​ឃាត់ខ្លួន​ប្អូនថ្លៃ​ម្នាក់​យក​ដាវ​កាប់​បងថ្លៃ​ឲ្យ​រងរបួស​

1562
ចែករម្លែក

​កំពង់ស្ពឺ​៖ ប៉ូលិស​ប៉ុស្តិ៍​ឃាត់​បាន​ខ្លូន​យុវជន​ម្នាក់​យក​ដាវ​កាប់​ទៅ​ចំ​ដើមទ្រូង​បងថ្លៃ​មួយ​ដាវ បណ្តាល​ឲ្យ​រងរបួស នៅ​ភូមិ​ជ្រលង​ស្កូវ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​។​

​ប៉ូលិស​ប៉ុស្តិ៍​រលាំងចក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ជា សុ​ជឿន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ជ្រលង​ស្កូវ ឃុំ​រលាំងចក ស្រុក​សំរោង​ទង​។ ប្អូនថ្លៃ​បង្ក​ឈ្មោះ នាង សុរិយា ហៅ វិត អាយុ​៣០​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​យក​ដាវ​កាប់​បងថ្លៃ​ប្រុស បណ្តាល​រងរបួស​ដើមទ្រូង​ខាងឆ្វេង​។

​ប្រភព​បាន​បន្តថា​ការកាប់​នេះ​ផ្តើមចេញពី​ការផឹកស៊ី​រហូតដល់​ស្រវឹង​ទាស់​ពាក្យសម្តី​គ្នា ក៏​ស្រាប់តែ​ជនសង្ស័យ​ជា​ប្អូនថ្លៃ​បាន​ចូលទៅក្នុង​ផ្ទះ​ទាញ​ដាវ​មក​កាប់​លើ​ដងខ្លួន​ជនរងគ្រោះ​មួយ​ដាវ​រួច​រត់​គេចខ្លួនបាត់​។​

​ប្រភព​បន្តថា ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រលាំងចក ទើប​ការឃាត់ខ្លួន​ជនសង្ស័យ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​ត្រង់ចំណុច​មុខ​រោងចក្រ​សា​ភី​ណា​ថ្នល់ទទឹង​។ ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​កសាង​សំណុំ រឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖ សុខ សុ​ភ័​ណ្ឌ​

បងថ្លៃ​ដែល​បាន​របួស​ដើមទ្រូង​ខាងឆ្វេង​ត្រូវ​ប្អូនថ្លៃ​កាប់​មួយ​ដាវ (​រូបថត​៖ សុ​ភ័​ណ្ឌ​)