​ឃាត់ខ្លួន​ជាងផ្សារដែក​ដែល​វាយ​ចាងហ្វាង​កាសែត​ម្នាក់​បណ្តាលឱ្យ​រង​របួស​

389
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​ជាងផ្សារដែក​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាន​ឃាត់ខ្លួន​រួច​បញ្ជូនទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ប្រើ​អំពើហិង្សា​វាយ​ទៅលើ ចាងហ្វាង​កាសែត​ព្រះ​ច័ន្ទ​កម្ពុជា​ម្នាក់​បណ្ដាលឱ្យ​រងរបួស​។​ករណីនេះ​បានកើត​ឡើង​នៅមុខ​បរិវេណ​ក្រុមហ៊ុន​បំពង់​ទីប​ជ័រ​អង្គរ​ក្នុងភូមិ​វត្ត​បូព៌​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​យប់​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក​ណុប​សារ៉ាក់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់ថា​ជនសង្ស័យ មានឈ្មោះ សឿង ភា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​ចំណែក ជនរងគ្រោះ មានឈ្មោះ ប៉ាត សុខ ភេទ ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ចាងហ្វាង​កាសែត​ព្រះ​ច័ន្ទ​កម្ពុជា​និង​ជា​សន្តិសុខ​យាម​ផ្ទះ​ឱ្យ​ក្រុមហ៊ុន​ដើម្បី​បាន​ប្រាក់ខែ​ជួយ​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ​ផងដែរ​បច្ចុប្បន្ន​រស់​ភូមិ​វាល​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា មុនពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ សឿង ភា បាន ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ក្រហម សេរី​ឆ្នាំ​២០១៣ ស្លាក​លេខ​សៀមរាប ១K-០៩៩៦​មក​ចូលទៅ វាយតប់​ទៅលើ​ឈ្មោះ ប៉ាត សុខ ភេទ​ប្រុស មុខរបរ អ្នកកាសែត អស់​ជាច្រើន​ដៃ បណ្តាល​ឪ្យ​របួសធ្ងន់ ត្រង់ ក្បាល (​ពក​) និង ឈឺ​ត្រង់​ដើមទ្រូង​ខ្លាំង​។ ដោយសារ ឈ្មោះ សឿង ភា មានការ​ផឹកស្រា ស្រវឹង មកពីណា​ហើយ ណាមួយ​មាន​គូកន​ផង​នោះ ទើប​ឈានដល់ មាន ការ​វាយតប់​លើ​ឈ្មោះ ប៉ាត សុខ នោះ តែម្តង​។

​ក្រោយពេល​កើត ហេតុ សមត្ថកិច្ច បាន​នាំខ្លួន​ឈ្មោះ សឿង ភា យកមក​សាកសួរ នៅ​អធិការ​ក្រុង ហើយ​ជនសង្ស័យ​ក៏បាន​ឆ្លើយ​សារភាពថា​ខ្លួនគេ​ពិតជា​បាន​វាយ​ទៅលើ​ឈ្មោះ​ប៉ាត​សុខ​អ្នកកាសែត​ពិតប្រាកដ​មែន​។​ដោយ​យោងតាម​សាក្សី​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ខាងលើ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួនគេ​បានឃើញ ឈ្មោះ សឿង ភា ពិតជា​បានមក​វាយ​ទៅលើ​ឈ្មោះ ប៉ាត សុខ ចំនួន ៣​ដៃ ពិតប្រាកដ​មែន​។​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​តាម​ទៅ​ផ្លូវច្បាប់​៕S/

​រូបភាព​÷ ឃាត់ខ្លួន​ជាងផ្សារដែក​ម្នាក់​ដែល​វាយ​ចាងហ្វាង​កាសែត ព្រះ​ច័ន្ទ​កម្ពុជា បណ្តាល​៕ បាយ័ន​