វាយចន្ទី​មិន​ទទួល បាន​ចំណូល​ខ្ពស់​ដូចជា​ដំណាំ​ផ្សេងទៀត​ទេ តែ​វា​ក៏​ចំណាយ​អស់​តិច​ដែរ​។ នៅក្នុង​ឆ្នាំ​២០១៨​នេះ​បើ​យោងតាម​ការបញ្ជាទិញ​កូន​នៅតាម​ថ្នាល​បណ្តុះ​ផ្ទៃដី​ស្វាយចន្ទី អាច​កើនឡើង​ចំនួន​៤.០០០​ហិកតា​ទៀត​។​

​រំលឹក​ឲ្យ​ដឹងថា​ទិន្នផល​ស្វាយចន្ទី​ដែល​ប្រមូលបាន​ក្នុង​ឆ្នាំ​២០១៥ មានការ​ថយចុះ​ប្រមាណ​ជា​៥០០​តោន បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤ ដែល​ប្រមូលបាន​សរុប ៦.៨៥០​តោន ។ នៅក្នុង​ឆ្នាំ​២០១៦ ផល​ស្វាយចន្ទី​ដែល​ប្រមូលបាន​នៅ​ខេត្តរតនគិរី មាន​ចំនួន​ប្រមាណ​ជា​៦.០០០​តោន ដោយ​ក្នុង​មួយឆ្នាំ​ជា​មធ្យម​លើ​ផ្ទៃដី​មួយ​ហិកតា ប្រមូល​ផល​បាន​២០០​គីឡូក្រាម​៕L